សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា អង្គភាពនីតិកម្មរបស់ក្រសួង ស្ថាប័ននីមួយៗមានតួនាទីយ៉ាងសំខាន់ រួមចំណែកសម្រេចនូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់នូវចំពោះមុខថ្នាក់ដឹកនាំមកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធនឹងកិច្ចការនីតិកម្មជាច្រើនថា អង្គភាពនីតិកម្មរបស់ក្រសួង ស្ថាប័ននីមួយៗមានតួនាទីយ៉ាងសំខាន់ធ្វើជាសេនាធិការឲ្យក្រសួង ស្ថាប័ននីមួយៗក្នុងការធានានូវការរៀបចំ និងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅសម្រេចបាននូវសមិទ្ធផលស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យនីមួយៗ ដើម្បីចូលរួមចំណែកសម្រេចនូវគោលបំណងនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ សម្តេចក្រឡាហោមបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកា ស្តីពី មុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ នាសណ្ឋាគារសុខាភ្នំពេញ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះអង្គភាពទទួលបន្ទុកនីតិកម្មនៃក្រសួងស្ថាប័ននីមួយៗត្រូវផ្ដោតការយកចិត្តទុកដាក់ និងគិតគូរឲ្យបានស៊ីជម្រៅក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរបស់ខ្លួនដោយត្រូវពិនិត្យតម្រឹម និងបន្ស៊ីឲ្យបានស្របទៅនឹងគោលនយោបាយវិមជ្ឈការ និងច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។  សម្តេចបន្ថែមទៀតថា ការដាក់ចេញនូវមុខងារនីតិកម្មនៅតាមក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនាពេលនេះ គឹស្របពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ក្នុងការពន្លឿននៃការកំណែទម្រង់អភិបាលកិច្ច និងការពង្រឹងសមត្ថភាពស្ថាប័នសំដៅបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងគោលបំណងសម្រេចឱ្យបាននៅឆ្នាំ២០៣០ គឺកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងការឈានសម្រេចនូវចក្ខុវិស័យរយៈពេលវែងនៅឆ្នាំ២០៥០ គឺកម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់តាមការគ្រោងទុក៕

ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់