សិក្ខាសាលា​​ស្តីពី ខ្នាតគំរូនៃ​​ការ​អនុវត្ត​​ ​​និង​ក្របខ័ណ្ឌ​នៃការ​​លើកទឹកចិត្ត​ជំនួយបច្ចេកទេស​​ (TA) ​សម្រាប់ការផ្តល់​​​​សេវាអនាម័យ​​ជនបទតាមបែប​​វិមជ្ឈការ​​​​

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់​ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ (គ.ជ.អ.ប) សហការជាមួយ​ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា​ស្តីពី ខ្នាតគំរូនៃការអនុវត្ត និងក្របខ័ណ្ឌនៃការលើកទឹកចិត្តជំនួយបច្ចេកទេស (TA) សម្រាប់ការផ្តល់​​សេវាអនាម័យជនបទតាមបែបវិមជ្ឈការ នៅក្នុងសណ្ឋាគារសាន់វ៉េ ដោយមានសមាសភាពចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក ដៃគូអភិវឌ្ឍន៍ តំណាងរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកសរុបចំនួនប្រមាណ ២៥រូប។

សិក្ខាសាលាស្តីពី ខ្នាតគំរូនៃការអនុវត្ត និងក្របខ័ណ្ឌនៃការលើកទឹកចិត្តជំនួយបច្ចេកទេស (TA) សម្រាប់ការផ្តល់​​សេវាអនាម័យជនបទតាមបែបវិមជ្ឈការ​មានគោល​បំណង រួមមាន៖

១. គូសបញ្ជាក់ពីគោលគំនិត និងគោលបំណង​​នៃក្របខ័ណ្ឌនៃការផ្ទៀងផ្ទាត់​ការអនុវត្តអនាម័យ​​​ជនបទស្រុក

២. រៀបចំសេចក្តីព្រាងក្របខណ្ឌការផ្ទៀងផ្ទាត់​​​​ការអនុវត្តអនាម័យ​​​​​ជនបទស្រុក និងស្វែងរក​​​យោបល់​​​​ពី​​​អ្នក​ចូលរួម

៣. យល់ដឹង​​​​ពីប្រព័ន្ធ​​​លើកទឹកចិត្ត​​​ដែលមានស្រាប់ (ជាពិសេសមិនមែនហិរញ្ញវត្ថុ) ដើម្បី​​​បង្កើន​​​​ការគ្រប់ដណ្តប់​​​​​ដោយអនាម័យ និងទទួល​​​ស្គាល់នូវ​​​​ការអនុវត្តល្អ

៤. ដើម្បីពិភាក្សាពីគុណសម្បត្តិ និងគុណវិបត្តិ​​នៃប្រព័ន្ធ​​​លើកទឹកចិត្ត​​​​ដែលមាន​​​ហើយ​​ភ្ជាប់អនុសាសន៍​សម្រាប់ក្របខ័ណ្ឌលើកទឹកចិត្តមួយសម្រាប់អាជ្ញាធរថ្នាក់ក្រោម​ជាតិ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាក្នុងនាមលេខាធិការដ្ឋាន គ.ជ.អ.ប. លោក ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ​បានមាន​​​ប្រសាសន៍​​ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទ  ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) និង ធនាគារពិភព​លោក (WB) ដែលបានគាំទ្រ និងចូលរួម យ៉ាងសកម្មក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ផ្នែកអភិបាលកិច្ច​ដ៏មានសារៈ​សំខាន់​មួយរបស់រាជរដ្ឋាភិបាល។

ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងមោះមុតក្នុងការអនុវត្តគោល​នយោបាយ​​វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា “កំណែទម្រង់ការអភិវឌ្ឍតាម​បែប​ប្រជា​ធិបតេយ្យនៅថ្នាក់ក្រោមជាតិ” សម្រាប់រយៈពេលវែង។ លោកបានបន្ថែមថា ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកំណែទម្រង់ដ៏សំខាន់មួយក្នុងចំណោមកំណែទម្រង់ផ្សេង​ទៀត រួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលកំណែទម្រង់ទាំង ​៤នេះ​គឺជាស្នូលដ៏សំខាន់នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

លោក ជ័យ សម្បត្តិផល្លា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបាន​តម្កល់ឆន្ទៈផ្នែកនយោបាយក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗចំនួន៣គឺ៖

  • ទីមួយ៖ ពង្រឹង និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដោយការបោះឆ្នោតដោយសកល និងអសកល ដើម្បីធ្វើជាតំណាងសម្លេង និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ​
  • ទីពីរ៖ លើកកម្ពស់គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន តាមរយៈការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានទៅ​ឱ្យរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់គ្រង ចាត់ចែង និងអនុវត្តក្នុងការផ្តល់​សេវា និង​ការ​អភិវឌ្ឍ​​មូលដ្ឋាន។ ក្នុងន័យនេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋនឹងមានលទ្ធភាព និងការ​ទទួល​ខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ យ៉ាង​ទាន់ពេលវេលា ​ប្រកបដោយ​គុណភាព ​ប្រសិទ្ធភាព និងគណនេយ្យភាព
  • ទីបី៖ ការ​កៀរគរ​ធនធាន និងការចូលរួមប្រជាពលរដ្ឋក្នុងការអភិវឌ្ឍនៅមូលដ្ឋាន។ ការធ្វើ​វិមជ្ឈការនឹងបង្កលក្ខណៈងាយស្រួលដល់សហគមន៍ និងប្រជាពល​រដ្ឋចូលរួមក្នុងកិច្ចដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋបាល​មូលដ្ឋាន ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់រដ្ឋបាលមូលដ្ឋានក្នុងការប្រមូលផ្តុំ​​គំនិត​ផ្តួចផ្តើម​ដ៏​សម្បូរណ៍​បែប​នៅតាម​​មូលដ្ឋាន និង​កៀរគរ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ ទាំងជា​មតិយោបល់ និង​ធនធាន​នានាសម្រាប់ការអភិវឌ្ឍ​នៅតាមមូលដ្ឋាននីមួយៗ។

ចំពោះពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យអភិវឌ្ឍន៍ជនបទ លោក ជ័យ សម្បត្តិផល្លា បានមានប្រសាសន៍ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងក្រុងស្រុក​គោលដៅ និងSNV ដែលបានខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវក្នុងការអនុវត្តឱ្យ​សម្រេចបាន​លទ្ធផលជា​ផ្លែផ្កា។

បើយោងតាមប្រសាសន៍ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ​​ នៅ​ក្នុងឆ្នាំ​២០១៩ ក្រសួងអភិវឌ្ឍន៍ជនបទបាន​ផ្ទេរមុខងារចំនួន​០៣៖

១. ​ប្រតិភូកម្មមុខងារផ្តល់សេវាអនាម័យជនបទទៅឱ្យស្រុកគោលដៅចំនួន១១

២. ប្រតិភូកម្មមុខងារផ្តល់សេវាជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ១៥

៣. ជួសជុលថែទាំផ្លូវជនបទទៅឱ្យស្រុកគោលដៅចំនួន០៤

ជាថ្មីម្តទៀត ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយបានមានប្រសាសន៍ថ្លែង​អំណរ​គុណចំពោះថ្នាក់ដឹកនាំក្រសួង SNV/WB ដែលបានរៀបចំសិក្ខាសាលា និង​​​បានផ្តល់ឱកាសដល់រូបលោកចែករំលែកព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងអង្គសិក្ខាសាលា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់