អនុកម្មវិធីទី៣ (ក្រសួង​មុខងារ​សាធារណៈ)

អនុកម្មវិធីទី៣មានតួនាទី៖

  • រៀបចំសម្រាប់អន្តររដ្ឋបាលនៃការគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំក្របខ័ណ្ឌគតិយុត្តអចិន្ត្រៃយ៍សម្រាប់គ្រប់គ្រងធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ការធ្វើសមាហរណកម្ម និងដំណើរការនៃការរៀបចំនូវបុគ្គលិកឡើងវិញ ត្រូវធ្វើឡើងនៅពេលមានការផ្ទេរមុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងដំណាក់កាលនៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) ការផ្ទេរមុខងារតាមវិស័យ នឹងចាប់ផ្តើមពីការធ្វើវិសហមជ្ឈការ និងការធ្វើប្រតិភូកម្មមុខងារមួយចំនួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ អាស្រ័យហេតុនេះ ក្នុងដំណើរការនេះចាំបាច់ត្រូវមានការសិក្សាប្រមើលមើលអំពីធនធានមនុស្សសម្រាប់បំពេញមុខងារ ដែលនឹងត្រូវធ្វើវិសហមជ្ឈការនិងប្រតិភូកម្មទាំងនោះ សម្រាប់ការត្រៀមរៀបចំបុគ្គលិកឡើងវិញទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្ទាប់ពីការអនុវត្តសាកល្បងដោយជោគជ័យ។ ដំណើរការនៃការកំណត់បញ្ហានានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស ដែលផុសចេញឡើងពីកំណែទម្រង់នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានចាប់ផ្តើម ដោយក្រុមការងារចម្រុះមួយ រួមមានមន្ត្រីមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈដែលកំពុងធ្វើការសិក្សា ដើម្បីធានាថា កិច្ចដំណើរការនៃការធ្វើសមាហរណកម្មនេះ ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ។

អនុកម្មវិធីទី៣នេះ រៀបរាប់ពីកិច្ចដំណើរការដែលរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ និងក្រសួងមហាផ្ទៃនឹងត្រូវរៀបចំនូវយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងបុគ្គលិកថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានក្នុងការរៀបចំលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ៕