វឌ្ឍនភាពនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្នាំ២០១៩

រាជធានីភ្នំំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំក្រសួងមហាផ្ទៃ។ នៅក្នុងពិធីនោះ សម្តេចបានមាន ប្រសាសន៍ទាក់ទងនឹងវឌ្ឍនភាពនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយក្នុងនោះ សមិទ្ធផលសំខាន់រួមមាន ការកែសម្រួលមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការប្រគល់ មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានីខេត្ត និងការបង្កើនថវិកា សម្រាប់ ផ្នែកអភិវឌ្ឍន៍ដល់រដ្ឋបាលឃុំ សង្កាត់។

………………………………………………….

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា អាស្រ័យដោយមានការប្តេជ្ញាចិត្តខាងនយោបាយ របស់រាជរដ្ឋាភិបាល និងមានការគាំទ្រ ការចូលរួមពីក្រសួង​ ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា យើងបានជំរុញកិច្ចដំណើរការកំណែទម្រង់នេះឱ្យឈានដល់ដំណាក់ការកែ ទម្រង់ស៊ីជម្រៅ។ ដោយក្នុងនោះ សមិទ្ធផលសំខាន់ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រនោះគឺការកែ​សម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ ក្រុង ស្រុក ខណ្ឌ តាមរយៈ ការដាក់ចេញនូវ អនុក្រឹត្យចំនួន ៣ ដែលឆ្លុះបញ្ជាំងអំពីប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងមិនដូចគ្នាទាំងស្រុងរវាងក្រុង ស្រុក និងខណ្ឌ។

សម្តេចបានបន្ថែមថា ទោះបីជាការធ្វើសមាហរណកម្មនេះត្រូវបានរៀបចំរួចរាល់ហើយក្តី ក៏ការងារនេះ ត្រូវ​បន្តអនុវត្តបន្តទៀត។ ក្នុងនោះក្រុមការងារពាក់ព័ន្ធត្រូវចុះធ្វើការសិក្សា ពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីឱ្យដឹងថា តើរចនាសម្ព័ន្ធថ្មីដែលទើបបង្កើតនេះ សមស្របទៅនឹងកន្លែងនីមួយៗដែលឬទេ? ជួនទៅវាមិនដូចគ្នា ជួនកាលវាលើស ជួនកាលវាខ្វះ។ កាលណារចនាសម្ព័ន្ធលើសបានន័យថា មនុស្សដែលរៀបចំទៅក៏វាលើសដែរ។ អ៊ីចឹងវាអាចមានការខាតបង់ ខណៈពេលដែលកន្លែងខ្លះវាខ្វះ។ អ៊ីចឹងបានជាចាំបាច់ត្រូវតាមដានបន្តទៀត។ មួយទៀតគឺការប្រកាសមន្ត្រី ថាតើមន្ត្រីដែលយើងបាន ធ្វើសមាហរណកម្មរួចហើយហ្នឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរ៉ាប់រងការងារហ្នឹងឬអត់? ​ហេតុនេះ យើងមានការងារជាច្រើនទៀតត្រូវធ្វើ ទោះបីជាយើងទទួលបានជោគជ័យនៅជំហានដំបូងក៏ដោយ។ ហេតុនេះយើងមានភារកិច្ចធ្វើយ៉ាងម៉េចឱ្យរចនាសម្ព័ន្ធថ្មីនេះមានប្រសិទ្ធភាព។ ជៀសវាងកាលពី មិនទាន់កែសម្រួល យើងថាវារយីករយាកគ្មានប្រសិទ្ធភាព ដល់ពេលយើងកែសម្រួលរួចហើយ វានៅតែអត់ប្រសិទ្ធភាពទៀត អ៊ីចឹងមានន័យថាកំណែទម្រង់ហ្នឹងវាអត់មានន័យទេ។

តើកិច្ចការនេះជារបស់នរណា? កិច្ចការនេះជារបស់រាជរដ្ឋាភិបាល។ ក្រសួងស្ថាប័នទាំងអស់សុទ្ធតែ​មានភារកិច្ច ដើម្បីជួយគាំទ្រដល់កំណែទម្រង់នេះ ឱ្យរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌនេះដើរ។ ក្នុងនោះសម្តេចធ្លាប់បានបញ្ជាក់កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈកន្លងមកនេះថា ថ្នាក់ស្រុក មិនមែនជាខ្សែបណ្តោយរបស់ក្រសួងណាមួយទេ។ ការយល់បែបនេះ ប្រៀបដូចជាមនុស្សនោះ​ទើបភ្ញាក់ពីដេក ដោយមិនបានតាមដាន មិនបានស្វែងយល់អ្វីទាំងអស់។ សម្តេចបានបន្តថា នៅក្នុងរដ្ឋធម្មនុញ្ញក៏បាននិយាយ នៅក្នុងច្បាប់រៀបចំអង្គការក៏បាននិយាយ ហើយនៅក្នុងលិខិត្តបទដ្ឋាន ផ្សេងៗទៀតនៅក្នុងកំណែទម្រង់នេះក៏បាននិយាយ ប៉ុន្តែក្រែងគាត់មិនបានស្វែងយល់ពីបញ្ហានេះ។ អ៊ីចឹងបានជាគាត់យល់ថា រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ ដល់ភូមិហ្នឹងជាខ្សែបណ្តោយរបស់ ក្រសួងមហាផ្ទៃ ការយល់បែបនេះគឺខុសទាំងស្រុង។ សម្តេចបញ្ជាក់ថា រដ្ឋបាលទាំងអស់នោះ​គឺជាខ្សែបណ្តោយរបស់រដ្ឋាភិបាល ហើយជាខ្សែបណ្តោយរបស់ក្រសួងស្ថាប័ន្ធទាំងអស់ ទៅតាមវិស័យ ដែលខ្លួនទទួលខុសត្រូវ។ ក្រសួងមហាផ្ទៃគ្រាន់តែមានតួនាទី​ ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល​ក្នុងការរៀបចំរដ្ឋបាលហ្នឹង ឱ្យមានរចនាសម្ព័ន្ធ តួនាទី ភារកិច្ច មន្ត្រីជូនជាសេនាធិការដល់ រាជរដ្ឋាភិបាល ប៉ុន្តែមិនមានសិទ្ធិបញ្ជាលើការងារគ្រប់វិស័យដែលរដ្ឋបាលខេត្តទទួលខុសត្រូវនោះទេ។ ក្រសួងមហាផ្ទៃមិនអាចបញ្ជាលើវិស័យកសិកម្ម វិស័យធនធានទឹក វិស័យឧស្សាហកម្ម វិស័យរ៉ែ វិស័យព្រៃឈើ។ល។ គ្រាន់តែជួយតម្រង់ទិសក្នុងការចាត់ចែង ការគ្រប់គ្រង ការប្រើប្រាស់តួនាទី សិទ្ធិអំណាចរបស់រដ្ឋបាលនេះ ថាវាស្របទៅនឹងច្បាប់ដែលាមានជាធរមាន ឬអត់។ មិនអាចថា រដ្ឋមន្ត្រីក្រសួមហាផ្ទៃទៅបញ្ជាអភិបាលខេត្តឱ្យកាត់ដីកន្លែងនេះ កន្លែងនោះ គឺអត់មានសិទ្ធិទេ។ ក្រសួងមហាផ្ទៃជាថ្នាក់លើរបស់រដ្ឋបាលខេត្តក្នុងវិស័យដែលខ្លួនទទួលខុសត្រូវ។ ក្រសួងផ្សេងទៀត ក៏ជាថ្នាក់លើរបស់រដ្ឋបាលខេត្តដែរ តែក៏លើវិស័យដែលគាត់ទទួលខុសត្រូវដែរ។ រដ្ឋបាលខេត្តគឺជា តំណាងរាជរដ្ឋាភិបាលដែលមាននាយករដ្ឋមន្ត្រី បន្ទាប់មកគ្រប់ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួន។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីយើងបានធ្វើសមាហរណកម្មរួចមក មិនមែនបានន័យថា យើងចប់ភារកិច្ចទេ គឺយើងមានកិច្ចការត្រូវបន្តទៀត ហើយគោលដៅ ចុងក្រោយគឺធ្វើយ៉ាងម៉េចឱ្យរដ្ឋបាលស្រុកហ្នឹងមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការចាត់ចែង ការងារ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់គាត់ឱ្យបានល្អផង និងទទួលខុសត្រូវ ចំពោះរាជរដ្ឋាភិបាលផង។ ក្រៅពីក្រសួងស្ថាប័នដែលទទួលខុសត្រូវ យើងនឹងធ្វើប្រតិភូកម្មទៅឱ្យខេត្ត ដើម្បីគាត់ជួយសម្របសម្រួលឱ្យរដ្ឋបាលស្រុកហ្នឹងដំណើរការ។ ខ្សែគណនេយ្យភាពបានបញ្ជាក់ហើយ រដ្ឋបាលស្រុកមិនមែនទទួលខុសត្រូវចំពោះខេត្តទេ ប៉ុន្តែខេត្តមានភារកិច្ចទទួលប្រតិភូកម្មអំណាច ដើម្បីជួយសម្របសម្រួលមើលរដ្ឋបាលស្រុកធ្វើត្រឹមត្រូវតាមច្បាប់ត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ ការកែ សម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនេះបានភ្ជាប់ជាមួយការផ្ទេរមុខងារចំនួន៥៥ និងមុខងាររងចំនួន ១២២ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនោះផងដែរ។

សម្តេចបានមានប្រសាសន៍បន្តថា ចំណុចនេះជាចំណុចមួយដែលយើងត្រូវយកចិត្តទុកដាក់ ជាពិសេស លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងអគ្គនាយកដ្ឋានរដ្ឋបាលរួមគ្នា ដើម្បីពិនិត្យពីមុខងារចំនួន ៥៥ នេះ។ មុខងារណាដែល យើងផ្ទេរ មុខងារណាដែលត្រូវធ្វើប្រតិភូកម្ម ហើយធ្វើម៉េច ដើម្បីឱ្យរដ្ឋបាលថ្នាកក្រោមជាតិហ្នឹងអាច ដំណើរការបានល្អប្រសើរ។ គោលការណ៍របស់រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ហើយថា ត្រូវភ្ជាប់ទៅ ជាមួយធនធាន។ ធនធាននោះមានដូចជា ទី១ ធនធានមនុស្ស ធនធានមនុស្សគឺមន្ត្រីដែលកំពុង ធ្វើការងារនៅកន្លែងនោះស្រាប់ គ្រាន់តែផ្ទេរសិទ្ធិឱ្យគេគ្រប់គ្រងកន្លែងនោះ ដោយផ្តល់ការ បណ្តុះបណ្តាលបន្ថែម ហើយប្រសិនបើខ្វះមនុស្ស ចាំយើងផ្ទេរពីលើទៅវិញ។ ទី២ គឺធនធាន ទ្រព្យសម្បត្តិ ដូចជាអចលនទ្រព្យ គឺត្រូវតែផ្ទេរ។ ទី៣ គឺធនធានថវិកា។ ប្រសិនបើយើងឱ្យតែសិទ្ធិ ឱ្យតែអំណាច តែមិនឱ្យធនធានទាំងបីខាងលើទៅទេ នោះក្រុង ស្រុក ខណ្ឌ ពុំមានមធ្យោបាយធ្វើការទេ ហើយមិនអាចជោគជ័យទេ។ ប៉ុន្តែថ្នាក់រដ្ឋបាលក្រោមជាតិនេះ យើងទទួលបានសិទ្ធិ បានអំណាច បានធនធានហើយ តែបែរជាមិនអាចធ្វើកិច្ចការដែលបានផ្ទេរទៅឱ្យនោះបានវិញ មន្ត្រីទាំងនោះត្រូវ ទទួលខុសត្រូវចំពោះច្បាប់ ព្រោះពួកគាត់មានខ្សែគណនេយ្យភាព មិនអាចធ្វើអ្វីតាមតែចិត្តនោះទេ។ ថវិកាដែលគេឱ្យចាយ គេបានកំណត់ថាត្រូវចាយលើអ្វី និងចំនួនប៉ុន្មាន ហើយអ្នកចាយត្រូវទទួល​ខុសត្រូវ​លើការចាយនោះ។

លើសពីនេះ សម្តេចបានបញ្ជាក់ទៀតថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់​ចេញនូវអនុក្រឹត្យស្តីពីការផ្ទេរមុខងារផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្តផងដែរ។ ទន្ទឹមនឹងការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង នៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ការផ្ទេរមុខងារ ធនធាន និងថវិកាឱ្យថ្នាក់រដ្ឋបាលនេះ និងការផ្ទេរមុខងារទៅឱ្យរដ្ឋបាលរាជធានី ខេត្ត រាជរដ្ឋាភិបាល ក៏បានបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍន៍ដល់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២០នេះ ដោយមានការកើនឡើងទ្វេរដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ហើយធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍន៍ នេះនឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣។

ជាចុងបញ្ចប់ សម្តេចបានមានប្រសាសន៍ថា វឌ្ឍនភាពថ្មីនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនឹងបង្កលក្ខណៈសម្បត្តិដល់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋានដែល ជួយពង្រឹងគណនេយ្យភាពរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថ កិច្ចរបស់ខ្លួន៕

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់