២៧ មីនា ២០២៦
,20
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងដើម្បីចែករំលែកចំណេះដឹង លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា តាមរយៈការពិនិត្យមើលគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឯកសារបច្ចេកទេស និងរបាយការណ៍ពាក់ព័ន្ធនានារបស់ទីប្រក្សានៃធនាគារពិភពលោក ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សម្រាប់រៀបចំគម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (SCALED) ដែលគាំទ្រដោយធនាគារពិភពលោក។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ ឯកឧត្តម ឈុន ប៊ុនណារ៉ា បានគូសបញ្ជាក់អំពីផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) ឆ្នាំ២០២៦ដល់ឆ្នាំ២០៣០ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ត្រូវបានរៀបចំឡើងក្នុងគោលបំណង សម្រាប់បន្ត និងពង្រឹងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ប្រកបដោយបរិយាបន្ន សមធម៌សង្គម និងយុត្តិធម៌ក្នុងការរួមចំណែក លុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ក្នុងនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ គ.ជ.អ.ប. បានដាក់សំណើគម្រោង SCALED ទៅធនាគារពិភពលោក ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការផ្តល់សេវាសាធារណៈដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន ស្របទៅតាមគោលបំណង និងក្របខ័ណ្ឌពេលវេលានៃផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២)។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ធនាគារពិភពលោក ស្ថានទូតអូស្រ្តាលី ស្ថានទូតអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍របស់ប្រទេសស្វីស (SDC) អង្គការ Unicef អង្គការទស្សនៈពិភពលោក អង្គការមូលនិធិអាស៊ី និងអង្គការ GIZ សរុបចំនួន ៣៥ រូប ស្រីចំនួន ១៥រូប៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
