ស្វែងរក
គណនេយ្យភាពសង្គម ក្រុង ស្រុក ខណ្ឌ
សេចក្តីផ្តើម៖
គណនេយ្យភាពសង្គមគឺជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន។ ដោយយល់ឃើញពីសារៈសំខាន់នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវដល់តួអង្គអនុវត្តទាំងអស់(ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ)ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
បន្ទាប់ពីបានអនុម័តផែនការយុទ្ធសាស្រ្តរួចមក គ.ជ.អ.ប បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលបានរៀបចំជាឯកសារផែនការអនុវត្តគណនេយ្យភាពសង្គម (ផ.អ.គ.ស) ដំណាក់កាលទី១ សម្រាប់អនុវត្តរយៈពេល៣ឆ្នាំ (២០១៦-២០១៨)។
ផ.អ.គ.ស ដំណាក់កាលទី១ (២០១៦-២០១៨) មានសមាសភាគសំខាន់ៗចំនួន៤រួមមាន៖ ១). ការទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ២). ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ៣). ការសម្របសម្រួល និងការពង្រឹងសមត្ថភាព និង ៤). ការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដាន។
យន្តការនៃការអនុវត្ត ផ.អ.គ.ស មានពីរផ្នែកគឺផ្នែកផ្គត់ផ្គង់ (ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជាតួអង្គរដ្ឋ) និងផ្នែកតម្រូវការ (ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលជាតួអង្គមិនមែនរដ្ឋ) ហើយសកម្មភាព ផ.អ.គ.ស ដែលបានអនុវត្តដោយជោគជ័យក្នុងខេត្តចំនួន១៨ នៃខេត្តចំនួន២៤ ស្រុកចំនួន៩៨ នៃស្រុកសរុបចំនួន១៥៩ ស្មើនឹង៦២% ឃុំចំនួន៨២៧ នៃឃុំសរុបចំនួន១.៤១០ ស្មើនឹង៥៦% សាលាបឋមសិក្សាចំនួន៤.១០៧ នៃសាលាបឋមសិក្សាសរុបចំនួន៧.១៨៩ ស្មើនឹង៥៧% និងមណ្ឌលសុខភាពចំនួន៦០៥ នៃមណ្ឌលសុខភាពសរុបចំនួន១.១៩៧ ស្មើនឹង៥១% ទូទាំងប្រទេស។
ផ.អ.គ.ស ដំណាក់កាលទី២ (២០១៩-២០២៣) មានសមាសភាគសំខាន់ៗចំនួន៥ រួមមាន៖ ១). តម្លាភាព ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ២). ការត្រួតពិនិត្យ តាមដានដោយប្រជាពលរដ្ឋ ៣). ការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម ៤). ការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព និងការទំនាក់ទំនង និង ៥). ការគ្រប់គ្រង ត្រួតពិនិត្យតាមដាន និងវាយតម្លៃ។ ផ.អ.គ.ស ដំណាក់កាលទី២ នៅតែបន្តលើកកម្ពស់ ពង្រឹងសកម្មភាពដែលបានអនុវត្តនៅដំណាក់កាលទី១ និងពង្រីកតំបន់គោលដៅនៃរដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា មណ្ឌលសុខភាពនៅទូទាំងប្រទេស ព្រមទាំងពង្រីកវិសាលភាពតំបន់គោលដៅ និងសេវាផ្សេងៗ នៃការអនុវត្តនៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ថែមទាំងកែលម្អនូវ វិធីសាស្រ្តអនុវត្ត ផ.អ.គ.ស ដើម្បីទទួលបាននូវគុណភាព ប្រសិទ្ធភាព និងសមិទ្ធផលថ្មីនៃ ផ.អ.គ.ស ដំណាក់កាលទី២។
ឯកសារបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ស្រុក ស្តីពី ការអនុវត្តការងារគណនេយ្យភាពសង្គម