ថ្នាក់ដឹកនាំគម្រោង LASED II ទទួលជួបពិភាក្សាការងារ ជាមួយក្រុមការងារបស់ធនាគារ ពិភពលោក

រាជធានីភ្នំពេញ៖ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងថ្នាក់ដឹកនាំ​គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារបស់ធនាគារពិភពលោក ​នៅទីស្តីការក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តម ឆាន់ សាផាន បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងាររបស់​ធនាគារ​ពិភពលោកទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ ហើយឯកឧត្តមបានចាត់ទុកថា ជំនួបពិភាក្សានេះជាឱកាសមួយដ៏ល្អសម្រាប់ក្រុមការងារអនុវត្តគម្រោង LASED II ​បង្ហាញនូវភាព​រីកចម្រើន​ក្នុងការអនុវត្តគម្រោងដល់ក្រុមការងារបស់ធនាគារពិភពលោក ក៏ដូចជាពិភាក្សាអំពីដំណើរ​បេសកកម្មរបស់ធនាគារពិភពលោកទៅកាន់ទីតាំងនានារបស់គម្រោងផងដែរ។

លោក Mark A. Austin ប្រធានកម្មវិធីប្រចាំនៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ របស់ធនា​គារ​​ពិភពលោក និងជាប្រធានក្រុមការងាររបស់ធនាគារពិភពលោកបានសម្តែងក្តីរីករាយ ​និង​ថ្លែងអំណរគុណចំពោះការរៀបចំជំនួបពិភាក្សានេះ។ លោកបានមានប្រសាសន៍ថា ការបំពេញ​បេសកកម្មរបស់ក្រុមការងារធនាគារពិភពលោកនៅពេលនេះគឺជាកិច្ចការមួយរបស់ធនាគារពិភពលោកក្នុងការចុះពិនិត្យ តាមដាន និងផ្តល់យោបល់ទៅលើការអនុវត្តគម្រោងនានាដែលទទួលបានកម្ចី​សម្បទានហិរញ្ញប្បទានពីធនាគារពិភពលោក។

នៅក្នុងជំនួបពិភាក្សានោះ លោកបណ្ឌិត ដោក ដូម៉ា នាយកគម្រោង LASED II បានជម្រាប​ជូនក្រុមការងាររបស់ធនាគារពិភពលោកថា គិតមកត្រឹមខែតុលា ឆ្នាំ២០១៨នេះ ក្នុងចំណោម​សម្បទានិក​ចំនួន៤៤១៤គ្រួសារដែលបានទទួលដីលំនៅឋាន និងដីកសិកម្មពីគម្រោង LASED II បានចូលតាំងទីលំនៅអចិន្ត្រៃយ៍ចំនួន ២០១៦គ្រួសារ ស្មើនឹង ៤៥,៦២% សម្បទានិកមកតាំងទីលំនៅ​មិន​អចិន្ត្រៃយ៍មានចំនួន ១៦៩៤គ្រួសារ ស្មើនឹង៣៨,១៤% សម្បទានិកមិនទាន់មកតាំងទីលំនៅ​មានចំនួន ៦៧៩គ្រួសារ ស្មើនឹង១៥,២៩% និងសម្បទានិកដែលបានប្រគល់ដីមកគម្រោង​វិញមាន​ចំនួន​៤២គ្រួសារ ស្មើនឹង០,៩៥%។

បន្ទាប់ពីជំនួបនេះ ក្រុមការងាររបស់ធនាគារពិភពលោកនឹងចុះបំពេញបេសកកម្មនៅតាម​ទីតាំងដីសម្បទានសង្គមកិច្ចរបស់គម្រោង LASED II នៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលជាក់ស្តែងនូវការអភិវឌ្ឍ និងការរស់នៅរបស់សម្បទានិក​នៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចទាំងនោះ ដែលបេសកកម្មនេះនឹងចាប់ផ្តើមពីថ្ងៃទី៣០ខែតុលានេះ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់