កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍភាព បញ្ហាប្រឈម និងដំណោះស្រាយក្នុងការគ្រប់គ្រងកិច្ចសន្យាលទ្ធកម្មរបស់គម្រោង LASED II

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ លោក ម៉ាអុន ម៉ាអូណាត ប្រធានសម្របសម្រួលស្តីទីនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍភាព បញ្ហាប្រឈម និងដំណោះស្រាយក្នុងការគ្រប់គ្រងកិច្ចសន្យាលទ្ធកម្មដែលថ្នាក់ជាតិបានផ្ទេរសិទ្ធិជូនទៅថ្នាក់ខេត្ត និងការសិក្សាគ្រោងប្លង់គម្រោងសាងសង់ផ្លូវនៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចរបស់គម្រោង LASED II  នៅលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រី និងទីប្រឹក្សាលទ្ធកម្ម​ ទីប្រឹក្សាប្រតិបត្តិ ទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ ទីប្រឹក្សាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រ និងទីប្រឹក្សាហិរញ្ញវត្ថុ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តគោលដៅអនុវត្តគម្រោង LASED II ដែលរួមមានខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ និងក្រចេះ សរុបប្រមាណ២០រូប។

លោក ម៉ាអុន ម៉ាអូណាត មានប្រសាសន៍ថា កិច្ចប្រជុំនេះជាការពិភាក្សា​ស្វែងយល់ អំពីវឌ្ឍភាពក្នុងការគ្រប់គ្រងកិច្ចសន្យាលទ្ធកម្មដែលថ្នាក់ជាតិបានផ្ទេរសិទ្ធិជូនទៅថ្នាក់ខេត្តទាំង៥នាពេលកន្លងមក ហើយក៏ពិភាក្សាអំពីបញ្ហាប្រឈមផ្សេងៗដែលក្រុមការងារថ្នាក់ខេត្តនីមួយៗបានជួបប្រទះ ​និងពិភាក្សាអំពីដំណោះស្រាយផ្សេងៗចំពោះបញ្ហាប្រឈមទាំងនោះផងដែរ។

លើសពីនេះ ដើម្បីឱ្យការអនុវត្តការងារលទ្ធកម្មទទួលបានជោគជ័យ និងសម្រេចបានតាមផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ លោកម៉ាអុន ម៉ាអូណាត ក៏បានស្នើសុំឱ្យក្រុមការងាររបស់គម្រោងប្រចាំខេត្តនីមួយៗបន្ត និងជំរុញការសិក្សាគ្រោងប្លង់គម្រោងសាងសង់ផ្លូវឱ្យបានឆាប់រហ័ស ដើម្បីបន្តនីតិវិធីលទ្ធកម្ម និងឈានទៅដល់ការស្ថាបនាផ្លូវ ឬសាងសង់អគារនានា ដើម្បីបម្រើដល់ការ ប្រើប្រាស់របស់សម្បទានិកក្នុងទីតាំងដីសម្បទានសង្គមកិច្ចនីមួយៗ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់