ឯកឧត្តម ង៉ាន់ ចំរើន អញ្ជើញបើកសិក្ខាសាលាស្ដីពី​​ ការបង្ហាញលទ្ធផលនៃការប្រមូលទិន្នន័យដើមគ្រាក្នុងការ​គ្រប់គ្រង​សំរាម សំណល់រឹងទីប្រជុំជន

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួង​​​​​​​​​មហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានអញ្ជើញបើកសិក្ខាសាលាស្ដីពី​​ ការបង្ហាញលទ្ធផលនៃការប្រមូលទិន្នន័យដើមគ្រាក្នុងការ​គ្រប់គ្រង​សំរាម សំណល់រឹងទីប្រជុំជន នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយាល់ (Raffle Hotel Le Royal)​។ សិក្ខាសាលានេះរៀបចំឡើងដោយកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ​(United Nations Development Programme) សហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)។

នៅក្នុងសិក្ខាសាលានេះ នាយករបស់ UNDP ​លោក Nick Beresford មើលឃើញថា កម្ពុជាមានបញ្ហាប្រឈម​ក្នុងការ​គ្រប់គ្រងសំរាម ខណៈពេលសេដ្ឋកិច្ចមាន​កំណើន​​​យ៉ាង​​​ឆាប់រហ័ស​ក្នុង​រយៈពេល​ជាង​ពីរទស្សវត្សរ៍​មក​នេះ។ ដើម្បីដោះស្រាយបញ្ហាគ្រប់គ្រងសំរាម សំណង់រឹងនៅ​ទីប្រជុំជននេះ លោក​បានបន្តមាន​ប្រសាសន៍ថា វាទាមទារឱ្យមានការ​ចូលរួ​មពីគ្រប់ភាគីពាក់ព័ន្ធ​ទាំងអាជា្ញធរ និងប្រជាពលរដ្ឋ​ក្នុងសង្គម​ទាំងមូល។

ជាក់ស្តែង លោកបាន​លើកឡើងពីបទពិសោធន៍​នៃការគ្រប់គ្រង​សំរាម​ក្នុងចក្រភពអង់គ្លេសដោយផ្ទាល់ថា អាជ្ញាធរបានចេញ​វិធានការគ្រប់គ្រងស្បោង ឬថង់ប្លាស្ទិក ដោយមិន​តម្រូវ​ឱ្យមានការចែកចាញ​ថង់ប្លាស្ទិកនៅតាម​ទីផ្សារ​នានាឥតគិតថ្លៃឡើយ។ ហេតុនេះ ប្រជាពលរដ្ឋ​អង់គ្លេស​ភាគ​ច្រើន​​បានយល់ពីការការពារ​បរិស្ថាន និង​ចូលរួម​លែងប្រើប្រាស់ថង់ជ័រប្លាស្ទិក។ លោក​សង្ឃឹម​ជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជានឹង​ផ្លាស់ប្តូរ​ទម្លាប់​ប្រើប្រាស់ថង់ប្លាស្ទិកដែរ នៅពេលទីផ្សារនានា​ចាប់ផ្តើម​លែង​ចែក​​ចាយ​​ថង់ប្លាស្ទិកដល់​អតិថិជនខ្លួនដោយ​ឥតគិតថ្លៃ។

នៅក្នុងឱកាសបើកសិក្ខាសាលានេះដែរ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិ​នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមាន​ប្រសាសន៍​​​គាំទ្រ​ការ​​លើកឡើង​​របស់នាយក UNDP ដែល​សង្កេតឃើញថា កម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងរហ័សជាងពីរទស្សវត្សរ៍ដែលនាំឱ្យមាន​ការរីក​ចំរើននៅ​តាម​តំបន់ទីប្រជុំជននានា ខណៈអាជ្ញាធរពុំទាន់អាចមានលទ្ធភាព និងធនធានគ្រប់គ្រាន់​ក្នុងការ​គ្រប់​គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន ពិសេសគឺនៅថ្នាក់រដ្ឋបាលក្រុង និងស្រុក។

​ឯកឧត្តមបានមាន​ប្រសាសន៍កត់​សម្គាល់​ថា ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅតែជាបញ្ហាប្រឈមនៅឡើយនៅក្នុងថ្នាក់រដ្ឋបាលក្រុង និង​ស្រុក បើទោះបីជា​អនុក្រឹត្យ​ស្តីពី ការគ្រប់គ្រង​សំរាម សំណល់រឹងទីប្រជុំជន ត្រូវបានដាក់ឱ្យអនុវត្ត​តាំង​ពី​ខែសីហា ឆ្នាំ២០១៥ ហើយ គ.ជ.អ.ប និងក្រសួងពាក់ព័ន្ធបានចេញសៀវភៅណែនាំ​ក៏​ដោយ​។

យ៉ាងណា ឯកឧត្តមបានបន្តមានប្រសាសន៍​បញ្ជាក់​ជាថ្មី​អំពីឆន្ទៈរបស់រាជរដ្ឋាភិបាល​ក្នុងការអនុវត្ត​គោល​នយោបាយវិមជ្ឈការ និងវិសហមជ្ឈការលើ​ការ​បន្ត​ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់​ក្រោម​ជាតិ​ ពិសេសគឺ នៅរដ្ឋបាលក្រុង ស្រុក ដែលស្ថិតនៅកៀកជិតប្រជាពលរដ្ឋ។​

ដើម្បីជំរុញការគ្រប់គ្រងសំរាមនេះ ឯកឧត្តម ង៉ាន់ ចំរើន បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធ​រថ្នាក់​ក្រោម​ជាតិ ហើយឯកឧត្តមបាន​បង្ហើបឱ្យដឹងថា នៅពេល​ខាង​មុខ​​​នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃនឹងចេញប្រកាសរួមមួយអំពី ការកំណត់​តារាង​តម្លៃជាអតិប្បរមា​ក្នុងការប្រមូលសំរាម​នៅទូទាំង​ប្រទេស ជាពិសេសក្នុងថ្នាក់រដ្ឋបាលក្រុង និង​ស្រុក ដើម្បីកំណត់តម្លៃ​ប្រមូលសំរាមឱ្យបានច្បាស់លាស់។​

ឯកឧត្តមមានបន្តប្រសាសន៍លើកទឹកចិត្តអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិឱ្យចូលរួមផ្តល់យោបល់ និង​បញ្ហា​​ប្រឈមដែលខ្លួនបានជួបប្រទះ ដើម្បីដាក់បញ្ចូលក្នុង​របាយការណ៍ និងពិនិត្យដោះស្រាយឱ្យកាន់តែ​ល្អប្រសើរឡើង។

សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែឧសភា ឆ្នាំ២០១៨។ សិក្ខាសាលានេះមានគោលបំណង​៖  ១. បង្ហាញលទ្ធផល​នៃ​ការ​ប្រើប្រាស់គំរូ​បង្កើតសំណល់ និង​ការសន្មត់​​​​​​​​​​​​សំខាន់ៗ​ ដែលត្រូវ​បានប្រើប្រាស់​ ២. បង្ហាញពី​ព័ត៌មានសង្ខេបតាមខេត្តនីមួយៗ ៣. ពិភាក្សា​ និងផ្ដល់ព័ត៌មានត្រឡប់​លើ​ការសន្មត់ ដែលធ្វើឡើង​ក្នុងការ​ប្រមូលទិន្នន័យ​នៅថ្នាក់ខេត្ត និង​ការ​បង្កើតគំរូបង្កើត​សំរាម ​និ​ង​​៤. រៀបចំកិច្ចពិភាក្សា​តាមក្រុម​ ជាមួយនឹង​តំណាង​ខេត្តនីមួយៗ ដើម្បី​បន្ត​ប្រមូលព័ត៌មានដែលនៅខ្វះ​ចន្លោះអំពីការគ្រប់គ្រងសំរាម ​សំណល់​នៅថ្នាក់ខេត្ត។ សមាសភាពអញ្ជើញ​ចូលរួម​សិក្ខាសាលា​នេះរួមមាន៖ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងក្រសួងបរិស្ថាន តំណាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) តំណាង UNDP ទីចាត់ការផែនការ និងវិនិយោគ ទីចាត់ការកិច្ចការគ្រប់​គ្រង​កាក​សំណល់​​រាជធានីភ្នំពេញ តំណាងមន្ទីរបរិស្ថានរាជធានី ខេត្ត តំណាងក្រុង ស្រុក ក្រុមហ៊ុនស៊ិនទ្រី ក្រុមហ៊ុនសារ៉ុម ត្រេឌីន និងតំណាងក្រុមហ៊ុន GAEA សរុបប្រមាណ ៩០រូប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់