រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំស្តីពីការអនុវត្ត បញ្ហាប្រឈម និងទិសដៅបន្តលើការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញ-ចូលតែមួយ

ខេត្តកំពត៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្ត បញ្ហាប្រឈម និងទិសដៅបន្តលើការផ្តល់សេវារដ្ឋបាលនៅ​អង្គភាពច្រកចេញ-ចូលតែមួយ នៅសាលប្រជុំសាលាខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដោយមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដូចជា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដែលពាក់ព័ន្ធ នាយក នាយករងរដ្ឋបាលខេត្ត នាយក​ទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក សរុប ៤៣នាក់។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការបូកសរុប និងដាក់ចេញនូវគោលការណ៍ដែលត្រូវអនុវត្តមួយចំនួនមានជាអាទិ៍៖
-រាល់ការស្នើសុំសេវា  ត្រូវអនុវត្តតាមនីតិវិធី អង្គភាពច្រកចេញចូលតែមួយ ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង  ស្រុក
-មន្ទីរ  អង្គភាពពាក់ព័ន្ធត្រូវបញ្ឈប់ការទទួលសេវា  ហេីយប្រគល់សេវាមកអនុវត្តនៅអង្គភាពចេញចូលតែមួយខេត្ត
-ការសាងសង់សំណង់គ្រប់ប្រភេទ ត្រូវមានច្បាប់អនុញ្ញាត  ហេីយត្រូវត្រួតពិនិត្យការសាងសង់  ធានាអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
-ក្រុង  ស្រុកត្រូវធ្វេីរបាយការណ៍មកខេត្តអំពីក្រុមហ៊ុនដែលបានជីករណ្តៅដី  កាយក្រួសក្រហម  និងធ្វេីអាជីវកម្មរ៉ែ  ដេីម្បីងាយស្រួលត្រួតពិនិត្យបង់សួយសារចូលថវិកាជាតិ

ឯកឧត្តម បានកំណត់រយៈពេលបីខែម្តង  ដើម្បីរៀបចំកិច្ចប្រជុំ  តាមដានការអនុវត្តនៃការផ្តល់សេវារដ្ឋបាលនៅអង្គភាព ច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង  ស្រុក  ទូទាំងខេត្ត៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់