រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឱ្យ​​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​​ពង្រឹង​​ការ​​អនុវត្ត​​ការងារ​​គ្រប់គ្រង​​ លើ​​​បញ្ហា​​សំណល់ ​សំរាម​​ឱ្យ​​មាន​ប្រសិទ្ធភាពខ្ពស់​​

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមាន រាជធានី ខេត្ត ក្រុង ស្រុក មន្ទីរបរិស្ថាន រាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន ពង្រឹងការអនុវត្តការងារគ្រប់គ្រងលើ បញ្ហាសំណល់ សំរាមឱ្យមានប្រសិទ្ធភាពខ្ពស់។

ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់លើការ គ្រប់គ្រងសំរាម សំណល់រឹងរបស់រាជរដ្ឋាភិបាលតាមរយៈអនុក្រឹត្យលេខ១១៣ សំដៅធ្វើឱ្យ ប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសោភណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាននៅតាមទីប្រជុំជន មូលដ្ឋាននានា។

សូមរម្លឹកថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ហើយនៅឆ្នាំដដែលនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់ ទីប្រជុំជនទៅឱ្យរដ្ឋបាលរាជធានី ក្រុងនិងស្រុក ធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាមទៅ ឱ្យរដ្ឋបាលថ្នាក់ខណ្ឌ ដោយចាត់វិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុង ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។

បន្ថែមពីនេះ ការលើកកម្ពស់ការយល់ដឹងសាធារណៈ និងការចូលរួមរបស់ប្រជា ពលរដ្ឋក្នុងការរៀបចំ និងការអនុវត្តវិធានការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពបំផុត គឺជាកិច្ចការ ងារដែលមិនអាចខ្វះបាននោះឡើយ។

សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិលើការ គ្រប់គ្រងសំរាម សំណល់រឹងតាមទីប្រជុំជន បានប្រព្រឹត្តទៅដោយមានបទបង្ហាញលើគោល ការណ៍ណែនាំស្តីពីការធ្វើឱ្យប្រសើរឡើងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងកិច្ច ពិភាក្សាលើការធ្វើឱ្យប្រសើរឡើងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងវិធានការនិង ដំណោះស្រាយបញ្ហាប្រឈមលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនផងដែរ៕

ប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់