លោកជំទាវ អ៊ឹង កន្ថាផាវី ប្រកាសតែងតាំងប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ កាលពីរសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។

យោងតាមប្រកាសរបស់ក្រសួងកិច្ចការនារីបានឱ្យដឹងថា លោកស្រី ឆូ គឹមស៊ត ឋានន្តរស័ក្តឧត្ដមមន្ត្រីថ្នាក់លេខ៦ ត្រូវបានតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ ជំនួសលោក ស្រី ប៊ុន ស៊ីថូត ដែលត្រូវចូលនិវត្តន៍ ។

លោកជំទាវ អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តបេសកកម្មដឹកនាំអនុវត្តន៍ការងារកិច្ចការនារីក្នុងខេត្តឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ។  លោកជំទាវបានមានប្រសាសន៍ជំរុញឱ្យយកចិត្តទុកដាក់លើកកម្ពស់ និងបញ្ជ្រាបសមភាពយេនឌ័រ ការផ្ដល់ និងពង្រឹងសិទ្ធិអំណាចស្ដ្រី ការការពារ និងការផ្ដល់សេវាអប់រំសុខភាព រួមទាំងការងារជាច្រើនទៀត ដើម្បីជាប្រយោជន៍សម្រាប់ស្ត្រី កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ ។

លោកជំទាវរដ្ឋមន្ត្រី បានធ្វើការណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីធានានិរន្តរភាពការងារប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទឱ្យបានល្អប្រសើរ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវមានការសហការល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពនានា ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន។ ឆ្លើយតបជាវិជ្ជាមានទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលនិងផែនការនារីរតនៈទី៤ របស់ក្រសួងកិច្ចការនារី។ ត្រូវប្រឹងប្រែងឱ្យអស់ពីសម្ថភាពនិងលទ្ធភាពអនុវត្តន៍ការងារតាមគោលនយោបាយកម្មវិធីរបស់ក្រសួងកិច្ចការនារី លើកកម្ពស់ស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូ ដើម្បីឱ្យលំហូរការងារមានភាពល្អប្រសើរ និងស៊ីសង្វាក់គ្នា ខិតខំអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីបំពេញការងារឱ្យទទួលបានជោគជ័យ តាមគោលនយោបាយកម្មវិធី អនុកម្មវិធីរបស់ក្រសួង ៕

ប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់