រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលំហនយោបាយ ដើម្បីភាពរីកចម្រើន និងឈានទៅជាប្រទេសដែលមានការអភិវឌ្ឍនៅលើសកលលោក

ក្រសួងមហាផ្ទៃ៖ សម្តេចក្រឡាហោម ស​​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាម​រាជ​រដ្ឋាភិបាលកម្ពុជា គឺប្តេជ្ញាបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលំហនយោបាយ តាមរយៈសេចក្តីថ្លែ​ង​​ការណ៍​ដែលបានចុះផ្សាយកាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ដើម្បីភាពរីកចំរើន និងឈានទៅ​ជា​ប្រទេស​ដែលមានការអភិវឌ្ឍនៅលើសកលលោក។ សម្តេចក្រឡាហោម ស​​ ខេង បានមានប្រសាសន៍​បែប​នេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡា​ហោម​បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងអនុវត្ត​ផ្តោ​តលើចំណុចសំខាន់ៗចំនួន ០៥រួមមាន៖ ១.ការលើកកម្ពស់​លទ្ធិ​ប្រ​ជា​​ធិបតេយ្យ និងនីតិរដ្ឋបន្ថែមទៀត ជាពិសេសអនុញ្ញាតឱ្យ​បុគ្គលដែលជាប់បម្រាមធ្វើសកម្មភាពនយោបាយ អាចចាប់ផ្តើមធ្វើសកម្មភាពនយោបាយវិញ​បាន, ២.ការលើកកម្ពស់ភាពជាដៃគូពិតប្រាកដ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល, ៣.វិធានការដោះស្រាយពាក់​ព័ន្ធសិទ្ធិការងារ និងសហជីព, ៤.ការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ​ស្រប​តាមរ​ដ្ឋធ​ម្ម​នុ​​ញ្ញ និងច្បាប់នានាជាធរមាន, ៥.បន្តដោះស្រាយ​ជម្លោះដីធ្លីដែល​នៅ​សេស​សល់ប្រកប​ដោយ​តម្លាភាព និងគណ​នេយ្យ​​ភាព ព្រមទាំងជំរុញ និងពន្លឿនការ​ចុះបញ្​ជីដី​ធ្លីនៅ​ទូទាំង​ប្រទេស។

សម្តេចក្រឡាហោមបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធ​សាស្រ្ត​​ចតុកោណ​ដំណាក់​​កាលទី៤ ដោយបានធ្វើការ​ពង្រឹងពង្រីកនូវវិសាលភាព សម្រិតសម្រាំងបន្ថែម និងធ្វើ​អាទិភាវូ​ប​-នី​យ​ក​ម្មមុំនីមួយៗ​នៃចតុកោ​ណ​​​ទាំង៤ ព្រមទាំងកែលម្អរបៀបវារៈគោលនយោបាយ និងយន្តការ អនុវត្តមួយចំនួនឱ្យកាន់តែ​ប្រសើ​រ​​ឡើងថែមទៀត ដើម្បីកសាងមូលដ្ឋានគ្រឹះចាំបាច់ទាំងឡាយក្នុង​ចក្ខុវិស័យ​ដោយ​ប្រែក្លាយកម្ពុជាពី​ប្រទេសដែល​មានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស​ដែល​មានចំណូលមធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៣០ ព្រមទាំងនាំប្រទេសជាតិយើងឆ្ពោះទៅកាន់​ឋានៈ​ជា​ប្រ​ទេសដែល​មាន​ចំណូល​ខ្ព​ស់​​នៅឆ្នាំ២០៥០ ខាងមុខ។

សម្តេចក្រឡហោមបានគូសបញ្ជាក់បន្តថា ឈរលើមូលដ្ឋាននេះដែរ រាជរដ្ឋាភិបាលក៏នៅតែបន្តកិច្ចសន្ទនា​ សំដៅប្រមូល​នូវ​គំនិតព្រមទាំង​ធនធា​ន​មនុស្សពីគ្រប់ប្រភព ដោយគ្មាន​ការ​រើសអើង ឬបែងចែក​បក្សពួក និន្នា​ការ​នយោបាយ តាម​រ​យៈ “ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្តល់យោបល់” និងការរៀបចំឱ្យមាន​ការ​ពិគ្រោះ​​យោបល់​ក្នុង​ដំណើរ​កា​រ​​​​​តាក់តែងក្របខណ្ឌ​គោលនយោបាយ និងច្បាប់នានា ដោយ​​អ​នុ​ញ្ញា​ត​​ឱ្យ​មានការ​ចូល​រួ​ម​ពី​តំណា​ង​​គណ​បក្ស​នយោបា​យ​ អង្គការ​ស​ង្គ​ម​​ស៊ី​វិ​ល​ និងផ្នែកឯកជន​ដែល​​មានការ​ពា​ក់ព័​ន្ធ​ ព្រមទាំង​បាន​រៀប​ចំកិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជុំពិគ្រោះយោបល់ជាមួយគណបក្សនយោបាយ​ដែលបានចុះបញ្ជីនៅ​ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយ និងស្វែង​យល់ពីការ​អនុវត្តច្បាប់​ស្តីពី​គណប​ក្ស​នយោបាយ៕

ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់