រដ្ឋបាលខេត្តរតនគិរី​​​​សម្ពោធ​​ដាក់ឱ្យដំណើរការ​​អគារការិយាល័យច្រកចេញ-​​ចូលតែមួយ​ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុក​បរកែវ ​​​​​

រដ្ឋបាលខេត្តរតនគិរីបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកបរកែវ ខេត្តរតនគិរី នៅសាលាស្រុកបរកែវ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។ ពិធីខាងលើនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការថ្នាក់ខេត្ត ស្រុក និងប្រជាពលរដ្ឋជាច្រើននាក់។

លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ បានឱ្យដឹងថា អគារការិយាល័យច្រក-ចេញចូលតែមួយរបស់រដ្ឋបាលស្រុកបរកែវ ត្រូវបានចាប់ផ្តើមដំណើរការសាងសង់ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបំពាក់សម្ភារៈការិយាល័យ និងដាក់ឱ្យដំណើរការនាឱកាសនេះ។ ដើម្បីឆ្លើយតបទៅនឹងការដាក់ឱ្យដំណើរការច្រកចេញ-ចូលតែមួយនេះ រដ្ឋបាលស្រុកបានរៀបចំជ្រើសរើស និងពង្រឹងធនធានមនុស្ស មន្រ្តីជួរមុខ ជួរក្រោយ និងប្រធានការិយាល័យប្រជាពលរដ្ឋ តាមគោលការណ៍ណែនាំ និងនីតិវិធីជ្រើសរើសរបស់ក្រសួងមហាផ្ទៃ ព្រមទាំងបានបញ្ជូនមន្រ្តីទាំងនោះ ទៅចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីបង្កើនចំណេះដឹងសម្រាប់ចូលបម្រើការងារ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា ការលើកកម្ពស់សេវាសាធារណៈ តាមរយៈការបង្ខិតសេវាឱ្យទៅកៀកជិតប្រជាពលរដ្ឋ តាមនីតិវិធី សាមញ្ញ មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព គឺជាគោលបំណងចម្បង និងជាអាទិភាពរបស់ រាជរដ្ឋាភិបាល ហើយក៏ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋផងដែរ។

ព្រមជាមួយគ្នានេះ ដើម្បីឱ្យការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សំដៅដល់ការអភិវឌ្ឍធនធានមនុស្ស ពោលគឺមន្ត្រីអ្នកផ្តល់សេវា ត្រូវតែជាមន្ត្រីដែលមានគុណភាព សមត្ថភាព វិជ្ជាជីវៈ មនៈសិការ និងឥរិយាបថល្អក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅ។ ក្នុងន័យនេះមន្ត្រីអ្នកផ្តល់សេវាទាំងអស់ត្រូវអនុវត្តឱ្យបាននូវច្បាប់ បទដ្ឋាន គតិយុត្តិនានា ពាក់ព័ន្ធការងារបំពេញតួនាទី ភារកិច្ច ពេលវេលានៃការបំពេញការងារ៕

ប្រភពពីរដ្ឋបាលខេត្តរតនគីរី

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់