វគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុ​ទៅក្នុងការរៀបចំ​ផែនការ​និងការ​អនុវត្តគម្រោង

ខេត្តបាត់ដំបង៖ ក្រុមការងារអនុវត្តគម្រោងជំនួយ​បច្ចេកទេស​ការបញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍ​ដល់​រដ្ឋបាល​ថ្នាក់ស្រុក និង​ឃុំ (SPCR) នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាន​ចុះ​បណ្តុះបណ្តាលពី​ការបញ្ជ្រាបភាពធន់នឹង​ការប្រែប្រួល​អាកាស​ធាតុ​ទៅក្នុងការរៀបចំផែនការ​ និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួល​អាកាសធាតុដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេលពីរថ្ងៃ ដើម្បីបង្កើនការ​យល់ដឹង​​ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ​​​​​​​​​​ទៅក្នុង​ការរៀបចំ និងការអនុវត្ត​គម្រោងវិនិយោគ​របស់​រដ្ឋបាល​​ថ្នាក់ក្រោមជាតិ​ក្នុងតំបន់ទីប្រជុំជន និងជនបទ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍១២កើត និងថ្ងៃសុក្រ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦​ និង២៧ ខែមេសា ឆ្នាំ២០១៨ ​ក្នុងខេត្ត​បាត់ដំបង​​​​​ ដោយ​មានការចូលរួមពីសំណាក់​​​​​មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិប្រមាណ៤០រូបមកពីខេត្តចំនួន១២ ក្នុងនោះ រួមមាន ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ កោះកុង កំពត កែប ព្រះសីហនុ​ កំពង់ឆ្នាំង ពោធិសាត់ ប៉ៃលិន​ បន្ទាយមានជ័យ និងឧត្តរមានជ័យ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ឡុង វិសិដ្ឋ អនុប្រធាន​អង្គភាព​គ្រប់គ្រង​ និង​គាំទ្រ​កម្មវិធី​នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​ជានាយក​សម្របសម្រួល​គម្រោង SPCR បានមានប្រសាសន៍ថា គម្រោង SPCR គឺជាគម្រោងមួយចូលរួមចំណែក​ក្នុងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ហើយ​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប ​មានគោលបំណងឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានសមត្ថភាព​គ្រប់គ្រាន់ ដើម្បី​អនុវត្តគម្រោងដោយខ្លួនឯង​។

តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍បញ្ជាក់ថា៖“ប្រសិន​បើរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំកសាងផែនការ​បញ្ជ្រាប​ភាពធន់​នឹងការប្រែប្រួលអាកាសធាតុត្រឹមត្រូវតាមនីតិវិធីនោះ រដ្ឋបាលថ្នាក់ក្រោមជាតិអាចកៀងគរថវិកាជាច្រើនពី​មូលនិធិគាំទ្រ ដើម្បីជួយអភិវឌ្ឍឃុំ និងស្រុក។ នេះជា​ទិសដៅមួយដ៏ធំរបស់លេខាធិការដ្ឋាន”។

លោកបានមានប្រសាសន៍សង្ឃឹមថា រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់នឹងចែករំលែកបទពិសោធន៍គ្នា​ទៅវិញទៅមក ដើម្បីឱ្យការបណ្តុះបណ្តាលកាន់តែមានប្រសិទ្ធភាព។

ឱកាសនេះដែរ លោកជំទាវ ញឹក សុគន្ធ អភិបាលរងខេត្តបាត់ដំបង បានសម្តែងការរីករាយ និងស្វាគមន៍​ដែល​ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ជ្រើសរើសខេត្ត​បាត់ដំបងជាទីតាំងអនុវត្ត បណ្តុះបណ្តាល​ និងផ្សព្វ​ផ្សាយ​គម្រោងបន្តទៅខេត្តដទៃទៀត។ លោកជំទាវបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ​ពិតជា​មាន​សារៈ​សំខាន់ណាស់ ​ដើម្បីបង្កើនការយល់ដឹង​ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ​​​​​​​​​​ទៅក្នុង​ការរៀបចំ និងការអនុវត្ត​គម្រោងវិនិយោគ​របស់រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ឆ្លើយតបនឹងបញ្ហាប្រឈមរបស់​​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកជំទាវជឿជាក់យ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងក្លាយជាមេរៀន​មូលដ្ឋានគ្រឹះដ៏រឹងមាំ​សម្រាប់ផ្សព្វផ្សាយ និងអនុវត្តបន្តទៅថ្នាក់ក្រោមជាតិផ្សេងទៀត។​

សូមបញ្ជាក់ថា សិក្ខាកាមទាំងអស់បានស្វែងយល់មេរៀនសំខាន់ៗពីអ្នកជំនាញបន្សាំនឹងការប្រែប្រួលអាកាសធាតុនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដូចជា លក្ខណៈវិនិច្ឆ័យ​ទូទៅ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទដែលធន់នឹងអាកាសធាតុ មូលនិធិបន្ស៊ាំ​នឹងការប្រែប្រួលអាកាសធាតុ បច្ចេកទេស​រៀបចំ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ស៊ាំ​នឹងការប្រែប្រួលអាកាសធាតុ ដំណើរការរៀបចំ និងការពិនិត្យបច្ចេកទេសគម្រោង និងនីតិវិធី​លទ្ធកម្ម និងការអនុវត្ត​គម្រោង​ ជាដើម។ នេះជាវគ្គបណ្តុះបណ្តាលលើកទីបី​ហើយ។ កន្លងមក ក្រុមការងារអនុវត្តគម្រោង SPCR ដែលទទួលមូលនិធិគាំទ្រ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​ធ្លាប់បានរៀបចំវគ្គបណ្តុះបណ្តាល​ស្តីពី ការបញ្ជ្រាប​ការប្រែប្រួលអាកាសធាតុ​ និងការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ទៅក្នុងដំណើរការ​កសាងផែនការ​អភិវឌ្ឍន៍​៥ឆ្នាំ និង​កម្មវិធី​វិនិយោគ៣ឆ្នាំរំកិលដល់រដ្ឋបាល​ថ្នាក់ក្រោមជាតិផងដែរ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់