កិច្ចប្រជុំផ្សព្វផ្សាយ​ពីការរៀបចំបែងចែក និងផែនការ​អភិវឌ្ឍន៍​នៅលើដីសម្បទានសង្គមកិច្ចនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ របស់គម្រោង LASED II

កំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២០៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ​ប្រើប្រាស់ និងបែងចែកដីខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការរៀបចំបែងចែក និងផែនការ​អភិវឌ្ឍន៍នានានៅលើដីសម្បទានសង្គមកិច្ចដែលស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅក្នុងបរិវេណវត្តក្របៅ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ដោក ដូម៉ា នាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) លោកម៉ាអុន ម៉ាអូណាត ប្រធានសម្របសម្រួលគម្រោង (LASED II) ព្រះរាជអជ្ញារងសាលាដំបូងខេត្ត ស្នងការប៉ូលីសខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្ត្រីអមសាលាខេត្តកំពង់ធំ និងប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់។

លោកលី គីមពាវ ប្រធានគ្រប់គ្រងគម្រោង (LASED II) ខេត្តកំពង់ធំបានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនៅពេលនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងភូមិទាំង៨របស់​ឃុំដូងបានយល់ដឹងបន្ថែមទៀតអំពីការរៀបចំបែងចែកដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល និង​ផែនការអភិវឌ្ឍន៍នានានៅលើដីសម្បទានសង្គមកិច្ចនោះ និងដើម្បីស្រាយបំភ្លឺនូវចម្ងល់ និងសំណួរ​នានារបស់ប្រជាពលរដ្ឋសំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង និងការចូលរួមរបស់ប្រជា​ពលរដ្ឋ។

លោកបណ្ឌិត ដោក ដូម៉ា នាយកគម្រោង LASED II បានមានប្រសាសន៍ជម្រាបជូនបងប្អូន​ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះថា ស្របពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជាមាន​ការរីកចម្រើនលើគ្រប់វិស័យ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការរកដីរដ្ឋដែលនៅ​សេសសល់​ដើម្បីបែងចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួច ដើម្បីសង់លំនៅឋាន និងបង្កបង្កើនផល តាមរយៈការដាក់ចេញនូវកម្មវិធីសម្បទានដីសង្គមកិច្ច និងអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ស្តីពីសម្បទានដីសង្គមកិច្ច និងប្រកាសលេខ២០០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីគោលការណ៍ណែនាំអនុវត្តអនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច។ លោកបណ្ឌិតបានបន្ថែមថា នាពេលកន្លងមកការរៀបចំដី និងការជ្រើសរើសមុខសញ្ញាអ្នកទទួលដីនៅ​ក្នុងឃុំដូង គឺអនុវត្តទៅតាមនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវ ហើយដីដែលត្រៀមចែកជូនប្រជាពលរដ្ឋនាពេល​ខាងមុខនេះគឺជាដីឯកជនរបស់រដ្ឋប្រមាណ១៩៩២,៧៩ហិកតា និងមានប្រជាពលរដ្ឋក្រីក្រីគ្មានដី ឬមានដីតិចតួចប្រមាណជាង៧០០គ្រួសារ។

ទន្ទឹមនឹងនោះ លោក ម៉ាអុន ម៉ាអូណាត ប្រធានសម្របសម្រួលគម្រោង LASED II បានជម្រាបជូនប្រជាពលរដ្ឋអំពីផែនការអភិវឌ្ឍន៍នានាដូចជាការឈូសឆាយដី ដើម្បីរៀបចំដីឡូតិ៍លំនៅ​ឋាន និងដីឡូតិ៍កសិកម្ម ការត្រៀមរៀបចំចាប់ឆ្នោតជ្រើសរើសដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ការត្រៀមជួយគាំទ្រដល់ប្រជាពលរដ្ឋដែលនឹងចូលទៅរស់នៅលើដីសម្បទានសង្គមកិច្ច នូវស័ង្កសីចំនួន​៤០សន្លឹក អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករចំនួន២០០គីឡូក្រាម គ្រាប់ពូជបន្លែចំនួន០៦មុខ ដើមឈើហូបផ្លែចំនួន០៥មុខក្នុងមួយគ្រួសារ គ្រាប់ពូជផ្សេងៗ កូនស្វាយចន្ធី និងភ្ជួរដីកសិកម្ម។ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុសិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព ។ល។ និងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម និងការផ្តល់ទុនបង្វិលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍។ លោកបានបន្ថែម​ថា ជារួមគម្រោងគ្រោងចំណាយថវិកាប្រមាណ៤លានដុល្លារអាមេរិក ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងទីតាំង​ដីសម្បទានសង្គមកិច្ចនៅឃុំដូងនេះ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ជូនក្រុមការងារអនុវត្តគម្រោង និងប្រជាពលរដ្ឋទាំងអស់ថា គម្រោង LASED II ត្រូវអនុវត្តបន្តទៅទៀតតាមផែនការដែល​បានគ្រោងទុក។ ឯកឧត្តមបានបន្ថែមថា ឯកឧត្តមមានការតាំងចិត្តខ្ពស់ណាស់ក្នុងការបន្តធ្វើឱ្យ​គម្រោងនេះអនុវត្តទៅដោយរលូន និងសម្រេចបានតាមផែនការ។ ឯកឧត្តម បានពន្យល់បន្ថែមថា ការអនុវត្តគម្រោងនេះគឺជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំបែងចែកដីជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួចនៅក្នុងឃុំដូងទាំងមូល ដោយការបែងចែកដីនេះ គឺអនុវត្តទៅតាមនីតិវិធី​ច្បាប់។ មុននឹងបញ្ចប់ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមការពារ និងបម្រើផលប្រយោជន៍របស់​ប្រជាពលរដ្ឋជាធំ និងបានផ្តាំផ្ញើទៅប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមការពារផលប្រយោជន៍របស់​ខ្លួន​នៅក្នុងគម្រោងនេះផងដែរ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់