​រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ អនុវត្តទៅតាមស្មារតីនៃអនុក្រឹត្យលេខ ១៨២ អនក្រ.បក ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង និង​សេចក្តីជូនដំណឹងលេខ ៣៨៨ របស់ក្រសួងមហាផ្ទៃ ជម្រាបជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្តស្តីពី ការរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ​ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណរដ្ឋបាលក្រុងកំពង់ធំ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្ទឹងសែននាពេលនោះមានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងប្រព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិដែលក្នុងនោះរួមមាន៖ (១) ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើត ជំរុ្ញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។។ ការបង្កើតឡើងនូវរាល់រដ្ឋបាលឯកភាពនៅថ្នាក់ក្រោមជាតិគឺសំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន (២) ការផ្លាស់ប្តូរនូវខ្សែគណនេយ្យ និងរបៀបរបរនៃការបំពេញការងារមានន័យថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង    ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួនត្រូវដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង​ ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ន នីមួយៗទទួលខុសត្រូវ។ ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ រដ្ឋបាលក្រុង ស្រុក ជាខ្សែបណ្តោយនៃក្រសួង ស្ថាប័ននីមួយៗជំនួសឱ្យការិយាល័យជំនាញដែលបានរៀបចំនាពេលកន្លងមក។ ហេតុនេះ ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនាញនៅថ្នាក់ខេត្តដែលត្រូវអនុវត្តសកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ក្រុង ស្រុក គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ដោយផ្ទាល់ទៅលើវិស័យដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន។

លើសពីនេះ ដើម្បីធានាឱ្យដំណើរការចាប់ផ្តើមអនុវត្តនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្ទឹងសែនប្រព្រឹត្តទៅដោយរលូន ឯកឧត្តមក៏បានណែនាំនូវកិច្ចការចាំបាច់មួយចំនួនដែលរដ្ឋបាលក្រុងស្ទឹងសែនត្រូវយកចិត្តទុកដាក់អនុវត្ត  ដោយក្នុងនោះរួមមាន៖

១. ការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋដែល

២. ការគ្រប់គ្រងបុគ្គលិក

៣. ការគ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ

៤. ការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ

៥.​ ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់

៦. ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​និងសុវត្ថិភាពសង្គម ​និង

៧. ការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ

គួររំលឹកថា សមិទ្ធផលដ៏សំខាន់ និងមានលក្ខណៈជាប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ គឺការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈការដាក់ចេញនូវអនុក្រឹត្យចំនួន៣ កាលពីចុងឆ្នាំ២០១៩កន្លងមក។ បន្ទាប់មក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានធ្វើការផ្សព្វផ្សាយដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស និងបានដាក់ចេញនូវសេចក្តីណែនាំស្តីពីការធ្វើសមាហរណកម្ម និងការរៀបចំបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងបានពិនិត្យ សម្រេចដាក់ចេញសេចក្តីសម្រេចស្តីពីការធ្វើសមាហរណកម្ម និងការរៀបចំបុគ្គលិកនៅតាមការិយាល័យ និងអង្គភាពនានានៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន ២០៣ ដែលមានមន្ត្រីសរុបចំនួន ១៩ ៦១២ នាក់ ក្នុងនោះមានមន្ត្រីរាជការក្របខណ្ឌចំនួន ១៦ ០៨៨ នាក់ និងមន្ត្រីកិច្ចសន្យាចំនួន ៣ ៥២៤ នាក់។ ដោយឡែក សម្រាប់ក្រុងស្ទឹងសែនមានមន្ត្រីចំនួន ៦៨នាក់ ដែលបានរៀបចំមុខតំណែងថ្មី និងបានរៀបចំប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនាពេលនេះ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់