សាលាជាតិរដ្ឋបាលមូលដ្ឋាន

​​​​​​​​​​​​​​​​​​​​​​​​​​​ការពិនិត្យពិភាក្សាលើលទ្ធផលនៃការសិក្សាសម្រាប់ការដាក់ឱ្យដំណើរការនូវសាលាជាតិរដ្ឋបាលមូលដ្ឋាន គឺ​ជា​របៀបវារៈ​ទី​៦ ​ក្នុង​ចំណោម​របៀបរយៈ​ទាំង​ប្រាំពីរ​នៃ​កិច្ច​ប្រ​ជុំ​លើក​ទី​១៦​ របស់​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែល​បាន​ប្រព្រឹត្ត​ទៅកាល​ពី​​ថ្ងៃ​ទី​២២ ខែ​មិថុនា​ ឆ្នាំ​២០១៨​។

តាម​រយៈ​អនុ​ក្រឹត្យ​លេខ១៩២អនក្រ.បក ចុះ​ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្តីពី​ការ​បង្កើត​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ (ហៅកាត់​ជា​ភាសា​ខ្មែរ​ថា​ «ស.ជ.រ.ម» និង​ជា​ភាសា​អង់គ្លេស​ថា «NASLA» ឱ្យ​ស្ថិតនៅ​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ​ ក្នុង​គោល​បំណង​ផ្តល់​ការ​អភិវឌ្ឍ​សមត្ថភាព​ដល់​មន្ត្រី​រាជ​ការ​ ក្រុម​ប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ សិស្ស​ និស្សិត និង​អ្នក​ពាក់​ព័ន្ធ​ដទៃទៀត​ ព្រម​ទាំង​សិក្សា​ស្រាវ​ជ្រាវ​អំពី​អភិបាល​កិច្ច​ ការ​អភិវឌ្ឍ​មូលដ្ឋាន ការលើក​កម្ពស់​ស្វ័យ​ភាព​មូលដ្ឋាន​ និង​ការ​គ្រប់​គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។

សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ (NASLA) ប្រៀប​ដូច​ជា សាលា​ភូមិន្ទ​រដ្ឋបាល​សម្រាប់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ ពោល​គឺ​ជា​យន្ត​ការ​​ធានា​និរន្ត​ភាព​នៃ​ការ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ ដោយ​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​គ្រប់​ក្រប​ខ័ណ្ឌ «ក» «ខ» និង​ «គ» ចាប់​ពី​មន្ត្រី​ថ្មី​រហូត​ដល់​ថ្នាក់​អគ្គនាយក​ និង​អភិបាល​រាជធានី​ ខេត្ត​ ដែល​មាន​ជំនាញ​គ្រប​ដណ្តប់​លើ​ប្រធានបទ​ពាក់​ព័ន្ធ​ការ​គ្រប់​គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ការ​ផ្តល់​​​សេវា​នៅ​មូលដ្ឋាន។ NASLA លើ​កម្ពស់​វិជ្ជា​ជីវៈ​របស់​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ជា​វិទ្យា​ស្ថាន​ទាន់​សម័យ​ ដែល​អាច​ផ្តល់​ការ​បណ្តុះ​បណ្តាល​មាន​គុណភាព ហើយ​សិក្ខាកាម​អាច​មាន​មោទនៈភាព​នៅ​ពេល​បញ្ចប់​ការសិក្សា​នៅទី​នេះ។

បើ​យោង​​របាយការណ៍​សង្ខេប​អំពី​ការសិក្សា​លទ្ធផល​នៃ​ការរៀបចំ​ដាក់​ឱ្យ​ដំណើរ​ការ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​បាន​ឱ្យ​ដឹងថា កម្មវិធី​សិក្សា​ចែក​ជា ៤ ប្រភេទ៖ (១) វគ្គ​បឋម​ សម្រាប់​មន្ត្រី​ថ្មី (២) វគ្គ​អាជីព​ការងារ សម្រាប់​មន្ត្រី​ឡើង​ឋាន​ន្តរ​ស័ក្តិ (៣) វគ្គ​វិក្រឹត្យ​ការ សម្រាប់​បំប៉ន​សមត្ថភាព​ប្រចាំ​ឆ្នាំ​ និង​ (៤) វគ្គ​ជំនាញ សម្រាប់​មន្ត្រី​ជំនាញ​នៅ​តាម​អង្គភាព​។ វគ្គ​បឋម​ និង​វគ្គ​អាជីព​ការងារ​ ជា​វគ្គ​មធ្យម​ដែល​អាច​មាន​​រយៈ​ពេល​រហូត​ដល់​បី​ខែ​។ ដោយ​ឡែក​វគ្គ​វិក្រឹត្យការ និង​វគ្គ​ជំនាញ​ មាន​រយៈពេល​ខ្លី​ជាង។ ផ្អែក​តាម​តម្រូវ​ការ​នេះ តាម​ការ​ប៉ាន់​ស្មាន​បឋម​បន្ទប់​សិក្សា​របស់​សាលាជាតិ​រដ្ឋបាល​មូលដ្ឋាន​នឹងត្រូវ​ប្រើប្រាស់​ពេញ​ម៉ោង​ចាប់​ពី​ ៣៥ ទៅ​ ៤០សប្តាហ៍​ ក្នុង​មួយឆ្នាំ។ មុខងារ​ស្នូល​ ២ របស់​សាលានេះ​ គឺ​ការបណ្តុះ​បណ្តាល​ និង​ការស្រាវជ្រាវ។

យោង​​របាយការណ៍​ដដែល​​បាន​បញ្ជាក់ផងដែរ​​ថា ​​តាម​​ការ​សិក្សា​បាន​ស្នើ​រៀបចំ​ឱ្យ​មាន​គម្រោង​មួយ​ដែល​មាន​រយៈពេល​៨ឆ្នាំ​ ក្នុង​នោះ​ ៣ឆ្នាំ​ដំបូង​ផ្តោត​លើ​ការ​សាង​សង់​អគារ​ និង​បំពាក់​បរិក្ខានានារបស់​សាលា​ និង​៥ឆ្នាំ​ទៀត​ ជា​ការដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវិធីសិក្សា​ ព្រម​ទាំង​មុខងារ​ដទៃ​ទៀត​របស់សាលា។

រាជរដ្ឋាភិបាល​បាន​ឯកភាព​ជា​គោលការណ៍​រួច​ហើយ​លើ​សំណើ​សុំ​របស់​ គ.ជ.អ.ប ក្នុង​ការ​ស្នើ​សុំ​ប្រើប្រាស់​ថវិកា​កម្ចី​របស់ ADB ដើម្បី​សាង​សង់​សាលាជាតិ​រដ្ឋបាល​មូលដ្ឋាន​នេះ។ ការសិក្សា​ដែល​គាំ​ទ្រ​ដោយ ADB អំពី​លទ្ធភាព​នៃ​ការ​សាងសង់​ និង​ដំណើរការ​របស់​សាលា​នេះ​ ក៏បាន​រៀបចំ​បញ្ចប់រួចរាល់ហើយ​ដែរ​។ ចំពោះ​ជំហាន​បន្ទាប់នឹង​​ស្នើ​សុំ​គោល​ការណ៍​អនុម័ត​របស់​ គ.ជ.អ.ប លើ​លទ្ធ​ផល​នៃ​ការ​សិក្សា​នេះ​ ដើម្បី​ជា​មូល​ដ្ឋាន​ក្នុង​ការ​បន្ត​កិច្ច​​សហការ​​រវាង​ក្រសួង​មហាផ្ទៃ​ ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ជាមួយ​ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី (ADB) ក្នុង​ការ​រៀបចំ​ជា​ឯកសារ​គម្រោង​ជាក់​លាក់​ដែល​ត្រូវ​ផ្តល់​ហិរញ្ញ​ប្បទាន​កម្ចី​ពី ADB៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់