វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយបន្តថ្នាក់ខេត្តស្តីពី ការប្រើប្រាស់ឧបករណ៍សម្រាប់ការបញ្ជ្រាបគម្រោងភាពធន់នឹង​អាកាសធាតុ

ខេត្តបាត់ដំបង៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមការគាំទ្រមូលនិធិពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំវគ្គ​បណ្តុះបណ្តាលផ្សព្វផ្សាយបន្តថ្នាក់ខេត្តស្តីពី ការប្រើប្រាស់ឧបករណ៍​សម្រាប់​​​​ការ​បញ្ជ្រាបគម្រោងភាពធន់នឹង​អាកាសធាតុ​ទៅ​ក្នុងដំណើរការរៀបចំផែនការ និងថវិកាឃុំ សង្កាត់ ដើម្បីបញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍ​ដល់​រដ្ឋបាល​ថ្នាក់ក្រោមជាតិ ដោយមានសិក្ខាកាមចូលរួមមកពីរដ្ឋបាលខេត្ត ស្រុក ឃុំសរុបប្រមាណ ៦០រូប។ វគ្គផ្សព្វផ្សាយនេះប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែមីនា ឆ្នាំ២០១៨ ក្នុងសាលប្រជុំសណ្ឋាគារស្ព្រីងផាក ខេត្តបាត់ដំបង។

លោក ឡុង វិសិដ្ឋ អនុប្រធាន​អង្គភាព​គ្រប់គ្រង​ និង​គាំទ្រ​កម្មវិធី នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​ជា​ប្រធាន​សម្របសម្រួល​គម្រោង​ជំនួយ​បច្ចេកទេស​ការបញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍ​ដល់​រដ្ឋបាល​ថ្នាក់ស្រុក និង​ឃុំ (SPCR) ​បានមានប្រសាសន៍​ថា  គម្រោងនេះផ្តោតជាចម្បងលើការបណ្តុះបណ្តាលសមត្ថភាព ដើម្បីឱ្យ​រដ្ឋបាលថ្នាក់ក្រោម​ជាតិ ពិសេសគឺនៅថ្នាក់រដ្ឋបាលស្រុក និងឃុំ បានយល់ជ្រួតជ្រាប និងបន្ត​បណ្តុះបណ្តាល​ផ្សព្វផ្សាយ​ពីការប្រែប្រួលអាកាសធាតុ និងបន្សាំការប្រែប្រួលអាកាសធាតុទៅកាន់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកបានបន្ថែមថា វគ្គនេះមានគោលដៅឱ្យរដ្ឋបាល​ថ្នាក់​ក្រោមជាតិ​​ទទួលបាន​នូវចំណេះដឹងជំនាញស្តីពី ទស្សនទាន​ការប្រែប្រួលអាកាសធាតុ និងសមត្ថភាព​ក្នុងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រង​គ្រោះមហន្តរាយ​ទៅក្នុងដំណើរការកសាង​ផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ សង្កាត់​ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញ​ប្រជាពលរដ្ឋ​យល់ដឹងពីការប្រែប្រួលអាកាសធាតុ​ និងការបន្ស៊ាំ ព្រមទាំងពួកគាត់អាចទាក់ទាញ​ថវិកាពីដៃគូម្ចាស់ជំនួយ និងរាជរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងនៅមូលដ្ឋានដោយផ្ទាល់ផងដែរ។

អញ្ជើញជាអធិបតីក្នុងបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម ស៊ូ អារ៉ាហ្វាត អភិបាលរងខេត្តបាត់ដំបងបានមានប្រសាសន៍ថា កន្លងមកមានការដាក់បញ្ចូលបញ្ហាការ​ប្រែប្រួល​អាកាសធាតុ​​ជាក់លាក់​ទៅក្នុងដំណើរការកសាងផែនការថ្នាក់ក្រោមជាតិ​ដែលជាកិច្ចការ​សំខាន់នៃ​ក្របខណ្ឌគោល​នយោបាយ​របស់រាជរដ្ឋាភិបាល។ ឯកឧត្តមមានប្រសាសន៍ថា “គោលនយោបាយនេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច​បៃតង ដោយផ្តើមលើការ​ប្រើប្រាស់​ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និរន្តរភាពបរិស្ថាន ការងារបៃតង បច្ចេកវិទ្យាបៃតង ហិរញ្ញវត្ថុបៃតង ឥណទានបៃតង និងការវិនិយោគបៃតង”។ ​ឯកឧត្តម ក៏បានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់  និងជាមូលដ្ឋានគ្រឹះដ៏​រឹងមាំសម្រាប់ការឆ្លើយតប និងជាបទពិសោធ​សម្រាប់យកទៅបន្ត​អនុវត្ត​នៅថ្នាក់ស្រុក​ និងថ្នាក់ឃុំ​ផ្សេងៗទៀត។ ឯកឧត្តម មានប្រសាសន៍ថា “ប្រសិនបើវគ្គបណ្តុះបណ្តាលនេះ​ទទួលបានជោគជ័យ វានឹងក្លាយជាមេរៀនសំខាន់​សម្រាប់បន្តអនុវត្ត បង្កើនសមត្ថភាពក្នុងការបញ្ជ្រាប​ការបន្សាំការប្រែប្រួល​អាកាសធាតុនៅ​ថ្នាក់ក្រោម​ជាតិជាបន្តទៀត”។ ​

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ​សិក្ខាកាម​​ទាំងអស់នឹងបានស្វែងយល់ពីបរិបទ​ទូទៅនៃ​ការ​ប្រែប្រួល​អាកាសធាតុជាសកល យល់ដឹង​អំពី​មូលហេតុនៃការប្រែប្រួលអាកាសធាតុជាសកល និងផលប៉ះពាល់​នៃការប្រែប្រួល​អាកាស​ធាតុ​​ជាសកល ​និងនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា គម្រោង​ជំនួយ​បច្ចេកទេស​ការបញ្ជ្រៀប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍ​ដល់​រដ្ឋបាល​ថ្នាក់ស្រុក និង​ឃុំ (SPCR) មាន​រយៈពេល​អនុវត្ត​ចំនួន ៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ ស្ថិតក្រោម​មូលនិធិ​ថវិកា​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រមាណ ៥០​ម៉ឺន​ដុល្លារ​៕

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់