គណៈ​ប្រតិភូស្វីស​​ធ្វើដំណើរ​​ទស្សនកិច្ច​​​សិក្សា​​ស្វែង​​យល់​​​ស្តីពី​ ការ​​អនុវត្ត​​ផែនការ​​​​​គណនេយ្យភាព​​​សង្គម​​ (I-SAF) ​​នៅស្រុក​​ក្រឡាញ់​​​​​ ខេត្តសៀមរាប​​​​​​​​​​​​​​​​​​​​

ខេត្តសៀមរាប៖ រដ្ឋលេខាធិការក្រសួងការបរទេសនៃសហព័ន្ធស្វីស លោកជំទាវ ​Pascale BAERISWYL បាន​ដឹកនាំ​គណៈប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ច​ស្វែងយល់អំពី ការអនុវត្តផែនការគណនេយ្យភាពសង្គម (I-SAF) រយៈពេល ០១ថ្ងៃ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសហព័ន្ធស្វីសមានគោលបំណងស្វែងយល់អំពី ការអនុវត្តផែនការ​​គណនេយ្យភាពសង្គម (I-SAF)​ ដែលគាំទ្រដោយទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​សម្រាប់​កិច្ចអភិវឌ្ឍន៍របស់ប្រទេសស្វីស (SDC) ដែលត្រូវបានដាក់ឱ្យអនុវត្តនៅអង្គភាពផ្តល់សេវា នៃរដ្ឋបាល​ឃុំរោងគោ និងរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប។​​​

នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពី ការអនុវត្តការងារគណនេ្យភាពសង្គម (I-SAF) នេះដែរ រដ្ឋលេខាធិការក្រសួងការបរទេសនៃសហព័ន្ធស្វីស លោកជំទាវ ​Pascale BAERISWYL បានជួបពិភាក្សាជាមួយ៖

  • អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ និងក្រុមប្រឹក្សាស្រុកក្រឡាញ់ ព្រមទាំងមន្រ្តីបង្គោលគណនេយ្យភាពសង្គមស្រុក
  • ចូលរួមអង្កេតពីដំណើរការកិច្ចប្រជុំរួម រវាងតំណាងអង្គភាពផ្តល់សេវា ជាមួយប្រជាពលរដ្ឋ
  • ទស្សនកិច្ចនៅអង្គភាពផ្តល់សេវាមួយចំនួន។

នៅចំពោះសមាជិកគណៈប្រតិភូនៃសហព័ន្ធស្វីស តំណាងអភិបាលខេត្តសៀមរាប តំណាងអភិបាល​ក្រុង​សៀមរាប អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ តំណាងរដ្ឋបាលឃុំរោងគោ និងប្រជាពលរដ្ឋនៅ​ក្នុងមូលដ្ឋាន ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល លោកជំទាវ ​Pascale BAERISWYL បានមានប្រសាសន៍ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល​ពាក់ព័ន្ធ​​ទាំងអស់​​ដែលបានចូលរួមអនុវត្តផែនការ​​សកម្មភាព​គណនេយ្យភាព​សង្គម (I-SAF)​ នៅកម្ពុជា ដើម្បីជួយលើកកម្ពស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

លោកជំទាវបានមានប្រសាសន៍សាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គម​ស៊ីវិល​​ពាក់ព័ន្ធ​​ទាំងអស់​ ដោយលោកជំទាវបានមើលឃើញផ្ទាល់អំពី ​ការអនុវត្ត​ផែនការ​​​គណនេយ្យភាព​សង្គម (I-SAF)​ ដែលបានជួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទន្ទឹមនេះដែរ លោកស្រីបានសន្យាថា រដ្ឋាភិបាលស្វីសនឹងបន្តជួយគាំទ្រដល់​ការអនុវត្ត​ផែនការ​​​គណនេយ្យភាព​សង្គម (I-SAF)​ ទៅពេលអនាគតទៀត៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់