ខេត្តកំពង់ស្ពឺ៖ ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាអុន ម៉ាអូនណាត អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅនៅអង្គភាពផ្ដល់សេវានៅ មណ្ឌលសុខភាពរលាំងចក សាលាបឋមសិក្សាភ្នំតូច និងសាលាឃុំរលាំងចក នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដំណើរទស្សនកិច្ចសិក្សាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍នៅក្នុងរដ្ឋបាលឃុំរលាំងចក ស្រុកសំរោងទងនៃខេត្តកំពង់ស្ពឺនេះ បានឆ្លុះបញ្ចាំងឱ្យនូវការបន្ស៊ីក្របខ័ណ្ឌពេលវេលានៃ ការអនុវត្តការងារគណនេយ្យភាពសង្គម ជាមួយការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីដាក់បញ្ចូលនូវកិច្ចការនេះ ទៅក្នុងប្រព័ន្ធរបស់រាជរដ្ឋាភិបាលសំដៅ ធានានិរន្តរភាព និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិលើការអនុវត្តការងារគណនេយ្យភាពសង្គមនាថ្ងៃអនាគត ។
ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងធនាគារពិភពលោក អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា អភិបាលរងខេត្តកំពង់ស្ពឺ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារគណនេយ្យភាពសង្គមខេត្តកំពង់ចាម មន្ត្រីបង្គោលថ្នាក់ខេត្ត អភិបាលរងក្រុង ស្រុក មន្ត្រីបង្គោលថ្នាក់ស្រុក មេឃុំ ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នាយកសាលាបឋមសិក្សា អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍និងអ្នកពាក់ព័ន្ធសរុប ១០២រូប ស្រី៤៥រូប។
គួរបញ្ជាក់ថា ការអនុវត្តការងារគណនេយ្យភាពសង្គម គឺដើម្បីផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង៕