ក្រសួងកសិកម្ម ពិភាក្សាស្តីពីការលើកកម្ពស់ជីវភាព សន្តិសុខស្បៀង រក្សាប្រព័ន្ធអេកូឡូស៊ី អំពីលទ្ធភាពបន្ត និងពង្រីកវិសាលភាព

នៅទីស្តីការក្រសួងកសិកម្មរសៀលថ្ងៃអង្គារ ០៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក Takuya KAMATA នាយកប្រតិបត្តិផ្នែកទឹក សកលប្រចាំតំបន់អាស៊ីខាងត្បូង នៃធនាគារពិភពលោក និងសហការី ដើម្បីចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី ការគ្រប់គ្រងធនធានទឹក ជលផល និងវារីសាស្រ្ត នៅភូមិភាគឦសាន រួមមាន ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងដែលបាននិងកំពុងអនុវត្តន៍ដោយរដ្ឋបាលជលផល ក្នុងគោលបំណងលើកកម្ពស់ជីវភាព សន្តិសុខស្បៀង និងរក្សាប្រព័ន្ធអេកូឡូស៊ី និងពិភាក្សាអំពីលទ្ធភាពបន្ត ព្រមទាំងពង្រីកវិសាលភាពនៃគម្រោងនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានបន្តជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងក្នុងអនុវិស័យជលផល តាមរយៈការអនុវត្តគម្រោងស្តីពីការគ្រប់គ្រងធនធានទឹក ជលផល និងវារីសាស្រ្តចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាព១ (M-IWRM-3) គឺបានជួយគាំទ្រ ក្នុងការទប់ស្កាត់បទល្មើសជលផល ការគ្រប់គ្រង ការពារ អភិរក្សធនធានជលផល និងសហគមន៍នេសាទសម្រាប់ពេលបច្ចុប្បន្ន និងអនាគតយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ធនាគារពិភពលោក នឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវារីវប្បកម្ម ក្នុងគោលបំណងដើម្បីបង្កើនផលិតភាពផលិតកម្ម និរន្តរភាព ធានាបាននូវបរិមាណ គុណភាព តម្លៃបន្ថែម និងពង្រឹងការបណ្តុះបណ្តាល គ្រប់គ្រង កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ស្តង់ដារ ធានាគុណភាព សុវត្ថិភាព និងអនាម័យ ដើម្បីបង្កើនភាពប្រកួតប្រជែង ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមអភិក្រម ” រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ” ។

លោក KAMATA បានថ្លែងអំណរគុណចំពោះការផ្តល់កិច្ចសហការបានល្អពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល ដែលធ្វើឱ្យការអនុវត្តគម្រោងទទួលបានលទ្ធផលតាមការរំពឹងទុក។ ទន្ទឹមនឹងនេះដែរលោក KAMATA ក៏បានឯកភាពទាំងស្រុងនូវចំណុចសំខាន់ៗ ដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទាក់ទងនឹងការកែលម្អរចនាសម្ព័ន្ធទីផ្សារការជួយបណ្តុះបណ្តាលបច្ចេកទេសកែច្នៃ វេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូន និងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គាំទ្រដល់ដំណើរការកែច្នៃផលវារីវប្បកម្មដើម្បីឈានទៅធ្វើការលើកកម្ពស់គុណភាព ការប្រកួតប្រជែង និងនាំចេញសមស្របតាមស្តង់ដាrទីផ្សារតម្រូវ គឺបានបញ្ចូលជាផែនការសកម្មភាពស្នូល នៃគម្រោងគាំទ្រថ្មី ហើយសង្ឃឹមថា នឹងអាចទទួលបានការគាំទ្រ និងអនុម័តនាពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា គម្រោងស្តីពីការគ្រប់គ្រងធនធានទឹក ជលផល និងវារីសាស្រ្តចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាព១ (M-IWRM-3) បានគាំទ្រដល់សហគមន៍នេសាទចំនួន ៤០ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងការពង្រឹងសមត្ថភាពលើការគ្រប់គ្រង និងដឹកនាំរបស់គណ:កម្មការសហគមន៍នេសាទ បានធ្វើបច្ចុប្បន្នភាព នៃការគ្រប់គ្រងកន្លែងនេសាទរបស់សហគមន៍ បង្កើតវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការបោះបង្គោលព្រំប្រទល់សហគមន៍នេសាទ ចែកទូកទុកសម្រាប់ល្បាតយាមព្រៃ និងដែននេ សាទ សហគមន៍ ដើម្បីការពារបទល្មើស ការកាប់រានដីព្រៃលេចទឹក ៕

ដោយ សេង សុវណ្ណនី (ប្រភពពីក្រសួងកសិកម្ម)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់