ខេត្តពោធិ៍សាត់ ៖ ថ្ងៃព្រហស្បតិ៍ និង សុក្រ ៤រោច-៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៥ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យវាយតម្លៃ និងព័ត៌មាននិងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. មានមតិចាប់អារម្មណ៍និងបើកវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពបញ្ហាប្រឈម សំណើសំណូមពរ ដំណោះស្រាយនិងផ្តល់ឱកាសឲ្យអ្នកចូលរួមបានចែករំលែកបទពិសោធន៍ការអនុវត្តល្អការរៀនសូត្រការផ្លាស់ប្រែនិងចែករំលែកចំណេះដឹងស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនិងការអនុវត្តយន្តការពង្រឹងបណ្តាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍នៅកម្រិតថ្នាក់ខេត្តក្រុង ស្រុកនិងឃុំ សង្កាត់ក្នុងកិច្ចសហការសម្របសម្រួលការអនុវត្តផែនការយុទ្ធសាស្ត្រការងារគណនេយ្យភាពសង្គមនិងស្វែងរកកិច្ចអន្តរាគមន៍គាំទ្រ នៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រកបដោយនិរន្តរភាព។លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្តរដ្ឋបាល ក្រុងស្រុក រដ្ឋបាលឃុំសង្កាត់ មន្ទីរវិស័យនានាអង្គភាពផ្តល់សេវាពាក់ព័ន្ធអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជាអង្គការស្តារកម្ពុជានិងលោក លោកស្រីអ្នកនាងកញ្ញាប្អូនៗជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្ត ប្រាជ្ញាស្មារតីធនធានក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ហើយសម្រេចបាននូវលទ្ឋផលសមិទ្ធផលជាច្រើនសម្រាប់ចូលរួមចំណែកបង្កើនការចូលរួមប្រជាពលរដ្ឋនិងគាំទ្រធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាពតម្លាភាពបរិយាបន្នសង្គមឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនិងការធ្វើសេចក្តីសម្រេចចិត្តព្រមទាំងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបម្រើឆន្ទៈនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងន័យនេះដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមួយប្រកបដោយភាពជាតំណាងសាធារណៈយ៉ាងពិតប្រាកដនិងធានាឱ្យមានគុណភាពប្រសិទ្ឋិភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបាននោះចាំបាច់ត្រូវធានាក្នុងការធ្វើសេចក្តីសម្រេចខាងបញ្ញត្តិនិងសេចក្តីសម្រេចខាងប្រតិបត្តិព្រមទាំងធ្វើការត្រួតពិនិត្យតាមដាននិងវាយតម្លៃលើការអនុវត្តសេចក្តីសម្រេចរបស់ខ្លួនដែលបានដាក់ចេញផងដែរ។
វេទិកាឆ្លុះបញ្ជាំងនេះមានសមាសភាពចូលរួមពីលោក លួច ម៉ាច ទីប្រឹក្សាគម្រោងគណនេយ្យភាពសង្គមនៃធនាគារពិភពលោកលោក លឹម ប៊ុន នាយកកម្មវិធីគណនេយ្យភាពសង្គមនៃអង្គការទស្សនពិភពលោកអន្តរជាតិប្រចាំកម្ពុជាលោក ញុឹក សារិន នាយកប្រតិបត្តិការស្តាកម្ពុជាលោក វុឹង ឡៃនីម មន្រ្តីបង្គោលទទួលបន្ទុកការងារគណនេយ្យភាពសង្គមថ្នាក់ខេត្តនិងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍(CAF)ដែលមានវត្តមានចំនួន១៣១រូប/ស្រី ៦៤ រូប។ក្នុងវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍នេះក្រៅពីធ្វើការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពបញ្ហាប្រឈម សំណើរសំណូមពរ និង ផ្តល់ឱកាសឲ្យដល់អ្នកចូលរួមបានចែករំលែកបទពិសោធន៍ការរៀនសូត្រនិងផ្លាស់ប្តូរចំណេះដឹងស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំសង្កាត់និងការគាំទ្រលើផ្នែកផ្គត់ផ្គង់និងផ្នែកតម្រូវការជាមួយយន្តការបណ្តាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ក្នុងពិធីនេះផងដែរក៏មានវេទិកាពិភាក្សាតុមូល សំណួរចម្លើយជាមួយវាគ្មិនថ្នាក់ជាតិថ្នាក់ខេត្តមន្ទីរជំនាញ ក្រុងស្រុក ឃុំសង្កាត់ អង្គការដៃគូនិងបណ្តាញអ្នកសម្របសម្រួលគណនេយ្យភាពសង្គមដើម្បីស្វែងរកកិច្ចអន្តរាគមន៍គាំទ្របច្ចេកទេសដល់ការអនុវត្តការងារគណនេយ្យភាពសង្គមប្រកបដោយប្រសិទ្ឋភាពប្រសិទ្ធផល និងមាននិរន្តរភាព។