ឯកឧត្តម ​​សក់ សេដ្ឋា រដ្ឋលេខាធិការ​​ប្រចាំការ​​ក្រសួង​មហាផ្ទៃ​អញ្ជើញ​​ជាអធិបតី​​​​បើក​​កិច្ចប្រជុំ​​ពិគ្រោះ​​យោបល់ស្តីពី​​​ ការផ្ទេរមុខងារ​​ និងការកែសម្រួល​រចនាសម័្ពន្ធ​របស់រដ្ឋបាលខណ្ឌ​ នៃរាជធានីភ្នំពេញ​​​

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីអំពី ការផ្ទេរមុខងារ និងការកែសម្រួលរចនាសម័្ពន្ធរបស់រដ្ឋបាលខណ្ឌ នៃរាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សា និងអភិបាលនៃគណៈអភិបាលខណ្ឌទាំងអស់នៃរាជធានីភ្នំពេញ និងអស់លោក លោកស្រីមន្រ្តីពាក់ព័ន្ធសរុបចំនួនប្រមាណ ៦០រូប។

ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំលើការផ្ទេរមុខងារ និងការកែសម្រួលរចនា​​សម័្ពន្ធ​​​របស់​​​រដ្ឋបាលខណ្ឌមានគោលបំណង ដើម្បីពិនិត្យពិភាក្សាអំពី បញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងរចនាសម្ព័ន្ធរបស់ការិយាល័យជំនាញដែលជាខ្សែបណ្តោយតាមក្រសួង ស្ថាប័ននានា ហើយពិនិត្យមើលឡើងវិញ​​​នូវរចនាសម្ព័ន្ធ​​​​គ្រប់គ្រង​រដ្ឋបាល​​​ខណ្ឌ ដើម្បីធានាដល់ប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាពនៃការគ្រប់គ្រង ការចាត់ចែង និងការអនុវត្ត​​​មុខងារ​នានាដែល​បាន​​​កំណត់ដោយច្បាប់​​ លិខិតបទដ្ឋានគតិយុត្ត និងមុខងារ​​​​ដែលបានផ្ទេរពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា។

លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនេះ ធ្វើឡើងផ្តើមចេញការអញ្ជើញធ្វើទស្សនកិច្ចសិក្សារបស់សម្តេចក្រឡាហោម ស ខេង ក្នុងនាមជាប្រធាន គ.ជ.អ.ប កាលពីជាង៥ឆ្នាំកន្លងមក នៅតាមក្រុង ស្រុក ខណ្ឌ នីមួយៗនៃរាជធានីភ្នំពេញ។

សូមជម្រាបជូនថា អង្គប្រជុំបានស្តាប់បទបង្ហាញស្តីពី ការងារមួយចំនួនរួមមាន៖ ១.សេចក្តីព្រាងសំណើរចនាសម័្ពន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលខណ្ឌ ២.សេចក្តីព្រាងសំណើបញ្ជីមុខងារដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ៣.សេចក្តីព្រាងទំនាក់ទំនងការងាររបស់រដ្ឋបាលខណ្ឌ ៤.សេចក្តីព្រាងតួនាទី ការទទួលខុសត្រូវរបស់រដ្ឋបាលរាជធានី ដើម្បីពង្រឹង និងកែសម្រួលនូវការធ្វើការផ្ទេរមុខងារ និងរចនាសម័្ពន្ធគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌនៅទូទាំងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរបន្ថែមទៀត៕

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់