អនុក្រឹត្យ​លេខ​៣៤ ផ្ដល់​មុខងារ និង​ធនធាន​ឱ្យ​រដ្ឋបាល​ថ្នាក់​គ្រប់គ្រង និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​សុខុមាលភាព​ដល់​កុមារ

ភ្នំពេញ ២៨ កក្កដា ២០១៧៖ អនុក្រឹត្យស្ដីពី ការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់ មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាលទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទៅឱ្យរដ្ឋបាល រាជធានី រដ្ឋបាលក្រុង និងឃុំ ត្រូវបានប្រកាសផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០១៧ នាទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ 

 

ភ្នំពេញ ២៨ កក្កដា ២០១៧៖ អនុក្រឹត្យស្ដីពី ការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់ មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាលទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទៅឱ្យរដ្ឋបាល រាជធានី រដ្ឋបាលក្រុង និងឃុំ ត្រូវបានប្រកាសផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០១៧ នាទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ 

 

អនុក្រឹត្យនេះចែកចេញជា ៨ជំពូក និង៣០មាត្រា ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា សុខុមាលភាពដល់កុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ខិតការសម្រេចចិត្ត និងការទទួលខុសត្រូវក្នុងការផ្ដល់សេវាទាំងនេះទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតកុមាររងគ្រោះ និងងាយរងគ្រោះ។ 

 

អនុក្រឹត្យនេះមានគោលដៅ ប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាលឱ្យទៅរដ្ឋបាលរាជធានី រដ្ឋបាលក្រុង ស្រុក និងប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទៅឱ្យរដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ។ ផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងធនធានមនុស្សទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តមុខងារដែលបានប្រគល់។ កំណត់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន មន្ទីរ អង្គការជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រការអនុវត្តមុខងារដែលបានប្រគល់។ កំណត់គោលការណ៍ និងនីតិវិធីសម្រាប់អនុវត្តមុខងារដែលបានប្រគល់ប្រកបដោយគុណភាពគណនេយ្យភាព ប្រសិទ្ធភាព និងសមធម៌។

 

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនេះ ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា នាពេលកន្លងមកមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលឃុំ សង្កាត់ មានភាពលំបាកក្នុងការចុះទៅពិនិត្យស្ថានភាពកុមារនៅតាមមណ្ឌលថែទាំកុមារមួយចំនួន ព្រោះមណ្ឌលទាំងនោះបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយអ្នកគ្រប់គ្រងមណ្ឌលថាមានតែមន្ត្រីដែលមានលិខិតអនុញ្ញាតពីក្រសួងតែប៉ុណ្ណោះ ទើបអាចចុះពិនិត្យបាន។ ប្រការនេះបានធ្វើឱ្យមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលឃុំ សង្កាត់ពិបាកក្នុងការផ្ដល់ការគាំទ្រ និងជំនួយផ្សេងៗដល់កុមារដែលរងគ្រោះ និងងាយរងគ្រោះនៅក្នុងមណ្ឌលថែទាំកុមារទាំងអស់នោះទាន់ពេលវេលា។ 

 

មើលឃើញពីបញ្ហានេះ ក្រសួងសង្គមកិច្ចបានចេញសេចក្ដីប្រកាសលេខ ២២០៥ ស.អ.យចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ស្ដីពីការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររដ្ឋឱ្យទៅរដ្ឋបាលខេត្តបាត់ដំបង មុខងារការត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាលឱ្យទៅរដ្ឋបាលក្រុង ស្រុក និងមុខងារការគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ឱ្យទៅរដ្ឋបាលឃុំ សង្កាត់នៃខេត្តបាត់ដំបង ដើម្បីអនុវត្តសាកល្បងរយៈពេល១ឆ្នាំ។ ជាលទ្ធផល ក្រសួងសង្កេតឃើញថា រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ អនុវត្តមុខងារនេះប្រកបដោយប្រសិទ្ធភាព ទើបក្រសួងបានសម្រេចប្រគល់មុខងារទាំងនេះទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។ 

 

ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានចំណាប់អារម្មណ៍ថា “ពិធីផ្សព្វផ្សាយនាពេលនេះជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ នៃការអនុវត្ត កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺការផ្ទេរសិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលជារដ្ឋបាលកើតពីការបោះឆ្នោត ដោយប្រជាពលរដ្ឋ និងជារដ្ឋបាលនៅជិតប្រជាពលរដ្ឋក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត”។

 

ទន្ទឹមនឹងការសម្រេចនូវសមិទ្ធផលធំៗជាច្រើន ឯកឧត្ដម សក់ សេដ្ឋា មានប្រសាសន៍បន្ថែមថា “រាល់ការធ្វើកំណែទម្រង់ រួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តែងមានផលប៉ះពាល់ជាមួយច្បាប់ លិខិតបទដ្ឋានដែលកំពុងអនុវត្ត ប៉ះពាល់ដល់ស្ថាប័ន និងបុគ្គលជាដើម”។ ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា បញ្ហាប្រឈមដ៏លំបាកបំផុតគឺការធ្វើឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ឥរិយាបថ និងរបៀបរបបបំពេញការងាររបស់មន្ត្រីទៅតាមបែបថ្មីនៃកំណែទម្រង់ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតែប្រកាន់ខ្ជាប់ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយនៅតែតាំងចិត្តខ្ពស់ និងមានជំនឿយ៉ាងមុតមាំថា កំណែទម្រង់នេះជាជម្រើសដ៏សមស្រប និងមានប្រសិទ្ធភាពបំផុតនៃគោលនយោបាយគ្រប់គ្រងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ 

 

មណ្ឌលថែទាំកុមាររបស់រដ្ឋមានចំនួន២២ ស្ថិតក្នុងរាជធានី ខេត្តចំនួន១៨ រួមមានៈ៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្ដាល កោះកុង មណ្ឌលគីរី ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្វាយរៀង តាកែវ កែប និងប៉ៃលិន។ ដោយឡែក ក្នុងរាជធានីភ្នំពេញមានមណ្ឌលថែទាំកុមាររបស់រដ្ឋចំនួន០៤ ប៉ុន្តែក្រសួងសង្គមកិច្ចស្នើសុំរក្សាការគ្រប់គ្រងមណ្ឌលចំនួន០២ ដែលកន្លងមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងផ្ទាល់។ 

 

គិតត្រឹមឆ្នាំ ២០១៦ មណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាលមានចំនួន៤០៦។

សមិទ្ធផលសំខាន់ៗនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបានបង្កើតឱ្យមានក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង  ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌតាំងពីឆ្នាំ២០០៩កន្លងមករួមមាន៖ 

 

១). ការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមគោលការណ៍អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ 

២). ប្រព័ន្ធគ្រប់គ្រងបុគ្គលិកនិងការគ្រប់គ្រងធនធានមនុស្សតាមបែបវិមជ្ឈការ 

៣). ប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន និងកាន់តែមានប្រសិទ្ធភាព 

៤). មូលនិធិឃុំ សង្កាត់ និងមូលនិធិក្រុង ស្រុក ក៏ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលក្រុង ស្រុក នីមួយៗ 

៥). ការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយដែលធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ 

៦). យន្តការគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ 

៧). ដំណើរការផ្ទេរមុខងារក្នុងវិស័យអាទិភាពនានាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្ខិតការសម្រេចចិត្តលើការផ្ដល់សេវាឱ្យទៅកៀកជិតប្រជាពលរដ្ឋ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់