សិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

០៤ មិថុនា ២០២៦

,  

35

Banner
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពីការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់និងប្រទេសអាល្លឺម៉ង់ នៅសណ្ឋាគារណូវីតែល រាជធានីភ្នំពេញ។
ថ្លែងក្នុងសុន្ទរកថាបើកអង្គសិក្ខាសាលានាព្រឹកនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រយៈពេលជាង ២ទសវត្សមកនេះ តាមរយៈកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយបានជួយឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិអំណាច ធនធាន និងលទ្ធភាពគ្រប់គ្រាន់ក្នុងបម្រើតម្រូវការសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសគឺការឆ្លើយតបដោះស្រាយបញ្ហាកើតឡើងបន្ទាន់ៗដូចជា ជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានាតាមមូលដ្ឋាន។ សិក្ខាសាលាដែលបានរៀបចំនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការចែករំលែកបទពិសោធន៍ និងការផ្តល់ធាតុចូលល្អៗពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកជម្រើសការលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ ការសិក្សាជម្រើសក្នុងការកែសម្រួលរដ្ឋបាលរាជធានីទៅជារដ្ឋបាលទីក្រុងមេត្រូប៉ូលីតែន រដ្ឋបាលខេត្តទៅជារដ្ឋបាលតំបន់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ទៅជារដ្ឋបាលមូលដ្ឋានឱ្យស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក Christof Weigelmeier ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៃនៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនៃសហព័ន្ធអាល្លឺម៉ង់ (GIZ) ដោយបានសហការក្នុងការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង។ លោកបានថ្លែងថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តគាំទ្រលើការងារកំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ដើម្បីលើកកម្ពស់អភិបាលកិច្ច និងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាពនៅប្រទេសកម្ពុជា។
នៅក្នុងអង្គសិក្ខាសាលារយៈពេលពេញមួយថ្ងៃនេះ មានការធ្វើបទបង្ហាញសំខាន់ចំនួនបី រួមមាន៖
១. ការចែករម្លែកបទពិសោធន៍ពីបណ្តាប្រទេសនានា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្តីពីវិមជ្ឈការហិរញ្ញវត្ថុ (ប្រភពចំណូលនៅមូលដ្ឋាន ការផ្ទេរធនធានហិរញ្ញវត្ថុ និងការខ្ចីប្រាក់) និងការគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ និងគណនេយ្យភាព
២.បទបង្ហាញ ស្តីពីការអនុវត្តនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ អំពីការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង
៣.បទបង្ហាញអំពីរបកគំហើញបឋមរបស់ក្រុមបេសកកម្មអាល្លឺម៉ង់។
ក្រៅអំពីការចែករំលែកមេរៀនបទបទពិសោធន៍ការអនុវត្តល្អៗពីបណ្តាប្រទេសនានា អង្គសិក្ខាសាលាបានរៀបចំនូវវេទិកាសំនួរចំលើយ ដោយមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសបីរូប រួមមាន៖
១.លោក Werner Gatzer អតីតរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ សហព័ន្ធប្រទេសអាល្លឺម៉ង់
២.លោកស្រី Stefanie Teggemann ប្រធានគ្រប់គ្រងមូលនិធិ GIZ ប្រទេសអាលឺម្លង់ និង
៣.លោកស្រី Friederike Burkert ប្រធានគ្រប់គ្រងកម្មវិធី (GIZ/ISD II)។
សិក្ខាសាលានេះមានសមាភាពអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. គណៈកម្មាធិការកែទម្រង់ទាំង៥របស់រាជរដ្ឋាភិបាល តំណាងស្ថានទូតអាល្លឺម៉ង់ ស្វីស លុចហ្សាំបួរ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការសង្គមស៊ីវិល និងសិស្សមន្រ្តីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល សរុបចំនួន ១២៣រូប ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP