សិក្ខាសាលាបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

៣១ មីនា ២០២៦

,  

31

Banner
ទីស្តីក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​អភិ​សន្តិបណ្ឌិត​ ស សុខា ​ឧប​នាយក​រដ្ឋមន្រ្តី ​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជាប្រធាន​គណៈកម្មាធិការ​ជាតិសម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិ​ (គ.ជ.អ.ប.)​ បានអញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពស់ខ្ពង់​ ថ្លែង​សុន្ទរ​កថាបិទ​ ក្នុង​សិក្ខាសាលា​បូកសរុប​លទ្ធផល​នៃ​ការផ្តល់​សេវារដ្ឋបាល​តាមយន្តការ​ច្រកចេញ​ចូលតែមួយ ​ និង​ការសម្រុះសម្រួល​ដោះស្រាយ​បណ្តឹងតាម​យន្តការ​ការិយាល័យ​ប្រជាពលរដ្ឋ​ប្រចាំឆ្នាំ២០២៥​ និង​លើកទិសដៅ​ការងារ​ឆាំ្ន២០២៦​ និង​ឯកឧត្តម ចាន់ សុធា ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជាប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប.​ ថ្លែងសុន្ទរកថា​បើកក្នុង​ពិធីសិក្ខាសាលា​បូកសរុប​លទ្ធផល​នៃ​ការផ្តល់​សេវារដ្ឋបាល​តាមយន្តការ​ច្រកចេញ​ចូលតែមួយ​ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆាំ្ន២០២៦។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលនៃអភិបាលរងរាជធានី ខេត្ត នាយករដ្ឋបាលទាំង២៥ រាជធានី ខេត្ត ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ ព្រមទាំងមានការចូលរួមពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ គោលដៅមួយចំនួន តាមរយៈប្រព័ន្ធវីដេអូពីចំងាយហ្សូម (Zoom) មានសរុបចំនួនប្រមាណ ៥០០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី ៖

១.បង្ហាញអំពីលទ្ធផល និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

២.ចែករំលែកបទពិសោធល្អៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានស្នាដៃឆ្នើមក្នុងការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង និង

៣.ពិភាក្សាលើបញ្ហាប្រឈម និងសំណើ សំណូមពរនានា ព្រមទាំងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្ត។

ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលានាព្រឹកនេះ ឯកឧត្តម ចាន់ សុធា បានមានប្រសាសន៍រម្លឹកអំពីសាវតានៃការរៀបចំការផ្តល់សេវាការផ្ដល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះថា៖ ការផ្ដល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋ គឺជារូបភាពមួយនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានគោលដៅសំខាន់ក្នុងការបង្ខិតការផ្ដល់សេវាឱ្យមកកាន់តែខិតជិតជូនប្រជាពលរដ្ឋ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចមានលទ្ធភាពក្នុងការដោះស្រាយ និងឆ្លើយតបទៅនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យមានការអនុវត្តសាកល្បងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមរយៈការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមរយៈការិយាល័យប្រជាពលរដ្ឋ កាលពីឆ្នាំ២០០៥ នៅស្រុកគោលដៅចំនួន២ គឺស្រុកសៀមរាប នៃខេត្តសៀមរាប និងស្រុកបាត់ដំបង នៃខេត្តបាត់ដំបង ហើយយន្តការទាំងពីរនេះត្រូវបានធ្វើការវាយតម្លៃ ពិនិត្យកែលម្អ និងពង្រីកការអនុវត្តជាបន្ដបន្ទាប់ទៅក្រុង ស្រុក ខណ្ឌគោលដៅផ្សេងៗជាបន្តបន្ទាប់។

តាមលទ្ធផលនៃការអនុវត្តជាវិជ្ជមាន និងដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ វិស័យឯកជន និងអ្នកពាក់ព័ន្ធលើការបំពេញការងារបស់ការិយាល័យទាំងពីរក្នុងអំឡុងពេលនៃការអនុវត្តសាកល្បងចាប់តាំងពីឆ្នាំ២០០៥មក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបង្កើតឱ្យមានយន្ដការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅគ្រប់ថ្នាក់រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបង្កើតឱ្យមានការិយាល័យប្រជាពលរដ្ឋសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹង ចំពោះការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការផ្ដល់សេវា និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងពេលបច្ចុប្បន្ននេះ យន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការនៅគ្រប់ថ្នាក់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖

១.ការផ្តល់សេវារដ្ឋបាលនៅថ្នាក់រាជធានី ខេត្តៈ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត កាលពីដើមឆ្នាំ២០២០។

២.ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌៈ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋត្រូវបានរៀបចំ និងកំពុងដំណើរការនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំង២១០។

៣.ការផ្តល់សេវារដ្ឋបាលថ្នាក់ឃុំ សង្កាត់ៈ យន្តការច្រកចេញចូលតែមួយត្រូវបានដាក់ឱ្យដំណើរការផ្តល់សេវានៅគ្រប់រដ្ឋបាលឃុំ សង្កាត់ ស្របតាមស្មារតីសេចក្ដីណែនាំលេខ០១៨ សណន របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP