ការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ការពិនិត្យពិភាក្សាអំពីវឌ្ឍនភាព និងដំណោះស្រាយបញ្ហាប្រឈមនៃការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  គឺ​ជា​របៀបវារៈ​ទី​៥ ​ក្នុង​ចំណោម​របៀបរយៈ​ទាំង​ប្រាំ​ពីរ​នៃ​កិច្ច​ប្រ​ជុំ​លើក​ទី​១៦​ របស់​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែល​បាន​ប្រព្រឹត្ត​ទៅកាល​ពី​​ថ្ងៃ​ទី​២២ ខែ​មិថុនា​ ឆ្នាំ​២០១៨​។

​កន្លង​មក​​​ការិយា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ និង​ការិយាល័យ​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​បង្កើត​នៅ​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ សរុប​ជា​រួម​ ពី​ឆ្នាំ​២០០៥ – ២០១៧ មាន​ការិយាល័យ​ចំនួន ៥៣ (២៦ក្រុង ១២ខណ្ឌ និង​១៤ស្រុក) និង​កំពុង​​រៀបចំ​បង្កើត​ការិយាល័យ​​ច្រក​ចេញ​ចូល​តែ​មួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ចំនួន​ ៣១​ស្រុក​​បន្ថែម​ទៀត ដែល​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​អនុវត្ត​នៅ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨នេះ។

បច្ចុប្បន្ន​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ បាន​កំពុង​ផ្តល់​សេវា​ចំនួន​ប្រមាណ​ ១២៨ប្រភេទ​សេវា នៃ​វិស័យ​ចំនួន​១៣។ បើ​គិត​ពី​ឆ្នាំ២០០៥ ដល់​ ២០១៧ ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​បាន​ផ្តល់​សេវា​ ២.៦០៥.២៤៤ ​សេវា​ និង​ទទួល​ចំណូល​សរុប​ ៥៦.០៦០.៨៤៤.០៦០៛ (១៤លានដុល្លារសហរដ្ឋ​​អាមេរិក​)។

ឆ្នាំ​២០១១ ដល់​ ២០១៨ ការិយាល័យ​ប្រជាពលរដ្ឋ​ក្រុង​ ស្រុក​ ខណ្ឌ បាន​ទទួល​ពាក្យ​បណ្តឹង​តវ៉ា​ ការ​សាក​សួរ​ព័ត៌មាន​ និង​សំណើ​សំណូម​ពរ​នានា​បាន​ចំនួន ២០.៧៣០ករណី ក្នុង​នោះ​រួមមាន៖ (១) បណ្តឹង​ពាក់​ព័ន្ធ​ការ​ផ្តល់​សេវា​រដ្ឋបាល​ស្ថិត​ក្នុង​សមត្ថ​កិច្ច​រដ្ឋបាល​ក្រុង​​ ស្រុក​ចំនួន​ ១.១៩១​ករណី បាន​សម្រុះ​សម្រួល​ដោះ​ស្រាយ​បាន​ ១.០៩៤ករណី ស្នើ​នឹង​៩២%។ (២)​ បណ្តឹង​ក្រៅ​សមត្ថកិច្ច​របស់​រដ្ឋបាល​ក្រុង​ ស្រុក ចំនួន​ ៧៦៧​ករណី​ បាន​បញ្ជូន​ទៅ​ស្ថាបន័​នានា​មាន​សមត្ថកិច្ច​ (៣) ការសាក​សួរ​ព័ត៌មាន​ផ្សេងៗ​ចំនួន ១៧.៦៤៣​ករណី និង​ (៤) សំណើរ​សំណូម​ពរ​ចំនួន​ ១.០៩២ករណី​។​

ចំពោះ​ការ​ផ្សព្វ​ផ្សាយ​អនុ​ក្រឹត្យ និង​លិខិត​បទដ្ឋាន​នានាក្នុង​ឆ្នាំ​២០១៧កន្លងទៅ​បាន​រៀបចំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ និង​ណែ​នាំ​អនុវត្ត​អនុក្រឹត្យ​លេខ១៨ អនុក្រឹត្យ​លេខ​១៩ និង​លិខិត​បទដ្ឋាន​ផ្សេងទៀត​សម្រាប់​បង្កើត​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​ និង​ការិយាល័យ​ប្រជា​ពលរដ្ឋ​នា​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដល់​ក្រសួង​ ស្ថាបន័​ និង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ហើយ​រាជ​ធានី​ ខេត្ត​ទាំង​២៥ ក៏បាន​ផ្សព្វ​ផ្សាយ​អនុក្រឹត្យ​ទាំង​ពីរ​ និង​លិខិត​បទដ្ឋាន​ពាក់​ព័ន្ធ​ដល់​មន្ទីរ អង្គភាព​ ក្រុង ស្រុក ខណ្ឌ​ និង​ឃុំ​ សង្កាត់​ និង​អ្នក​ពាក់​ព័ន្ធ​នានា​។

ទិសដៅ​សំខាន់ៗ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨នេះ រួមមាន​ចំនួន​ ៦ ដូច​ខាងក្រោម៖

១. រៀបចំលិខិតបទដ្ឋាន និងឯកសារចាំបាច់នានាសម្រាប់គាំទ្រការអនុវត្តអនុក្រឹត្យលេខ១៨ និងអនុក្រឹត្យលេខ១៩

២. ត្រៀមបើកវគ្គបណ្តុះបណ្តាលអំពីនីតិវិធី និងបែបបទនៃការផ្តល់សេវាដល់មន្រ្តីអង្គភាពច្រកចេញចូលតែមួយចំនួន ៩ខេត្តទៀត នាថ្ងៃទី២៦-២៩ ខែមិថុនាខាងមុខនេះ

៣. បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសតាមវិស័យនីមួយៗ នាត្រីមាសទី៣នៃឆ្នាំ២០១៨

៤. បើកវគ្គបណ្តុះបណ្តាលការិយាល័យប្រជាពលរដ្ឋទាំង២៥រាជធានី ខេត្ត ក្នុងត្រីមាសទី៣នៃឆ្នាំ២០១៨

៥. រៀបចំដាក់ឲ្យដំណើរការផ្លូវការនូវអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នាខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ

៦. រៀបចំដាក់ឲ្យដំណើរការផ្លូវការនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋចំនួន ៣១ស្រុក នាខែធ្នូ ឆ្នាំ២០១៨៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់