ក្រុមការងាររបស់ធនាគារពិភពលោកធ្វើទស្សនកិច្ច​សិក្សា​​នៅសម្បទានដីសង្គមកិច្ចរបស់គម្រោង LASED II

កំពង់ធំ៖ ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារខេត្តកំពង់ធំ នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ចជំហាន២ (LASED II) បាន​រៀបចំសម្របសម្រួលដល់ក្រុម​ការងារ​របស់ធនាគារ​ពិភពលោក ​ដើម្បី​ចុះ​សិក្សា​ស្វែង​យល់​  និង​សំណេះសំណាល​ជាមួយ​សម្បទានិក​​នៅក្នុងដីសម្បទានសង្គមកិច្ចដែលស្ថិតនៅក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងឱកាសនោះមានសម្បទានិកចំនួនប្រមាណជាង៥០នាក់បានចូលរួម​និងបានជជែកពិភាក្សា ដោយផ្ទាល់ជាមួយក្រុមការងាររបស់ធនាគារពិភពលោក។ ក្រោយពីបានស្តាប់របាយការណ៍ដែលជម្រាបជូនដោយ មន្ត្រីនៃគម្រោង LASED II ប្រចាំខេត្តកំពង់ធំ ​ក្រុម​ការងារ​របស់ធនាគារ​ពិភពលោក​បាន​ជួប​សំណេះសំណាល​ជាមួយ​សម្បទានិកដើម្បីស្វែងយល់ពីការ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​  ការងារ​គ្រប់​គ្រង​  និងការ​ថែទាំ​ហេដ្ឋារចនា សម្ព័ន្ធ​ក្នុង​សហគមន៍​។   បន្ទាប់ពីការជួបប្រជុំជាមួយសម្បទានិករួមមក ក្រុម​ការងាររបស់ធនាគារពិភពលោកក៏​បានធ្វើទស្សនកិច្ច និង​ជួប​ជាមួយ​សិស្សានុសិស្ស​  និង​លោកគ្រូ​អ្នក​គ្រូ​ ដើម្បី​ស្វែង​យល់​ពី​ការ​បង្រៀន និងការរៀន​សូត្រ​នៅទីនោះផងដែរ។ ក្រោយមក​ ​ក្រុមការងារ​របស់ធនាគារពិភពលោកក៏បាន​បន្ត​ដំណើរចុះជួប​ជាមួយ​សម្បទានិក​តាម​គ្រួសារ​ដែល​បាន​ចិញ្ចឹម​មាន់​ និង​ដាំ​បន្លែ​ដែលជាមុខរបរបន្ទាប់បន្សំបន្ទាប់ពីការធ្វើស្រែចម្ការ និងដាំ ដំណាំផ្សេងៗ។

ជារួម ​ក្រុម​ការងារ​របស់ធនាគារ​ពិភពលោក​បាន​កត់សម្គាល់​ឃើញថា​  ជីវភាពរស់នៅ​របស់​សម្បទានិក នៅក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ​មានភាព​ល្អប្រសើរ​ឡើង​ជាបន្តបន្ទាប់ ក្រោយ​ពី​បាន​មករស់នៅលើដីថ្មី នេះតាមរយៈការសាងសង់លំនៅឋាន ការបង្កបង្កើនផល​ ការដាំដំណាំគ្រប់ប្រភេទ និងការចិញ្ចឹមសត្វ ព្រមទាំងមុខ របរបន្ទាប់បន្សំផ្សេងៗនៅលើដីរបស់ខ្លួនដែលបានទទួលពីគម្រោង LASED II។ នៅក្នុងឱកាសនោះ  ​​សម្បទានិក​ក៏បានសម្តែងនូវភាពសប្បាយរីករាយរបស់ខ្លួនប្រាប់ដល់ក្រុមការងាររបស់ធនាគារពិភពលោក បន្ទាប់ពីពួកគាត់ទទួល បានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ (ប្លង់​ដី​)​ ពី​រាជរដ្ឋាភិបាល​ក្នុងពេលថ្មីៗនេះ។ មុននឹងបញ្ចប់ដំណើរ ទស្សនកិច្ចរបស់ខ្លួន ​ក្រុម​ការងារ​របស់ធនាគារ​ពិភពលោក​ក៏បាន​ផ្តាំ​ផ្ញើ​ដល់​សម្បទានិកទាំងអស់ឱ្យបន្ត​ខិតខំ​ប្រឹងប្រែង​ក្នុងការបង្ក​បង្កើនផល ដើម្បីបង្កើនប្រាក់ចំណូលរបស់គ្រួសារ​ និង​រួមសហការ​គ្នា​ថែរក្សា​សមិទ្ធផល​នានាដែលបាន កសាងនៅក្នុងសហគមន៍របស់ខ្លួន ដើម្បីធានាការប្រើប្រាស់ឱ្យបានយូរអង្វែង៕

 

អត្ថបទពាក់ព័ន្ធ

ប្រជាពលរដ្ឋក្រីក្រគ្មានដីធ្លីបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់