ក្រុមប្រឹក្សាខេត្តព្រះសីហនុបើកកិច្ចប្រជុំសាមញ្ញលើកទី៤  អាណត្តិទី៣

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ  បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិនិត្យ ពិភាក្សាលើរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខេត្ត ព្រមទាំងការពិនិត្យ ពិភាក្សាការរៀបចំសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះក៏ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តព្រះសីហនុ អស់លោក លោក ស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពនានាជុំវិញខេត្ត។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ មានរបៀបវារៈចំនួន០៨ លើកយកមកពិនិត្យ និងពិភាក្សារួមមាន៖ ទី១. ប្រសាសន៍បើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត, ទី២. ពិនិត្យកូរ៉ុម, ទី៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញ លើកទី៤  របស់ក្រុមប្រឹក្សាខេត្ត, ទី៤. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត, ទី៥. ពិនិត្យ និងអនុម័តរបាយការណ៍ ប្រចាំខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី២០ ខែសីហាដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៩), ទី៦. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តី ព្រាងសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២០-២០២២) របស់រដ្ឋបាលខេត្តព្រះសីហនុ, ទី៧. ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ – គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ -គណៈកម្មាធិការលទ្ធកម្ម – គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស -គណៈកម្មាធិការគ្រប់គ្រង មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត -គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្ម សំណង់ខេត្តព្រះសីហនុ -ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ និងទី៨. បញ្ហាផ្សេងៗ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពនានា ជុំវិញខេត្ត ត្រូវផ្តល់នូវរបាយការណ៍ពីសកម្មភាព លទ្ធផលការងារដែលសាមីមន្ទីរ ស្ថាប័ន អង្គភាពនានាអនុវត្តន៍ប្រចាំខែនីមួយៗ ទៅតាមការកំណត់របស់រដ្ឋបាលសាលាខេត្ត និងត្រូវមានវត្តមាន នៃការចូលរួមប្រជុំរបស់ក្រុមប្រឹក្សាខេត្តឱ្យបានគ្រប់មន្ទីរ ស្ថាប័ន អង្គភាព។ អនុវត្តន៍ប្រតិបត្តិការការងារឱ្យទទួលបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងធ្វើឱ្យជីវភាពរបស់ប្រជា ពលរដ្ឋមានភាពប្រសើរឡើង ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍តាមមូលដ្ឋានឃុំ សង្កាត់ មានការរីកចម្រើន។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំ ដល់មន្ត្រីអនុវត្តន៍ច្បាប់ ត្រូវត្រួតពិនិត្យជាប់ជាប្រចាំ នូវច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះវាជាបញ្ហាប្រឈម ខ្ពស់បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើន ចូលរួមអនុវត្តន៍នូវគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់