ឯកឧត្តម ង៉ាន់ ចំរើន អញ្ជើញបើកសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ស្តីពី​ការលើកកម្ពស់ការចូលរួមរបស់​ប្រជាពលរដ្ឋ និងការដាក់ចេញដីការបស់ក្រុមប្រឹក្សា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន​ប្រតិបត្តិ​នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ​បានអញ្ជើញបើកសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ស្តីពី ការលើកកម្ពស់ការចូលរួមរបស់​ប្រជាពលរដ្ឋ និងការដាក់ចេញដីការបស់ក្រុមប្រឹក្សា ក្នុងគម្រោងសហភាពអឺរ៉ុប​សម្រាប់គាំទ្រ​ដល់​កំណែ​ទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU DAR)​ ក្នុងភោជនីយដ្ឋានទន្លេបាសាក់២។

សិក្ខាសាលានេះរៀបចំឡើងរយៈពេលពីរថ្ងៃគឺនៅថ្ងៃព្រហស្បតិ៍៥កើត និងថ្ងៃសុក្រ៦កើត​ ខែពិសាខ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០១៨ ដោយមានសមាសភាពចូលរួម​ប្រមាណ ៨០​រូប​មកពី​តំណាង​លេខាធិការដ្ឋាន​គ​.​ជ​.​អ​.​ប ​ក្រសួង​មុខងារសាធារណៈ ​រដ្ឋបាល​ខេត្តបាត់ដំបង និង​រដ្ឋបាល​ខេត្ត​​កណ្តាល ​ព្រមទាំង​តំណាង​ភាគី​ផ្តល់ជំនួយ BMZ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ តំណាង GIZ ដែលជា​ភ្នាក់ងារ​អនុវត្ត​កម្មវិធី EU-DAR ​និង​តំណាង​សហភាព​អឺរ៉ុប​ដែលជា​សហ​ភាគី​ផ្តល់​មូលនិធិ​ដល់​កម្មវិធី EU-DAR​ ​ដើម្បី​ជជែក​ពិភាក្សា​លើប្រធានបទចំនួនពីរ គឺការលើកកម្ពស់ការចូលរួម​របស់​​ប្រជាពលរដ្ឋ និងការដាក់ចេញដីការបស់ក្រុមប្រឹក្សា​​។

ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អនុ​ប្រធាន​​​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ស្វាគមន៍សិក្ខាកាមទាំងអស់​ ដោយឯកឧត្តមចាត់ទុកថា សិក្ខាសាលានេះ​ពិតជាមានសារៈសំខាន់ ពីព្រោះសិក្ខាសាលានេះបើកឱកាសដល់​រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងគម្រោង EU-DAR បានចែករំលែក ពិភាក្សា និងផ្តល់យោបល់អំពីចំណុចខ្លាំង និងចំណុចខ្សោយ​ក្នុងការអនុវត្តការងារ​នៅ​​មូលដ្ឋាន​ជាក់ស្តែង ​ដើម្បីលើកកម្ពស់ការចូលរួមរបស់​ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបានបន្តមានប្រសាសន៍ជាថ្មីថា ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​មាន​គោល​ដៅ​​​បង្ខិតការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋបាលសាធារណៈ ទៅកៀកជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមអនុរដ្ឋលេខាធិការ​បានមានប្រសាសន៍ថា៖ “បើយើងពុំមាន​ព័ត៌មាន​ច្បាស់​លាស់គ្រប់គ្រាន់ យើងមិនអាចធ្វើសេចក្តីសម្រេចដាក់ចេញនូវគោលនយោបាយ​ត្រឹមត្រូវនោះទេ”។

ឯកឧត្តមបានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យលើកកម្ពស់ការចូលរួមរបស់​ប្រជាពលរដ្ឋ ដូចយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ដោយហ៊ាន​បង្ហាញព័ត៌មាន​ដល់​ប្រជាពលរដ្ឋ តាមបែបសាមញ្ញ និងងាយយល់។ ជាចុងបញ្ចប់ ឯកឧត្តមបានជំរុញសិក្ខាកាមទាំងអស់ឱ្យជជែក ពិភាក្សា និងផ្តល់យោបល់ដោយ​បើកចំហរ ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ​ថែមទៀត។

សូមបញ្ជា​ក់ថា កម្មវិធី​EU-DAR មាន​លទ្ធផល​រំពឹងទុក​សំខាន់ៗ​ចំនួន​៤​​ រួមមាន៖​ ១) ​ផ្តោតជាសំខាន់​លើ​ការអនុវត្ត​ឧបករណ៍​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធានមនុស្ស ដែលជា​ប្រធានបទ​មួយ​ដ៏​សំខាន់​នៅក្នុង​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ដែល​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួង​មុខងារសាធារណៈ​ ២)​ ផ្តោតលើ​ការអនុវត្ត​យន្ត​ការផ្តល់​សេវាសាធារណៈ​​ ​៣) ​ផ្តោតលើ​ការអនុវត្ត​ការផ្ទេរ​មុខងារ​ជាពិសេស​ក្នុង​វិស័យ​អប់រំ​និង​សុខាភិបាល​ និង​ ​៤) ​ផ្តោតជាសំខាន់​លើ​ការអនុវត្ត​សាកល្បង​គោលនយោបាយ​នានា​ (Policy Experimentation) ចែករំលែក​បទពិសោធ​ន៍ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដូចគ្នា​សម្រាប់​យកទៅអនុវត្ត​ និង​ការចែករំលែក​បទពិសោធ​ន៍ជាមួយ​ថ្នាក់ជាតិ​ ដើម្បី​​ប្រមូល​ធាតុ​ចូល​សម្រាប់​កែសម្រួល​ និង​រៀបចំ​គោលនយោបាយ​ និង​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មីៗ​បន្ថែមទៀត​ ហើយក៏​ជា​មេរៀន​បទពិសោធ​ន៍សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពង្រីក​វិសាលភាព​អនុវត្ត​ទៅ​​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផ្សេងៗ​ទៀតផង​ដែរ​៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់