ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ចុះត្រួតពិនិត្យសំណើគម្រោងសង់ហេដ្ឋារចនាសម្ព័ន្ធដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ខេត្តព្រៃវែង និងខេត្តបាត់ដំបង៖ ក្រុមការងារនៃលេខាធិការគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ (គ.ជ.អ.ប) បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សំណើគម្រោងសង់ហេដ្ឋារចនាសម្ព័ន្ធដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុចំនួន៩ទីតាំងរបស់រដ្ឋបាលស្រុកគោលដៅចំនួន៤ ក្នុងខេត្តព្រៃវែង និងខេត្តបាត់ដំបង ដើម្បីរៀបចំផែនការអនុវត្តគម្រោងសាកល្បង។

ការអញ្ជើញចុះទៅពិនិត្យដល់ទីតាំងគម្រោងនៅមូលដ្ឋានដោយផ្ទាល់នេះបានប្រព្រឹត្តឡើងរយៈពេល៤ថ្ងៃគឺចាប់ពី ថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ ១០-១៣កើត ខែចេត្រ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦-២៩ ខែមីនា ឆ្នាំ២០១៨ ដោយការចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ទីប្រឹក្សាគម្រោងជាតិ អន្តរជាតិ តំណាងរដ្ឋបាលខេត្ត អភិបាលស្រុក អភិបាលរងស្រុក តំណាងការិយាល័យទីចាត់ការគាំទ្រឃុំសង្កាត់ មេឃុំ ជំទប់ឃុំ មន្ត្រីជំនាញ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

គម្រោងទាំង៩ទីតាំងដែលស្ថិតក្នុងតំបន់ងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុនោះ រួមមាន៖

១) គម្រោងជួសជុលផ្លូវលំដីសក្រាលខ្សាច់ភ្នំប្រវែង៥៧០០ម៉ែត្រ និងដាក់លូភ្លោះ៥កន្លែង ស្ថិតក្នុងឃុំកោះសំពៅ ស្រុក ពាមជរ ខេត្តព្រៃវែង

២) គម្រោងស្តារប្រឡាយ១ខ្សែប្រវែង៣,៥គីឡូម៉ែត្រឆ្លងកាត់ឃុំរំចែក និងឃុំជៃកំពត ស្រុកព្រះស្តេច ខេត្តព្រៃវែង

៣) គម្រោងជួសជុលផ្លូវលំ១ខ្សែប្រវែង ២៨០០ម៉ែត្រស្ថិតក្នុងឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង

៤) គម្រោងស្តារប្រឡាយប្រវែង៣៥០០ម ស្តារអាងស្តុកទឹក១កន្លែង និងជួសជុលទ្វារទឹក១កន្លែង ស្ថិត ក្នុងឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង

៥) ស្តារស្រះទឹក១កន្លែងទំហំ ១៥០ម៉ែត្រគុណនឹង៤០ម៉ែត្រនិងជម្រៅ៤ម៉ែត្រ ស្ថិតក្នុងឃុំមង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង

៦) គម្រោងជីកស្រះសហគមន៍២កន្លែងទំហំ៥០ម៉ែត្រគុណនឹង៤០ម៉ែត្រនិងជម្រៅ៥ម៉ែត្រ ស្ថិត ក្នុងឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង

៧) គម្រោងស្តារដីចេញពីប្រឡាយមេសំណង់ស្ទាក់ទឹកព្រែកជីក ស្ថិតក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង

៨) គម្រោងបណ្តុះបណ្តាលអំពីការដាំដំណាំបន្លែដែលប្រើទឹកតិច ទូទាំងស្រុករុក្ខគិរី

និង៩) គម្រោងជីកស្រះសហគមន៍ ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ថ្លែងក្រោយការចុះពិនិត្យទីតាំងសំណើគម្រោង តំណាងអាជ្ញាធរ  លោក យាន មាធ អភិបាលរង ស្រុកពាមជរ បានឱ្យដឹងថា សំណើគម្រោងបន្ស៊ាំ នឹងការប្រែប្រួល អាកាសធាតុនេះពិតជាឆ្លើយតបនឹងតម្រូវរបស់ប្រជាពលរដ្ឋមូលដ្ឋានដោយផ្ទាល់ ពីព្រោះអាជ្ញាធរបានរៀបចំកសាងគម្រោងដែលជាសំណើរបស់ ពួកគាត់ដាក់ បញ្ជូលទៅក្នុងផែនការ និងសមាហរណកម្មផែនការថ្នាក់ស្រុក និងការកសាងផែនការ និងកម្មវិធីវិនិយោគឃុំ។ លោកអភិបាលរងស្រុកបានមានប្រសាសន៍បញ្ជាក់ថា ប្រសិនបើគម្រោងទទួលមូលនិធិអនុវត្តជោគជ័យនោះ ប្រជាពលរដ្ឋនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងនោះ រួមមាន៖ ពួកគាត់នឹងលែងប្រឈមមុខ នឹងការប្រែប្រួល អាកាសធាតុ ពិសេសគឺគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងពួកគាត់ទទួលបានហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរទៅមកងាយស្រួលជាងមុន។

ជាមួយនេះដែរ លោក ឡុង វិសិដ្ឋ អនុប្រធាន អង្គភាពគ្រប់គ្រងនិងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកសម្របសម្រួលគម្រោងជំនួយបច្ចេកទេស ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍដល់រដ្ឋបាលថ្នាក់ស្រុកនិង ឃុំ (SPCR) បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យគម្រោងនេះ មានគោលបំណងពិនិត្យ និងលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគឺនៅថ្នាក់រដ្ឋបាលស្រុក និងឃុំ ឱ្យចេះពិនិត្យវាយតម្លៃ​សំណើ​គម្រោង​នានា​ដែល​ឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុហើយឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមលើសពីនេះ លោកអនុប្រធាន អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីបានមានប្រសាសន៍បញ្ជាក់ថា នៅពេលរដ្ឋបាលថ្នាក់ស្រុក ឃុំមានសមត្ថភាពកសាងគម្រោងកាន់តែប្រសើរនោះ ពួកគាត់នឹងអាច ទាក់ទាញថវិកាពីដៃគូម្ចាស់ជំនួយ និងរាជរដ្ឋាភិបាលមកអនុវត្តគម្រោងនៅមូលដ្ឋាន ពួកគាត់ដោយផ្ទាល់ទៀតផង។

ថ្លែងក្រោយការពិនិត្យសំណើគម្រោងរបស់រដ្ឋបាលមូលដ្ឋាន លោក Manfred Staab (ម៉ាន់ហ្វ្រែដ ស្តាប) ទីប្រឹក្សាអន្តរជាតិបានពិនិត្យឃើញថា គម្រោងខាងលើនេះពិតជាផ្សាភ្ជាប់នឹងការបន្ស៊ាំការប្រែប្រួលអាកាស ពិសេសការគ្រប់គ្រងធនធានទឹក។ តែយ៉ាងណា លោកបានមានប្រសាសន៍ សំណូមពរ អ្នកជំនាញនៃលេខាធិការ គ.ជ.អ.ប និងអាជ្ញាធរមូលដ្ឋានបន្ត សហការ គ្នា ពិនិត្យ និង ធ្វើ របាយការណ៍វាយតម្លៃលម្អិត ដើម្បីបញ្ជូនសំណើគម្រោងទៅស្នើមូលនិធិអនុវត្ត ពីម្ចាស់ជំនួយ។

សូមបញ្ជាក់ថា គម្រោងជំនួយបច្ចេកទេសការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍដល់រដ្ឋបាលថ្នាក់ស្រុក និងឃុំ (SPCR) មានរយៈពេលអនុវត្តចំនួន ៣ ឆ្នាំចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ក្នុងស្រុកគោលដៅចំនួន៤គឺស្រុកពាមជរ និងស្រុកព្រះស្តេច ក្នុងខេត្តព្រៃវែង និងស្រុកមោងឬស្សី និងស្រុករុក្ខគិរី ក្នុងខេត្តបាត់ដំបង។ SPCR ទទួលបានមូលនិធិថវិកាគាំទ្រពីធនាគារអភិវឌ្ឍអាស៊ី (ADB)៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់