គម្រោង LASED II រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការណែនាំអនុវត្តគម្រោងនៅខេត្តកំពង់ធំ

កំពង់ធំ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការណែនាំអនុវត្តគម្រោង របស់គម្រោង (LASED II) ជូនដល់មន្ត្រីអនុវត្តគម្រោងនៅក្នុងខេត្តកំពង់ធំ នាថ្ងៃព្រហស្បតិ៍-សុក្រ ១១-១២ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ។ ឯកឧត្តមបណ្ឌិត ដោក ដូម៉ា នាយកគម្រោង LASED II រួមជាមួយតំណាងនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) និងអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីនេះ ព្រមទាំងមានការចូលរួមពីមន្ត្រីអនុវត្តគម្រោងនៅតាមមន្ទីរវិស័យពាក់ព័ន្ធសរុបប្រមាណជាង៣០រូប។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមបណ្ឌិត ដោក ដូម៉ា នាយកគម្រោង LASED II បានមានប្រសាសន៍ជម្រាបទៅអ្នកចូលរួមថា បន្ទាប់ពីគម្រោងបានឯកភាពដំណើរការនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៦ ក្រុមការងារអនុវត្តគម្រោងនៅថ្នាក់ ជាតិ និង​ថ្នាក់ក្រោមជាតិបានចាប់ផ្តើម និងអនុវត្តសកម្មភាពទៅតាមគោលបំណងអភិវឌ្ឍន៍គម្រោង (PDO) និង សុចនាករដូចមានក្នុងសៀវភៅណែនាំអនុវត្តគម្រោង គោលការណ៍ណែនាំ និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន។ ដើម្បី​បង្កើន​ប្រសិទ្ធភាពនៃការអនុវត្ត គម្រោង LASED II បានលើកផែនការសកម្មភាពក្នុងឆ្នាំ ២០១៨ ពីការណែនាំអនុវត្ត “តាមសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោង (PIM)” ដល់ក្រុមការងារថ្នាក់ក្រោមជាតិទាំង ៥ ខេត្ត ដោយក្នុងនោះខេត្តកំពង់ធំត្រូវបានគម្រោងជ្រើសរើសក្នុងការផ្តល់វគ្គបណ្តុះបណ្តាលមុនគេ ហើយខេត្ត៤ផ្សេងទៀតរួមមានខេត្តកំពង់ស្ពី ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នឹងត្រូវផ្តល់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត។

គោលបំណងសំខាន់ៗនៃវគ្គបណ្តាលស្តីការណែនាំអនុវត្តគម្រោង (PIM) គឺដើម្បីបង្កើនការយល់ដឹង និង​ប្រសិទ្ធ​ភាព​ក្នុងការអនុវត្តគម្រោង​របស់ក្រុមការងារថ្នាក់ក្រោមជាតិ ក្នុងខេត្តគោលដៅទាំង ៥ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពី៖

(១) ​គោលការណ៍សំខាន់ៗក្នុងសៀវភៅអនុវត្តគម្រោង

(២) ​នីតិវិធីសំខាន់ៗតាមជំនាញ និងផ្នែកនីមួយៗ

(៣) រចនាសម្ព័ន្ធគ្រប់គ្រង​ និងការទទួលខុសត្រូវក្នុងការអនុវត្តគម្រោង

នៅក្នុងវគ្គបណ្តុះនេះ ក្រុមការងារថ្នាក់ជាតិ​បានធ្វើបទ​បង្ហាញ​ដល់​ក្រុម​ការងារ​អនុវត្ត​​គម្រោង​នៅថ្នាក់ខេត្ត ដោយផ្សាភ្ជាប់រវាងទ្រឹស្តី និងគោលការណ៍ណែនាំក្នុងសៀវភៅស្តីពីការអនុវត្តគម្រោង ជាមួយនឹងការអនុវត្តជាក់ស្តែងកន្លងមក ដោយផ្តោតបន្ថែមទៅលើបច្ចេក​ទេសសំខាន់ៗតាមផ្នែកនីមួយៗ​​ ដើម្បីបង្កើនការយល់​ដឹង​លើ​ជំនាញ​របស់ខ្លួន។ លើសពីនេះ វគ្គបណ្តុះបណ្តាលក៏បានបែងចែកក្រុមពិភាក្សា​ ដើម្បីសែ្វងរកចំណុចល្អ និងចំណុចមិនសូវល្អ ដែលមិនអាចអនុវត្តបាន ឬសំណូមពរកែសម្រួល​ផ្នែក​ណា​មួយដើម្បីងាយស្រួលក្នុងការអនុវត្តបន្តទៀត៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់