ដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការគ្រប់គ្រងសំរាម សំណល់រឹង និងការគ្រប់គ្រងទឹកដោយគិតពីបម្រែបម្រួលអាកាសធាតុនៅក្រុង ស្រុកជាដៃគូអនុវត្តកម្មវិធីISD/GIZ

១៣ តុលា ២០២៥

,  

1449

Banner
ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាព និងអភិវឌ្ឍន៍គោលនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួងចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពី ការអនុវត្តការគ្រប់គ្រងសំរាម សំណល់រឹង និងការគ្រប់គ្រងទឹកដោយគិតពីបម្រែបម្រួលអាកាសធាតុនៅក្រុង ស្រុកដៃគូអនុវត្តកម្មវិធីISD/GIZ។ ដំណើរទស្សនកិច្ចសិក្សា ស្វែងយល់នេះ បានរៀបចំឡើងរយៈពេលចំនួន៥ប្រាំ  ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលខេត្តសៀមរាប តំណាងទីភ្នាក់ងារJICA ទីភ្នាក់ងារអាល្លឺម៉ងសម្រាប់កិច្ចសហប្រតិបត្តការអន្តរជាតិ(GIZ) រដ្ឋបាលក្រុង ស្រុកជាដៃគូអនុវត្តកម្មវិធី ព្រមទាំងអ្នកពាក់ព័ទ្ធនានា ដែលមានសមាសភាពចូលរួមសរុប ចំនួន៣៩រូប ក្នុងនោះស្ត្រី មានចំនួន៦រូប។

ដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បី៖

១.ចែករំលែកមេរៀន បទពិសោធនៃការគ្រប់គ្រងសំរាម សំណល់រឹង និងការគ្រប់គ្រងទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុរបស់រដ្ឋបាលក្រុង ស្រុកជាដៃគូអនុវត្តកម្មវិធីISD និងការចែករំលែកបទពិសោធនៃការគ្រប់គ្រងសំរាម សំណល់រឹង និងការគ្រប់គ្រងទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុរបស់រដ្ឋបាលក្រុងដែលមិនមែនជាដៃគូអនុវត្តក្នុងកម្មវិធី

២.សិក្សាស្វែងយល់អំពីលទ្ធផលដែលជាការបង្កើតថ្មី និងបញ្ហាប្រឈមពាក់ព័ន្ធនានារបស់រដ្ឋបាលក្រុង ស្រុកដែលបានអនុវត្តគំនិតផ្តួចផ្តើមពាក់ព័ន្ធការគ្រប់គ្រងសំរាម សំណល់រឹង

៣.ជំរុញការលើកទឹកចិត្តតាមរយៈការផ្តល់មតិកែលម្អ រួមទាំងការកំណត់សកម្មភាពអាទិភាព និងកិច្ចអន្តរាគមន៍នានា ដើម្បីគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងការគ្រប់គ្រងទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន និង

៤.ជាមូលដ្ឋានក្នុងការរៀបចំផែនការ ការពង្រីកការអនុវត្តការគ្រប់គ្រងសំរាម សំណល់រឹង និងការគ្រប់គ្រងទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិស្របទៅនឹងស្ថានភាពភូមិសាស្ត្រតំបន់នៅក្នុងក្របខណ្ឌទូទាំងប្រទេស។


ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេលចំនួន៥ថ្ងៃកន្លងមកនេះ ក្រុមប្រតិភូអន្តរក្រសួង បានរៀបចំសកម្មភាពជាច្រើន តាមរយៈការរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងការចែករំលែកមេរៀន និងបទពិសោធនៃការគ្រប់គ្រងសំរាម សំណល់រឹង ការជជែកពិភាក្សា និងលើកអំពីបញ្ហាប្រឈម និងដំណោះស្រាយដែលក្រុង ស្រុកបានជួបប្រទះ ព្រមទាំងការចុះទស្សនកិច្ចជួបពិភាក្សាផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន នៅតាមរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ និងសហគមន៍ដែលបានអនុវត្តគម្រោងកម្មវិធីISD និងការចុះទស្សនកិច្ចនៅគ្រឹះស្ថានសិក្សា សាលារៀន និងអង្គការពាក់ព័ទ្ធដែលបានអនុវត្តសកម្មភាពការងារពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹង ការរៀបចំផែនការគ្រប់គ្រងទឹកដោយគិតពីបម្រែបម្រួលអាកាសធាតុ។


កម្មវិធីធ្វើឱ្យប្រសើឡើងនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ (The Improved Service Delivery to Citizens in Cambodia) ហៅកាត់ថាកម្មវិធីISD ជាកម្មវិធីដែលទទួលបានមូលនិធិគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលស្វីសតាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ និងរដ្ឋាភិបាលលុចសំបួតាមរយៈទីភ្នាក់ងារលុចសំបួសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍(LuxAid)។ កម្មវិធីISD បានសហការជាមួយលេខាធិការដ្ឋានគ.ជ.អ.ប.ក្នុងកិច្ចការមួយចំនួន រួមមាន៖ ១)ការអនុវត្តកម្មវិធីជាតិ ស្តីពីការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្នាំ២០២១-២០៣០ (NP-2) ពិសេសក្នុងវិស័យសុខាភិបាល និងការលើកកម្ពស់ស្ត្រីដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ២)ការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយតាមបែបឌីជីថល និងការផ្តល់សេវាចល័ត ៣)ការរៀបចំ និងការអនុវត្តផែនការគ្រប់គ្រងទឹក និងផែនការគ្រប់គ្រងសំរាម សំណល់រឹង ដែលធននឹងការប្រែប្រួលអាកាសធាតុ ៤)ការពង្រឹងសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងការពង្រឹងយន្តការបណ្តឹងតវ៉ានៅថ្នាក់ក្រុង ស្រុក និង៥)ការពង្រឹងកិច្ចការហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ពាក់ព័ន្ធនឹងថវិកាសម្រាប់ផ្ដល់សេវា និងការគ្រប់គ្រងហិរញ្ញវត្ថុ។


ក្នុងកិច្ចការជាអាទិភាពទី៣នៃកម្មវិធីISD បានផ្ដល់ការគាំទ្របច្ចេកទេសដល់រដ្ឋបាលក្រុង ស្រុក ចំនួន៦ រួមមានៈ ក្រុងបាត់ដំបង ស្រុកមោងឬស្សី ស្រុកបវេលនៃខេត្តបាត់ដំបង ក្រុងសៀមរាប ស្រុកសូទ្រនិគមនៃខេត្តសៀមរាប និងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំផែនការគ្រប់គ្រងសំរាម សំណល់រឹង ព្រមទាំងបានផ្តល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ចំនួន៤ផ្សេងទៀត រួមមានៈ ក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេកនៃខេត្តបន្ទាយមានជ័យក្នុងការរៀបចំផែនការគ្រប់គ្រងទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈការអនុវត្តនៃកម្មវិធីនេះ បានផ្តល់ការប្រឹក្សាយោបល់ និងការកសាងសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ក្នុងការរៀបចំផែនការគ្រប់គ្រងសំរាម សំណល់រឹង ការរៀបចំផែនការគ្រប់គ្រងទឹកដោយគិតពីបម្រែបម្រួលអាកាសធាតុ ព្រមទាំងការរៀបចំនីតិវិធីនៃការវិភាគថវិកាសម្រាប់ប៉ាន់ប្រមាណអំពីចំណូល-ចំណាយពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹង និងសេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយ។


តាមរយៈកម្មវិធីទាំងនេះ បានបង្ហាញឱ្យឃើញអំពីការអនុវត្តសិទ្ធិអំណាច និងការធ្វើសេចក្តីសំរេចចិត្តរបស់រដ្ឋបាលក្រុង ស្រុក ក្នុងភាពជាម្ចាស់ក្នុងការអនុវត្តមុខងាររបស់ខ្លួន អនុលោមតាមស្មារតីអនុក្រឹត្យ លេខ១៨២ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង និងអនុក្រឹត្យ លេខ១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក។

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៥
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP