២៧ មករា ២០២៦
,28
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំកិច្ចប្រជុំលើកទី២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ជាសមាជិក សមាជិកានៃ គ.ជ.អ.ប. ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១៨០រូប ។
កិច្ចប្រជុំលើកទី២៥ របស់ គ.ជ.អ.ប. នេះរបៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួនរួមមាន៖ (១). ការពិនិត្យ និងអនុម័តលើកកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២៤ (២). របាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៥ របស់ គ.ជ.អ.ប.(៣). របាយការណ៍ស្តីពីការវាយតម្លៃពាក់កណ្ដាលអាណត្តិនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) (៤). ពិនិត្យ និងអនុម័តផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិ ដំណាក់កាលទី២(៥). ពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦ របស់ គ.ជ.អ.ប. និងបញ្ហាផ្សេងៗទៀត។
គួរជម្រាបជូនផងដែរថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (កជទី២) ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ បរិយាប័ន្ន សមធម៌សង្គម និងយុត្តិធម៌ ដែលការគ្រប់គ្រង និងការអនុវត្ត ស្ថិតក្រោមការដឹកនាំ និងសម្របសម្រួលរបស់គ.ជ.អ.ប.។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
