សាលប្រជុំតេជោសន្ដិភាព ក្រសួងមុខងារសាធារណៈ ៖នារសៀល ថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២0២៥ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងកំណត់វិធានការអនុវត្តបន្ដសម្រាប់ការងារវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ក្រោមការដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន
គ.វ.ជ.។
កិច្ចប្រជុំបានពិនិត្យសម្រេចលើ(១) របាយការណ៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្តបន្ដ (២)ពិភាក្សាទៅលើការធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងឆ្នាំ២០២៦ (៣) កិច្ចពិភាក្សាលើបញ្ហាផ្សេងៗ។ ការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈរៀបចំក្នុងគោលបំណងដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងផ្តល់ប្រយោជន៍ជាអាទិភាពដល់ប្រជាពលរដ្ឋគ្រប់ៗរូប។
ជាមួយគ្នានេះ ក្នុងពេលនេះ កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កំពុងបើកឱកាសដល់អង្គភាពដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៥។ ឆ្នាំនេះ គោលដៅដែលគណៈកម្មការសម្រេចវិនិច្ឆ័យរួមមាន៖ មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល និងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្រាប់វិស័យអប់រំ។