ស្រុកព្រះនេត្រព្រះ៖ ថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំនេះមានគណៈអធិបតីចូលរួមលោក កែន ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក លោក ហឿន វីរ: អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យវាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងមានសមាសភាពចូលរួមពីលោកមេឃុំនាយករដ្ឋបាលប្រធានអនុប្រធានការិយាល័យនានាសិស្សានុសិស្សវិទ្យាល័យតំណាងប្រជាពលរដ្ឋនិងអ្នកសម្របសម្រួបគណនេយ្យភាពសង្គមCAFដែលមានវត្តមានចំនួន៥៥រូប/ស្រ្តី ២១រូប លោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកបានមានមតិស្វាគមន៍និងបើកកិច្ចប្រជុំរួមពហុវិស័យស្តីពីការបង្កើតផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមនៅថ្នាក់ស្រុក(ផ.ស.រ.គ)នៃក្របខ័ណ្ឌគម្រោងISD-GIZ របស់រដ្ឋបាលស្រុកព្រះនេត្រព្រះក្នុងគោលបំណងបង្កើននូវការចូលរួមនិងគាំទ្រធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគណនេយ្យភាពតម្លាភាពបរិយាបន្នសង្គមនិងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដើម្បីចូលរួមចំណែកកាត់បន្ថយនូវភាពក្រីក្រនិងភាពងាយរងគ្រោះផ្សេងៗព្រមទាំងមានលទ្ធភាពនៃការដាក់បញ្ចូលផែនការ(ផ.ស.រ.គ)នៅថ្នាក់ក្រុងស្រុកក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុក(DIP)ឱ្យបានទាន់ពេលវេលានិងធានាឱ្យកាន់តែមានប្រសិទ្ឋិភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិដើម្បីការធ្វើសេចក្តីសម្រេចចិត្តព្រមទាំងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលក្រុងស្រុក ខណ្ឌ។ក្នុងន័យនេះរដ្ឋបាលថ្នាក់ក្រោមជាតិនឹងធានាឱ្យមានគុណភាពប្រសិទ្ឋិភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ដូច្នេះការងារគណនេយ្យភាពសង្គមជាយន្តការដ៏មានសារ:សំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ដើម្បីធានាក្នុងការលើកកម្ពស់អភិបាលកិច្ចនៅមូលដ្ឋានស្របទៅតាមស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១គឺការកែទម្រង់និងការពង្រឹងអភិបាលកិច្ចព្រមទាំងរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ គឺ« ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈនិងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាបន្ននិងសមធម៌សង្គមដែលរួមចំណែកសម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិនិងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។