អនុកម្មវិធីទី៥ (ក្រសួង​ផែនការ)

អនុកម្មវិធីទី៥មានតួនាទី៖

  • រៀបចំប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • អភិវឌ្ឍសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិអំពីការកសាងផែនការ

គោលបំណងនៃអនុកម្មវិធីនេះ គឺការរៀបចំអភិវឌ្ឍនីតិវិធីនានាសម្រាប់កិច្ចដំណើរការកសាងផែនការមូលដ្ឋាន (រួមទាំងកម្មវិធីវិនិយោគឃុំ សង្កាត់ ដើម្បីឆ្លុះបញ្ចាំងអំពីគម្រោងអន្តររដ្ឋបាល) និងផែនការខេត្ត ដោយមិនគ្រាន់តែផ្តោតលើការឆ្លុះបញ្ចាំងពីគោលដៅនានានៃផែនការរបស់ជាតិនៅកម្រិតថ្នាក់ខេត្ត និងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែត្រូវរៀបចំឡើងដោយផ្អែកលើកាលានុវត្តនៃការអភិវឌ្ឍនៅមូលដ្ឋាន ក៏ដូចជាផ្អែកលើភាពចន្លោះប្រហោងនៃការផ្តល់សេវានានាផងដែរ។ គោលការណ៍នេះ ត្រូវបានកំណត់ឱ្យបានច្បាស់លាស់នៅក្នុងសេចក្តីណែនាំស្តីពីការកសាងផែនការ។

នៅក្នុងឆ្នាំ២០១០ លេខាធិការដ្ឋាន គ.ជ.អ.ប មានការព្រមព្រៀងគ្នាផ្នែកគោលនយោបាយអំពីវិធីសាស្ត្រសមស្រប និងយុទ្ធសាស្ត្រកសាងសមត្ថភាពសម្រាប់ការកសាងផែនការផ្សេងៗគ្នារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនីតិវិធីនៃការកសាងផែនការសម្រាប់ថ្នាក់ខេត្ត (ផែនការយុទ្ធសាស្ត្រ) និងសម្រាប់ថ្នាក់មូលដ្ឋាន (រាជធានី ក្រុង ស្រុក)។

អនុកម្មវិធីទី៥ ដាក់ចេញនូវផែនការសកម្មភាពមួយដើម្បីអនុញ្ញាតឱ្យនីតិវិធីទាំងនេះអាចអនុវត្តសាកល្បងកែសម្រួល និងបញ្ចប់ ព្រមទាំងការរៀបចំផែនការកសាងសមត្ថភាពពាក់ព័ន្ធនឹងការកសាងផែនការ និងកម្មវិធីវិនិយោគដើម្បីឈានទៅពង្រីក និងបញ្ជ្រាបនៅទូទាំងប្រទេស នៅក្នុងការអនុវត្តកម្មវិធីជាតិ៕

សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងផែនការ៖ http://www.mop.gov.kh/