៣១ មីនា ២០២៦
,24
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលនៃអភិបាលរងរាជធានី ខេត្ត នាយករដ្ឋបាលទាំង២៥ រាជធានី ខេត្ត ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ ព្រមទាំងមានការចូលរួមពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ គោលដៅមួយចំនួន តាមរយៈប្រព័ន្ធវីដេអូពីចំងាយហ្សូម (Zoom) មានសរុបចំនួនប្រមាណ ៥០០នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី ៖
១.បង្ហាញអំពីលទ្ធផល និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
២.ចែករំលែកបទពិសោធល្អៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានស្នាដៃឆ្នើមក្នុងការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង និង
៣.ពិភាក្សាលើបញ្ហាប្រឈម
និងសំណើ សំណូមពរនានា
ព្រមទាំងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្ត។
ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលានាព្រឹកនេះ ឯកឧត្តម ចាន់ សុធា បានមានប្រសាសន៍រម្លឹកអំពីសាវតានៃការរៀបចំការផ្តល់សេវាការផ្ដល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះថា៖ ការផ្ដល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋ គឺជារូបភាពមួយនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមានគោលដៅសំខាន់ក្នុងការបង្ខិតការផ្ដល់សេវាឱ្យមកកាន់តែខិតជិតជូនប្រជាពលរដ្ឋ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចមានលទ្ធភាពក្នុងការដោះស្រាយ និងឆ្លើយតបទៅនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យមានការអនុវត្តសាកល្បងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមរយៈការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមរយៈការិយាល័យប្រជាពលរដ្ឋ កាលពីឆ្នាំ២០០៥ នៅស្រុកគោលដៅចំនួន២ គឺស្រុកសៀមរាប នៃខេត្តសៀមរាប និងស្រុកបាត់ដំបង នៃខេត្តបាត់ដំបង ហើយយន្តការទាំងពីរនេះត្រូវបានធ្វើការវាយតម្លៃ ពិនិត្យកែលម្អ និងពង្រីកការអនុវត្តជាបន្ដបន្ទាប់ទៅក្រុង ស្រុក ខណ្ឌគោលដៅផ្សេងៗជាបន្តបន្ទាប់។
តាមលទ្ធផលនៃការអនុវត្តជាវិជ្ជមាន
និងដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ
វិស័យឯកជន
និងអ្នកពាក់ព័ន្ធលើការបំពេញការងារបស់ការិយាល័យទាំងពីរក្នុងអំឡុងពេលនៃការអនុវត្តសាកល្បងចាប់តាំងពីឆ្នាំ២០០៥មក
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវអនុក្រឹត្យលេខ១៨
អនក្រ.បក
ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧
ដើម្បីបង្កើតឱ្យមានយន្ដការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅគ្រប់ថ្នាក់រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
និងអនុក្រឹត្យលេខ១៩ អនក្រ.បក
ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧
ដើម្បីបង្កើតឱ្យមានការិយាល័យប្រជាពលរដ្ឋសម្រាប់ទទួល
និងសម្រុះសម្រួលដោះស្រាយបណ្តឹង
ចំពោះការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការផ្ដល់សេវា
និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងពេលបច្ចុប្បន្ននេះ យន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការនៅគ្រប់ថ្នាក់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖
១.ការផ្តល់សេវារដ្ឋបាលនៅថ្នាក់រាជធានី ខេត្តៈ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត កាលពីដើមឆ្នាំ២០២០។
២.ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌៈ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋត្រូវបានរៀបចំ និងកំពុងដំណើរការនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំង២១០។
៣.ការផ្តល់សេវារដ្ឋបាលថ្នាក់ឃុំ សង្កាត់ៈ យន្តការច្រកចេញចូលតែមួយត្រូវបានដាក់ឱ្យដំណើរការផ្តល់សេវានៅគ្រប់រដ្ឋបាលឃុំ សង្កាត់ ស្របតាមស្មារតីសេចក្ដីណែនាំលេខ០១៨ សណន របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
