៣១ តុលា ២០២៥
,73

ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន (LoCAL) សិក្ខាសាលាបណ្តុះបណ្តាលនេះ រៀបចំឡើងដោយកិច្ចសហការរវាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងក្រសួងបរិស្ថាន គាំទ្រដោយមូលនិធិអភិវឌ្ឍន៍សហប្រជាជាតិ (UNCDF) និងមានគោលបំណង ដើម្បី ១). បង្កើនការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងកៀរគរថវិកាតាមរយៈការដាក់បញ្ចូលផែនការសកម្មភាពទៅក្នុងផែនការអភិវឌ្ឍឃុំ ដើម្បីធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ២). បញ្ជ្រាបចំណេះដឹងអំពីគោលដៅអាទិភាព និងផែនការយុទ្ធសាស្រ្តរបស់ផែនការជាតិក្នុងការរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) ទៅថ្នាក់ក្រោមជាតិ និង ៣). កិច្ចពិភាក្សាដើម្បីបន្ស៉ី NDC3.0 ទៅក្នុងផែនការថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកបង្កើនភាពធន់ និងកាត់បន្ថយភាពងាយរងគ្រោះពីអាកាសធាតុដល់សហគមន៍មូលដ្ឋាន។
លោក ជា វ៉ាន់ដា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលាបណ្ដុះបណ្ដាល គឺជាឱកាសដ៏ល្អដែលអាចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធ បានជ្រាបបន្ថែមអំពីការរៀបចំផែនការ និងថវិកាដោយបញ្ជ្រាបផែនការជាតិរួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ (NDC3.0) សំដៅដល់ការលើកកម្ពស់សតម្ថភាព លទ្ធភាព និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងការឆ្លើយតបទៅនឹងហានិភ័យ នៃការប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន។
សិក្ខាសាលាបណ្ដុះបណ្ដាល ក៏បានផ្សព្វផ្សាយអំពីគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC3) អនុវត្តដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលត្រូវបានអនុម័តលើការផ្ដល់ហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំលើកទី៤៣ របស់ក្រុមប្រឹក្សាមូលនិធិអាកាសធាតុបៃតង (GCF)។ គម្រោង LGCC3 នេះមានគោលបំណង ដើម្បីពង្រឹងភាពធន់ទៅ នឹងអាកាសធាតុរបស់សហគមន៍ក្នុងស្រុកចំនួន១៥ នៅក្នុងប្រទេសកម្ពុជា ដែលនឹងសម្រេចបានដោយការបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលមូលដ្ឋាន និងសហគមន៍ក្នុងការទទួលបាន និងប្រើប្រាស់មូលនិធិប្រកបដោយប្រសិទ្ធភាពសម្រាប់ការវិនិយោគ និងការបន្ស៊ាំសមស្រប ដែលគាំទ្រដល់គោលដៅអាកាសធាតុ គោលបំណងតាមវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ៕













ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
