ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើ្ជញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំនៅរដ្ឋបាលក្រង ស្រុក ខណ្ឌ ដល់ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស

រាជធានីភ្នំពេញ៖ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើ្ជញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំនៅរដ្ឋបាលក្រង ស្រុក ខណ្ឌ ដល់ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស នាព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

​វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានរយៈពេល១០ថ្ងៃនាពេលនេះ មានគោលបំណងសំខាន់ក្នុងការធានាឱ្យថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានសមត្ថភាពគ្រប់គ្រាន់ និងសមស្របដូចរៀបរាប់ខ្លះៗខាងលើ ដើម្បីបំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយផ្អែកលើម៉ូឌុលសិក្សាចំនួនបីគឺ (១) ការលើកកម្ពស់អភិបាលកិច្ចនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ( ២)ការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ និង (៣) ការគ្រប់គ្រង ដឹកនាំប្រកបដោយប្រសិទ្ធភាព។។

នៅក្នុងពិធីនេះ ឯកឧត្តម កុល វីរក្ស បានគូសបញ្ជាក់ដល់អង្គពិធីទាំងមូលអំពីសមិទ្ធផលសំខាន់ៗមួយចំនួនក៏ដូចជាឆន្ទៈនយោបាយ និងចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិថា នៅឆ្នាំ២០២០នេះ គឺជាឆ្នាំចុងលក្រោយនៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដែលនេះជាការបញ្ជាក់ថា ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជានៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានរយៈពេលប្រមាណ១០ឆ្នាំហើយ។ បើនិយាយនៅថ្នាក់ឃុំ សង្កាត់គឺមានរយៈពេល១៨ឆ្នាំ។ ក្នុងរយៈពេល១០ឆ្នាំ ប្រទេសកម្ពុជាបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន៣ដង ចាប់តាំងពីឆ្នាំ២០០៩ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់បានចំនួន៤ដង គិតចាប់ពីឆ្នាំ២០០២មក។ ឯកឧត្តមបានបន្ថែមថា ជាមួយនឹងសមិទ្ធផលខាងលើ នៅក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដូចជាការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានពីក្រសួងស្ថាប័នថ្នាក់ជាតិឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិបានប្រឈមនូវបញ្ហាមួយចំនួនដែលធ្វើឱ្យដំណើរការទាំងនេះមានភាពយឺតយ៉ាវ ប៉ុន្តែរាជរដ្ឋាភិបាលបានខិតខំសហការ សម្របសម្រួល និងពុះពារគ្រប់ឧបសគ្គ ដើម្បីជំរុញកិច្ចដំណើរការដ៏សាំញ៉ាំនេះ ដើម្បីធ្វើឱ្យប្រទេសយើងវិវត្តទៅមុខស្របតាមស្ថានភាពជាក់ស្តែងនៃនយោបាយ សេដ្ឋកិច្ច និងសង្គម ដោយសម្រេចបាននូវសមិទ្ធផលធំៗដូចខាងក្រោម៖

ទីមួយ៖ ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានកែសម្រួល និងដាក់ឱ្យដំណើរការដោយរលូន ស្របតាមគោលការណ៍នៃអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។ ប្រព័ន្ធ និងនីតិវិធីគ្រប់គ្រងការងារចាំបាច់នានាសម្រាប់អភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ​ និងដាក់ឱ្យដំណើរការក្នុងនោះមានជាអាទិ៍ នីតិវិធីអនុវត្តន៍ការងារ ការកសាងផែនការ ការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ និងប្រព័ន្ធគាំទ្រជាដើមដែលមានប្រព័ន្ធ និងនីតិវិធីគ្រប់គ្រងការងារទាំងនេះធានាបាននូវប្រសិទ្ធភាព តម្លាភាព សមធម៌ បរិយាប័ន្ន គណនេយ្យភាព និងជាពិសេស ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ តាមរយៈយន្តការនានាដូចជាកិច្ចប្រជុំក្រុមប្រឹក្សា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ដំណើរការកសាងផែនការ និងការងារគណនេយ្យភាពសង្គម។ លើសពីនេះ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតគឺ ការធ្វើសមាហរណកម្មការិយាល័យជំនាញនៅថ្នាក់ក្រុង ស្រុក​ ខណ្ឌ ចូលទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាលពីដើមឆ្នាំ២០២០ ដែលតាមរយៈនេះធ្វើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចពង្រឹងការគ្រប់គ្រងនៅរដ្ឋបាលរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពថែមទៀត តាមគោលការណ៍នៃរដ្ឋបាលឯកភាពស្របពេលដែលធនធាន ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិជាច្រើនទៀតត្រូវបានផ្ទេរឱ្យទៅស្ថិតក្រោមការគ្រប់គ្រង និងចាត់ចែងដោយផ្ទាល់ពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ទីពីរ៖ មុខងារប្រមាណជាង ២០០ប្រភេទពាក់ព័ន្ធការផ្តល់សេវារដ្ឋបាល អភិវឌ្ឍន៍ជនបទ សង្គមកិច្ច     បរិស្ថាន និងធនធានធម្មជាតិត្រូវបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាគោលការណ៍នៃកំណែទម្រប់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជា មុខងារដែលទាក់ទងទោនឹងតម្រូវការចាំបាច់ និងជាប្រចាំរបស់ពលរដ្ឋត្រូវផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិណាមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានសមត្ថភាព និងនៅកៀកជិតប្រជាពលរដ្ឋបំផុត ហើយរហូតមកដល់ពេលនេះ មុខងារជាច្រើនដែលឆ្លើយតបទៅនឹងសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាបន្តបន្ទាប់។ ក្រៅពីមុខងារជាក់លាក់ដែលត្រូវបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិក៏ទទួលបាននូវមុខងារជាអាណត្តិទូទៅ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗអាចសម្រេចជ្រើសរើសយកមកអនុវត្ត ដោយផ្អែកទៅតាមធនធានដែលខ្លួនមាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋានរៀងៗខ្លួន។ ព្រមជាមួយគ្នានេះ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗក៏ទទួលបាននូវមុខងារជាតំណាងរាជរដ្ឋាភិបាលក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ និងការការពារសិទ្ធិមនុស្សផងដែរ។

ទីបី៖ បុគ្គលិកប្រមាណ ២៣ ០០០នាក់ ត្រូវបានផ្ទេរ និងដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ រហូតមកដល់ពេលនេះ បុគ្គលិកប្រមាណ ២ម៉ឺននាក់ រួមទាំងគ្រូបង្រៀនប្រមាណ ៦ ៥០០នាក់ ត្រូវបានផ្ទេរឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ចាត់ចែងដោយរដ្ឋបាលក្រុង​ ស្រុក ខណ្ឌ និងបុគ្គលិកប្រមាណ ៣ ០០០នាក់ត្រូវបានផ្ទេរឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ចាត់ចែងដោយរដ្ឋបាលរាជធានី ខេត្ត។ ជាមួយនឹងការផ្ទេរបុគ្គលិកទាំងនេះ លិខិតបទដ្ឋានសំខាន់ៗមួយចំនួនត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្ត ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរួមមាន ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ អនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្មអំណាចទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងបុគ្គលិកបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គោលនយោបាយស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំស្តីពីគោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាដើម។

ទីបួន៖ ការធ្វើវិមជ្ឈការហិរញ្ញវត្ថុឱ្យដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានយកចិត្តទុកដាក់ និងពង្រឹងជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវលិខិតបទដ្ឋានគតិយុត្តជាច្រើនពាក់ព័ន្ធនឹងការផ្ទេរហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងនោះរួមមាន ការបង្កើតមូលនិធិឃុំ សង្កាត់ ការបង្កើតមូលនិធិក្រុង ស្រុក យន្តការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ និងការបង្កើតប្រភពចំណូលផ្ទាល់នៅមូលដ្ឋាន ជាដើម ដែលជាលទ្ធផល រហូតមកដល់ពេលនេះ រាជ     រដ្ឋាភិបាលកម្ពុជាបានផ្ទេរថវិការដ្ឋសរុបប្រមាណជាង ២ ៩៧៨ លានដុល្លារអាមេរិក ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់គ្រប់គ្រង​ ចាត់ចែង និងប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ទន្ទឹមនឹងនេះ​ រាជរដ្ឋាភិបាលក៏បានសម្រេចបង្កើនបន្ថែមនូវមូលនិធិឃុំ សង្កាត់ ដើម្បីបង្កលក្ខណៈឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែមានលទ្ធភាពក្នុងការខិតខំដោះស្រាយតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ ក្នុងនោះនៅឆ្នាំ២០២០នេះ​ ឃុំ សង្កាត់នីមួយៗទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២ ០០០ ដុល្លារអាមេរិក ក្នុងនោះមានថវិកាសម្រាប់ចំណាយលើផ្នែកអភិវឌ្ឍន៍មូលដ្ឋានជាមធ្យមចំនួនប្រមាណជាង ៧០ ០០០ ដុល្លារអាមេរិក ដែលចំនួននេះកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ថវិកានេះនឹងកើនឡើងជារៀងរាល់ឆ្នាំដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំសង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមចំនួនជាង ១៩៤ ០០០ ដុល្លារអាមេរិក។ ជាមួយនឹងការកើនឡើងនេះ ឃុំ សង្កាត់ធំៗមួយចំនួនដូចជាសង្កាត់ប៉ោយប៉ែត នៃក្រុងប៉ោយប៉ែត និងឃុំក្រែកនៃស្រុកពញាក្រែកនឹងទទួលបានថវិកាប្រមាណ ៤៥០ ០០០ ដុល្លារអាមេរិកនៅឆ្នាំ២០២៣។

ទីប្រាំ៖ យន្តការគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានកែសម្រួល និងពង្រឹងជាបន្តបន្ទាប់។ អនុលោមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ (គ.ជ.អ.ប) បានបង្កើតឡើងសម្រាប់ដឹកនាំ សម្របសម្រួលដល់ការរៀបចំ និងអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ក្រោមក្របខ័ណ្ឌនៃយន្តការនេះ គ.ជ.អ.ប បានកៀរគរគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានាសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នេះ តាមរយៈការរៀបចំថវិកាជាកញ្ចប់រួមសម្រាប់គាំទ្រផ្នែកបច្ចេកទេស ឬការរៀបចំអនុវត្តគម្រោងដាច់ដោយឡែកៗក្នុងភាពជាដៃគូ និងការចូលរួមធ្វើជាដៃគូក្នុងការអនុវត្តគម្រោងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ផ្អែកលើការសម្របសម្រួលរបស់ គ.ជ.អ.ប ក្រសួង ស្ថាប័នពាក់ព័ន្ធនានាចំនួន ២១ និងរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេសបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការរៀបចំ និងការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប ដោយបានខិតខំបង្កើតការប្រើប្រាស់ធនធាន ​និងការពង្រឹងនូវយន្តការដឹកនាំការងារកំណែទម្រង់របស់ស្ថាប័ននីមួយៗ សំដោះលើកកម្ពស់ភាពជាម្ចាស់ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នេះ។ ជាមួយនេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលក៏បានសម្រេចបង្កើតឱ្យមានសាលាជាតិរដ្ឋបាលមូលដ្ឋានដែលហៅកាត់ថា NASLA កាលពីឆ្នាំ២០១៦។ ជាក់ស្តែង វគ្គបណ្តុះបណ្តាលពេលនះ គឺរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការគាំទ្រជាថវិកាពី គ.ជ.អ.ប។

ឯកឧត្តមបានបន្តថា     ទន្ទឹមនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិលើកទី១ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកំពុងរៀបចំកម្មវិធីជាតិរយៈពេលវែងថ្មីមួយទៀត ដើម្បីពង្រឹង និងពង្រីកការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានដែលមានលក្ខណៈដោយឡែកៗពីគ្នាឱ្យកាន់តែប្រសើរឡើង ក្នុងគោលបំណងរួមចំណែកសម្រេចឱ្យបាននូវគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិកខ្ពស់នៅក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ កម្មវិធីជាតិរយៈពេលវែងថ្មីនេះ គ្រោងនឹងផ្តោតលើការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានលក្ខណៈកាន់តែធ្លើយតប កាន់តែរឹងមាំ និងកាន់តែមានសមត្ថភាពថែមទៀត តាមរយៈការកែលម្អរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទំាងការជំរុញ និងការលើកកម្ពស់ការផ្ទេរមុខងារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស និងការធ្វើវិមជ្ឈការហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង។

ជារួម ការអនុវត្តគោលនយោបាយវិមជ្ឍការ​ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតមកទល់ពេលនេះ អាចនិយាយបានថា ទទួលលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់នៅគ្រប់កម្រិតនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសលទ្ធផលក្នុងការខិតខំពង្រឹងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានដ៏ពិតប្រាកដមួយប្រកបដោយថាមពល និងសក្តានុពល។

​ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានរំលឹកជូន លោកស្រី អស់លោកជាសិក្ខាកាមទំាងអស់ថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន ត្រូវចាត់ចែងកិច្ចការចាំបាច់នានានៅមូលដ្ឋានរបស់ខ្លួន ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទំាងដើម្បីបំពេញមុខងារ ភារកិច្ចដែលបានផ្ទេរទៅឱ្យ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ក្នុងន័យនេះ ឯកឧត្តមសូមស្នើ លោកស្រី អស់លោក ដែលជាថា្នក់ដឹកនាំទាំងអស់ត្រូវយកកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនក្នុងនាមជាតំណាងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗដែលសុទ្ធតែជានីតិបុគ្គលស្របច្បាប់ ជាតំណាងឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅនៅមូលដ្ឋាន ក្នុងនោះត្រូវខិតខំកែប្រែឥរិយាបថរបស់ខ្លួនក្នុងការគ្រប់គ្រង ដឹកនាំ ដើម្បីឱ្យសមស្របទៅតាមបរិបទថ្មីនៃការគ្រប់គ្រងនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងត្រូវធានាថា សកម្មភាពនៃការបម្រើសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជារបៀបរបបការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌរបស់ខ្លួន ត្រូវប្រព្រឹត្តទៅស្របតាមគោលការណ៍ទំាងប្រាំបីនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដូចមានកំណត់ក្នុងមាត្រា១២ ​នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងនោះរួមមាន ភាពជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ការពិគ្រោះយោបល់និងការចូលរួម ការឆ្លើយតប និងគណនេយ្យភាព ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅមូលដ្ឋាន ការលើកស្ទួយសមធម៌ តម្លាភាពនិងសុចរិត និងវិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច។

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់