សិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ និងឯកសារបច្ចេកទេសស្តីពី កញ្ចប់ផ្សព្វផ្សាយកសិកម្មធន់នឹងអាកាសធាតុ

ខេត្តកំពង់ធំ៖ នៅថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារអនុវត្តគម្រោងការកាត់បន្ថយភាពងាយរងគ្រោះនៃជីវភាពរបស់ប្រជាជនកម្ពុជានៅជនបទ តាមរយៈការពង្រឹងផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងការអនុវត្តសកម្មភាពអាទិភាព (SRL) នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សហការជាមួយក្រុមការងារក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) នៃក្រសួងបរិស្ថាន ក្រុមការងារក្រសួងកិច្ចការនារី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ​រដ្ឋបាលខេត្តកំពង់ធំ និងដៃគូអភិវឌ្ឍន៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ និងឯកសារបច្ចេកទេសស្តីពី កញ្ចប់ផ្សព្វផ្សាយ​កសិកម្ម​​ធន់​​​នឹង​​អាកាសធាតុដល់ក្រុមការងារ​អនុវត្តគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរបរិស្ថានខេត្ត និងអ្នកពាក់ព័ន្ធសរុប ៦១រូប នៅក្នុងសាលប្រជុំរដ្ឋបាលសាលាខេត្តកំពង់ធំ។

សិក្ខាសាលានេះរៀបចំឡើងមានគោលបំណង ប្រមូលធាតុចូលបន្ថែម និងដាក់ឱ្យប្រើប្រាស់លើ៖
– វិធីសាស្រ្តជ្រើសរើសភូមិគោលដៅ និងអ្នកទទួលផលគម្រោង
– តម្រង់ទិសអំពីគោលការណ៍ណែនាំស្តីពីការរៀបចំនិងចងក្រងក្រុមកសិករ
– វិធីសាស្រ្តវាយតម្លៃតម្រូវការក្រុមកសិករ និងតម្រូវការកសិករ
– កញ្ចប់ផ្សព្វផ្សាយកសិកម្មដែលធន់នឹងអាកាសធាតុ និងការវិនិយោគដល់ក្រុមកសិករ
– និង ទម្រង់តាមដានក្រុមកសិករ និងទម្រង់របាយការណ៍។

ថ្លែងសុន្ទរកថាបើកសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ និងឯកសារបច្ចេកទេសស្តីអំពី កញ្ចប់ផ្សព្វផ្សាយកសិកម្មធន់នឹងអាកាសធាតុ ឯកឧត្តម ​ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា គម្រោង SRL បាន និងកំពុងអនុវត្តនៅខេត្តកំពង់ធំរយៈពេល០៤ឆ្នាំ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២០ ក្នុងស្រុកគោលដៅចំនួនប្រាំ គឺស្រុកបារាយណ៍ ​កំពង់ស្វាយ ប្រាសាទបល្ល័ង្ក  សណ្តាន់ និងស្រុកសន្ទុក ក្នុងគោលបំណង ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋតាមជនបទ ជាពិសេសគ្រួសារគ្មានឬមានដីដាំដុះតិចតួច និងគ្រួសារមានស្រ្តីជាមេគ្រួសារ ដែលសម្រេចបានតាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកខ្នាតតូច ការផ្តល់ជំនួយបច្ចេក​ទេសលើកសិកម្មដែលមានភាពធន់ និងការគាំទ្រការកសាងសមត្ថភាព តាមរយៈប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ។

លើសពីនេះទៀត ឯកឧត្តមប្រធានអនុវត្តគម្រោង “ការកាត់បន្ថយភាពងាយរងគ្រោះ នៃជីវភាពរបស់ប្រជាជនកម្ពុជានៅជនបទតាម រយៈការពង្រឹងផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងការអនុវត្តសកម្មភាពអាទិភាព​ (SRL)” ថ្នាក់ខេត្តក្រោមជំនួយរបស់មូលនិធិបរិស្ថានសាកល (GEF) និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) បានបន្តលើកឡើងថា គម្រោង SRL មានសកម្មភាពចម្បងៗចំនួន៣ គឺ

១. ជួយគាំទ្រឃុំ ស្រុកគោលដៅ ក្នុងការរៀបចំផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលនានា និងការដាក់បញ្ជូលផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ ស្រុក។

២. គាំទ្រថវិកាដល់ឃុំគោលដៅ ក្នុងការអនុវត្តគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតតូចដែលធន់នឹងការប្រែប្រួលអាកាសធាតុ។

៣. ជួយគាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមតំបន់គោលដៅ ក្នុងការរៀបចំចងក្រងក្រុមកែលម្អជីវភាព (ក្រុមចិញ្ចឹមសត្វ ក្រុមដាំបន្លែ/ស្រូវ) ក្រុមសន្សំប្រាក់ ក្រុមប្រើប្រាស់ទឹក និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មនានាដល់ក្រុមកសិករ។

ក្នុងន័យនេះ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារគ្រប់គ្រងគម្រោងទាំងថ្នាក់ជាតិ ខេត្ត និងស្រុក មានកាតព្វកិច្ចដ៏សំខាន់ ដើម្បីចូលរួមអនុវត្តគម្រោងនេះ ទាំងធនធានសម្ភារៈ កម្លាំងកាយ​ កម្លាំងចិត្ត និងពេលវេលា ឱ្យទទួលបានជោគជ័យ រួមចំណែកពង្រឹងភាពធន់នៃជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទីបីរបស់រាជរដ្ឋបាលកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះ ពិតជាមានតួនាទីដ៏សំខាន់ក្នុងការចូលរួមធ្វើការសម្រេចចិត្ត  និងការទទួលខុសត្រូវ នូវគ្រប់ដំណាក់កាលនៃការអនុវត្តគម្រោង និងបន្តផ្សព្វផ្សាយអំពីលទ្ធផលសិក្ខាសាលានាថ្ងៃនេះ ដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់គោលដៅគម្រោង បានយល់ច្បាស់អំពីដំណើរការអនុវត្តគម្រោង ជាពិសេសអ្នកទទួលផលដែលជាប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេគ្រួសារ និងនិងអ្នកពាក់ព័ន្ធដទៃទៀត។

គួរបញ្ជាក់ថា គម្រោង “ការកាត់បន្ថយភាពងាយរងគ្រោះនៃជីវភាពរបស់ប្រជាជនកម្ពុជានៅជនបទ តាមរយៈការពង្រឹងផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងការអនុវត្តសកម្មភាពអាទិភាព (SRL)” ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយនូវភាពងាយរងគ្រោះរបស់ប្រជាជនកម្ពុជានៅជនបទ ជាពិសេសគ្រួសារដែលមានដីដាំដុះតិចតួច គ្រួសារគ្មានដី និងគ្រួសារដែលមានស្រ្តីជាមេគ្រួសារ ជាពិសេសក្រុមងាយរងគ្រោះ (ពិការ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច អ្នកជំងឺរ៉ាំរៃ) ។ គម្រោងនេះនឹងសម្រេចបាន តាមរយៈការធ្វើវិនិយោគសំខាន់ៗមួយចំនួនទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកខ្នាតតូច ការផ្តល់ជំនួយបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាព ជាពិសេសសមត្ថភាពរបស់ស្រ្តីក្រីក្រ សំដៅកែលម្អផលិតកម្មដំណាំជាអាហារ និងប្រាក់ចំណូលតាមរយៈសួនបន្លែគ្រួសារ ការចិញ្ចឹមសត្វ និងផលិតកម្មស្រូវធន់នឹងអាកាសធាតុ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់