រឿងជោគជ័យ៖ “ខ្ញុំរស់នៅលើដីសង្គមកិច្ចនេះ មានក្ដីសុខណាស់ ដូចបានកំណប់ដ៏មហាសាល សូម្បីតែពុកម៉ែ ខ្ញុំក៏មិនមានទ្រព្យទាំងនេះចែកឱ្យខ្ញុំដែរ”

កំពង់ធំ៖ ស្របទៅនឹងគោលបំណងគម្រោង ក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានដី ឬមានដីតិចតួចសម្រាប់សង់លំនៅឋានសមរម្យ និងធ្វើកសិកម្ម គម្រោងបែងចែកដី

ដើម្បីសង្គមកិច្ជ និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលបាននិងកំពុងផ្លាស់ប្តូរជីវិត និងជីវភាពរស់នៅរបស់គ្រួសារសម្បទានិកទាំងចំនួន ៥ ០៩១គ្រួសារ នៅក្នុងទីតាំងទាំង ១៤កន្លែង នៅក្នុងខេត្តគោលដៅទាំង ៥ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ធំ។ ជាក់ស្តែង គ្រួសាររបស់លោកស្រី ជួប ណាវី ដែលជាសម្បទានិកកំពុងរស់នៅលើទីតាំងដីសម្បទានសង្គមកិច្ចនៅភូមិសែនអភិវឌ្ឍន៍១ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បាននិងកំពុងទទួលផលប្រយោជន៍ពីដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានបែងចែកជូនតាំងពីឆ្នាំ ២០១២មក។

ក្នុងវ័យ ៤៧ឆ្នាំ លោកស្រី ជួប ណាវី បាននិយាយទាំងទឹកមុខញញឹមថា “ខ្ញុំគិតថាមានលំនឹង ដោយគ្រួសារខ្ញុំមានដីសម្រាប់សង់ផ្ទះសមរម្យ និងអចិន្រ្ដៃយ៍ មានដីកសិកម្មសម្រាប់បង្កបងើ្កនផល   កូនៗបានចូលសាលារៀន ស្វាមីខ្ញុំមានការងារប្រចាំថ្ងៃ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ”។ ទោះបីជាញញឹមបន្តិចក្តី ប៉ុន្តែលោកស្រី ជួប ណាវី នៅតែមានអារម្មណ៍នឹកឃើញអតីតកាល ដោយលោកស្រីបានឱ្យដឹងថា កាលពីមិនទាន់ទទួលបានដីសម្បទានសង្គមកិច្ច គ្រួសារលោកស្រីបានសុំផ្ទះគេស្នាក់នៅ និងសុំដីគេសម្រាប់ដាំបន្លែលក់។ លោកស្រីបន្ថែមថា គ្រួសារគាត់ដើរសុំផ្ទះ និងដីគេស្នាក់នៅចំនួនបីកន្លែង​ តែពេលនោះម្ចាស់ផ្ទះ ឬម្ចាស់ដីនីមួយៗ គេមិនចង់ឱ្យគាត់រស់នៅ ឬប្រើប្រាស់ដីរបស់ពួកគេឡើយ ព្រោះពួកគេខ្លាចគ្រួសាររបស់លោកស្រីយកផ្ទះ ឬដីរបស់ពួកគេ។ លោកស្រីបានរៀបរាប់ទាំងទឹកមុខស្រពាប់ស្រពោន​ថា “ខ្ញុំបាតដៃទទេ សុំខ្ទមគេស្នាក់នៅទំហំ ៣ម៉ែត្រ x ៣ម៉ែត្រ។ ជញ្ជាំង និងដំបូលលិចគ្រប់ជ្រុង ពេលភ្លៀងម្ដងៗចល័តរកកន្លែងជ្រក”។ នាពេលនោះ លោកស្រីកំពុងមានកូនខ្ចីម្នាក់ ហើយលោកស្រី និងស្វាមីបានគិតថា “ខ្ញុំតែងតែគិតថា អនាគតទៅកូនខ្ញុំមុខជាលំបាកជាងខ្ញុំទៀតហើយ បើពួកគេមិនបានរៀនសូត្រអ្វីឡើយ ព្រោះខ្ញុំគ្មានលុយឱ្យកូនទៅរៀន”។ ដោយសារកត្តាជីវភាពខ្វះខាត ពេលនោះគ្រួសាររបស់លោកស្រីខិតខំគ្រប់វិធី ដើម្បីចិញ្ចឹមជីវិត រួមទាំងការរកត្រីទាំងភ្លៀងផងដែរ។ ​

ដោយមើលឃើញពីជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងឃុំទីពោ ស្របពេលដែលឃុំនេះមានដីសាធារណៈរបស់រដ្ឋនៅទំនេរដែលអាចរៀបចំជាដីសម្បទានសង្គមកិច្ចបានផង អាជ្ញាធរខេត្តកំពង់ធំបានសហការជាមួយនឹងស្ថាប័ន និងដៃគូពាក់ព័ន្ធផ្សេងៗ បានដំណើរការនីតិវិធីក្នុងការរៀបចំដីសាធារណៈរបស់រដ្ឋនោះទៅជាដីឯកជនរបស់រដ្ឋ និងបានបែងចែកដីនោះជូនសម្បទានិកប្រមាណ​ ៧៧៩ គ្រួសារនៅឆ្នាំ ២០១២។

ចាប់ពីពេលនោះមក គ្រួសារប្រជាពលរដ្ឋក្រីក្រដែលគ្មានដី ឬមានដីតិចតួច រួមទាំងគ្រួសាររបស់លោកស្រី ជួប ណាវី ផងដែរបានកែប្រែជីវិត និងជីវភាពពីភាពក្រីក្រត្រដាបត្រដួស ពីគ្មានដី មកជាមានដីសម្រាប់សង់លំនៅឋានសមរម្យ និងដីកសិកម្មសម្រាប់បង្កបង្កើនផល។ លោកស្រី ជួប ណាវី ​មានប្រសាសន៍ទាំងញញឹមថា “ខ្ញុំសប្បាយរីករាយណាស់ បានមកដល់ទីនេះ [ដីសម្បទានសង្គមកិច្ច] គឺមានដីសម្រាប់សង់ផ្ទះស្នាក់នៅ មានសាលារៀន ផ្លូវថ្នល់ខ្វាត់ខ្វែង…ខ្ញុំទទួលបានស័ង្កសី អង្ករ ធុងទឹក…ជាពិសេសកូនខ្ញុំមានសាលាសម្រាប់រៀន ខ្ញុំនិងសម្បទានិកទាំងអស់មានផ្លូវធ្វើដំណើរ និងមានសមិទ្ធផលជាច្រើនទៀត”។

ស្ថិតនៅចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ នៅពេលគេធ្វើដំណើរចូលដល់ទីតាំងដីសម្បទានសង្គមកិច្ចនៅភូមិសែនអភិវឌ្ឍន៍១ គេនឹងបានឃើញផ្ទះសង់អំពីថ្ម ប្រក់ក្បឿងមួយខ្នង ទំហំ ៧ម៉ែត្រ គុណ ១២ម៉ែត្រ នៅលើដីឡូតិ៍លំនៅឋានទំហំ ៣០ម៉ែត្រ គុណ ៤០ម៉ែត្រ នៅខាងស្តាំដៃដែលគេអាចនឹងឆ្ងល់ថា តើនេះជាផ្ទះរបស់សម្បទានិកដែលធ្លាប់ជាគ្រួសារក្រីក្រកាលពីមុននោះ ឬយ៉ាងណា? ចម្លើយ គឺផ្ទះនោះ គឺជាផ្ទះរបស់លោកស្រី ជួប ណាវី ដែល​ធ្លាប់ជាគ្រួសារក្រីក្រកាលពីមុន ហើយគាត់បានខិតខំតស៊ូតាំងពីបាតដៃទទេរ រហូតមានលទ្ធភាពសង់លំនៅឋានសមរម្យសម្រាប់ស្នាក់នៅ។ លោកស្រីមានប្រសាសន៍ថា ទម្រាំមានថ្ងៃនេះ ជារៀងរាល់ឆ្នាំលោកស្រី និងស្វាមីបានខិតខំពួតដៃគ្នាក្នុងការប្រើប្រាស់ដីកសិកម្មដែលទទួលបានពីរាជរដ្ឋាភិបាល និងខិតខំប្រកបមុខរបរផ្សេងៗ ដើម្បីដោះសា្រយជីវភាពប្រចាំថ្ងៃផងដែរ។ គាត់អះអាងថា “ខ្ញុំមកដល់ទីនេះដំបូងលំបាកណាស់ ប៉ុន្តែ​ខ្ញុំមានដីសម្រាប់ប្រើប្រាស់ សម្រាប់ឱ្យកូនខ្ញុំស្នាក់នៅ ដូចនេះខ្ញុំលំបាកថ្ងៃនេះមែន តែថ្ងៃក្រោយកូនរបស់ខ្ញុំលែងលំបាកហើយ។” លោកស្រីបានបន្ថែមថា “​ដើម្បីបង្កើនជីវភាពរបស់ខ្លួនឱ្យដូចជាសព្វថ្ងៃ គ្រួសារខ្ញុំប្រឹងគ្មានថ្ងៃឈប់សម្រាកទេ ដោយប្តីខ្ញុំមានជំនាញជាជាងសំណង់ផង គាត់បានដើរស៊ីឈ្នួលម៉ៅការសំណង់ ព្រមទាំងស៊ីឈ្នួលបណ្ដុះកូនស្វាយចន្ទី​ឱ្យគេ”។

ទីតាំងដីសម្បទានសង្គមកិច្ចនៅឃុំទីពោអំណោយផលសម្រាប់ដំណាំស្វាយចន្ទី និងដំឡូងមី។ ដោយមើលឃើញពីតម្រូវការកូនស្វាយចន្ទីច្រើននៅទីនោះ ស្វាមីរបស់លោកស្រីគឺលោក អាន សុផល បានយកចំណេះដឹងពីការបណ្តុះកូនស្វាយចន្ទីឱ្យគេ មកបណ្តុះសាកល្បងដោយខ្លួនឯង ដោយគាត់យល់ថាប្រសិនបើបានផល គាត់នឹងអាចបណ្តុះកូនស្វាយចន្ទីសម្រាប់លក់ឱ្យសម្បទានិកនៅទីនោះតែម្តង។ ការខិតខំរបស់គាត់ពិតជាបានផល បន្ទាប់ពីការសាកល្បងជាច្រើនលើក ច្រើនសារ​ គាត់អាចបណ្ដុះកូនចន្ទីបានដោយជោគជ័យ ហើយក៏ប្រមូលដើមទុន​ ដើម្បីចាប់ផ្តើមប្រកបមុខរបរនេះ។  ​ជាលទ្ធផល នៅឆ្នាំ២០១៤ គាត់ចំណាយទុនចំនួន ៤លានរៀល ដើម្បី​បណ្ដុះកូនស្វាយចន្ទី​ចំនួន ៥ពាន់ដើម។ ​៤ខែក្រោយមក ​គាត់អាចលក់កូនចន្ទីដែលបណ្តុះនោះបានចំណេញប្រាក់ចំនួន ៨លានរៀល។ ​មើលឃើញពីផលចំណេញ និងតម្រូវការកូនស្វាយចន្ទីក្នុងសហគមន៍ ចាប់ពីឆ្នាំ២០១៥មក គ្រួសារលោកស្រីបានពង្រីកការបណ្តុះកូនស្វាយចន្ទីបន្ថែមរហូតដល់ទៅ ៧ម៉ឺនដើម ហើយទទួលបានចំណូលរហូតដល់ ១៨លានរៀលក្នុងមួយឆ្នាំ។

ក្រៅពីការលក់កូនស្វាយចន្ទី លោកស្រី ជួប ណាវី បានពង្រីកការដាំដំណាំផ្សេងៗបន្ថែមទៀតដូចជា ក្រូចឆ្មា ចន្ទី សាវម៉ាវ ក្រូចពោធិ៍សាត់ ក្រូចថ្លុង ក្រូចឃ្វិច ប៊រ ត្របែក ដូងក្រអូប ឫស្សីផ្អែម ស្វាយកែវរមៀត និងជីកស្រះទឹកទំហំ ១៥ម៉ែត្រ  x ៣០ម៉ែត្រ សម្រាប់ចិញ្ចឹមត្រី​ និងយកទឹកស្រោចដំណាំផ្សេងៗផងដែរ។ នៅឆ្នាំ២០២០នេះ គ្រួសារលោកស្រីបានទទួលចំណូលបន្ថែមទៀតពីដំណាំក្រូចឆ្មារ ដោយរៀងរាល់២ថ្ងៃម្ដង លោកស្រីអាចប្រមូលផលក្រូចឆ្មារ និងលក់បានថវិកាចំនួន ២០ម៉ឺនរៀល ដែលគិតជាមធ្យមក្នុងមួយខែ លោកស្រីអាចបានចំណូល​ចំនួន ២លានរៀលពីការលក់ក្រូចឆ្មារនេះ។ និយាយដោយស្នាមញញឹមបិទមាត់មិនជិត លោកស្រី ជួប ណាវី ​បានសង្កត់ធ្ងន់ថា “សព្វថ្ងៃនេះខ្ញុំប្រឹងធ្វើការមិនហ៊ានឈប់សម្រាក មិនមានពេលដេកថ្ងៃទេ​។ ដីកសិកម្ម ដីលំនៅឋានខ្ញុំដាំដំណាំច្រើនមុខ និងផលិតពូជផ្សេងៗ ហើយចំណូលដែលបានមកពីការលក់កសិផលទាំងនេះធ្វើឱ្យជីវភាពគ្រួសារខ្ញុំធូរធារខ្លាំងមែនទែន”។ លោកស្រីបន្តថា “ឥឡូវខ្ញុំមានផ្ទះរស់នៅសមរម្យ មានរថយន្ដ ម៉ូតូ មានដីដែលពីមុនខ្ញុំពុំធ្លាប់មាន ឥឡូវមានគ្រប់អស់ហើយសម្រាប់ខ្ញុំ។ កូនស្រីច្បងរបស់ខ្ញុំបានរៀនចប់បរិញ្ញាប័ត្រ និងទទួលបានការងារធ្វើជាមន្រ្ដីអំណានរបស់អង្គការមួយ និងកំពុងបង្រៀនកូនចៅសម្បទានិកនៅភូមិអូរធំ១នៃទីតាំងដីសម្បទានសង្គមកិច្ចនេះ”។

តាមរយៈបទពិសោធន៍ និងចំណេះដឹងខាងលើ បន្ទាប់ពីសាងសង់ផ្ទះរួចរាល់ គ្រួសារលោកស្រីដែលកំពុងរស់នៅជាមួយកូនស្រី៣នាក់ និងចៅប្រុសម្នាក់​មានបំណងបើកមុខរបរបន្ថែមទៀត ដូចជាបើកតូប​លក់ជីសរីរាង្គ និងទិញស្រូវស្ដុកទុក ដើម្បីកិនជាអង្ករសម្រាប់លក់។ លោកស្រី និងគ្រួសារបានប្ដេជ្ញាថា ពួកគាត់នឹងមិនបោះបង់ ឬលក់ដីទាំងនោះចោលទេ គឺរស់នៅប្រកបមុខរបរនៅលើដីនេះជារៀងរហូត។ លោកស្រី ជួប ណាវី បានបញ្ជាក់ថា “ខ្ញុំរស់នៅលើដីសង្គមកិច្ចនេះ មានក្ដីសុខណាស់ ដូចបានកំណប់ដ៏មហាសាល សូម្បីតែពុកម៉ែ ខ្ញុំក៏មិនមានទ្រព្យទាំងនេះចែកឱ្យខ្ញុំដែរ”៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់