ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសិក្ខាសាលាផ្លាស់ប្តូរចំណេះដឹង ស្តីពី «វិធីសាស្រ្តពហុវិស័យក្នុងការដោះស្រាយកង្វះអាហារូបត្ថម្ភលើកុមារ» នៅប្រទេសឥណ្ឌូនេស៊ី

ប្រទេសឥណ្ឌូនេស៊ី៖ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានដឹកនាំគណៈប្រតិភូពីលេខាធិការដ្ឋានចំនួន០៤រូប ដើម្បីចូលរួមសិក្ខាសាលាផ្លាស់ប្តូរចំណេះដឹង ស្តីពី «វិធីសាស្រ្តពហុវិស័យក្នុងការដោះស្រាយកង្វះអាហារូបត្ថម្ភលើកុមារ» ដែលបានរៀបចំឡើងដោយធនាគារពិភពលោក (World Bank) នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

គោលដៅសំខាន់ៗនៃសិក្ខាសាលានេះ រួមមាន៖ (១). ស្វែងយល់ពីបទពិសោធន៍នៃគម្រោងរបស់ប្រទេសឥណ្ឌូនេស៊ី « ការផ្តល់អាហារូបត្ថម្ភតាំងពីនៅជាទារក (Investing in Nutrition and Early Years)» និងពិភាក្សាអំពីគំនិតផ្តួចផ្តើម ​ដំណើរការ មេរៀនបទពិសោធន៍ និងការអនុវត្តជោគជ័យ បញ្ហាប្រឈម និងដំណោះស្រាយ។ (២). ពិនិត្យមើលការអនុវត្តនៅថ្នាក់ស្រុក និងភូមិ និងពិភាក្សាប្រតិបត្តិការនៃវិធីសាស្រ្តពហុវិស័យ​ក្នុងការដោះស្រាយកង្វះអាហា​រូបត្ថម្ភ​លើកុមារ​តាមរយៈសកម្មភាពផ្សេងៗ ដើម្បីគាំពារសុខភាព អភិបាលកិច្ចមូលដ្ឋាន និងកិច្ចគាំពារសង្គមជាដើម។ (៣). ចែករំលែកជាមួយនឹងក្រុមការងារឥណ្ឌូនេស៊ី និងទីម័រអំពីការរៀបចំបង្កើតគម្រោងអាហារូបត្ថម្ភ នៃប្រទេសកម្ពុជា និងពិភាក្សារកចំនុចសិក្សារួម និងគន្លឹះដែលអាចអនុវត្តសម្រាប់ប្រទេសទាំង៣។

ជាលទ្ធផលតាមរយៈសិក្ខាសាលាផ្លាស់ប្តូរចំណេះដឹងនេះ ក្រុមការងារសង្កេតឃើញថាប្រទេសឥណ្ឌូនេស៊ី ​ទទួលបាន​ភាព​ជោគជ័ន​ក្នុងការ​បង្ការ និងទប់ស្កាត់ជម្ងឺក្រិន ដែលកាលពីឆ្នាំ២០១៣​ ចំនួន ៣២.៩ភាគរយ​ នៃកុមារ​ឥណ្ឌូនេស៊ី​ដែលមានអាយុក្រោម២ឆ្នាំ  អត្រានេះ​ត្រូ​វបានកាត់បន្ថយ​មក​ត្រឹម ​៣០.៨ភាគរយ ក្នុងឆ្នាំ​២០១៨។ កត្តាដែលធ្វើឱ្យមានភាពជោគជ័យខាងលើរួមមាន៖

  • ការដាក់ចេញនូវផែនការ​យុទ្ធសាស្រ្ត​ជាតិ​ដែលដឹកនាំ និងសម្រប​ម្រួលដោយ​គណៈរដ្ឋមន្ត្រី​
  • ការតាំង​ចិត្ត​ខ្ពស់​ផ្នែក​គោលនយោបាយ​ និងភាពជាម្ចាស់ពីថ្នាក់ជាតិ​ រហូតដល់​​ភូមិ
  • ការកំណត់តួនាទីភារកិច្ចរបស់អ្នកពាក់ព័ន្ធមានភាពច្បាស់លាស់
  • ការសម្របសម្រួល​រវាង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ​​ក្នុង​ការ​អនុវត្តនូវ​​ផែនយុ​ទ្ធសាស្ត្រត្រូវបានរៀបចំឡើងបានច្បាស់លាស់ ជាពិសេស​ការអភិវឌ្ឍ​ សមត្ថភាព និងទំនាក់ទំនងទាំងខ្សែបណ្តោយ និង​ខែ្យទទឹង
  • ​ការ​កំណត់ខ្ទង់​ថវិកា​ច្បាស់លាស់​សម្រាប់ការអនុវត្ត​នូវផែនការ​យុទ្ធសាស្រ្ត​ជាតិ
  • ការដាក់ចេញនូវក្របខ័ណ្ឌគត្តិយុទ្ធច្បាស់លាស់សម្រាប់ចង្អុលបង្ហាញតម្រង់ទិសលើការអនុវត្តទាំង​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​
  • ការធ្វើសមាហរន្ថកម្ម​ផែនការថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ​នីមួយៗ​ឱ្យមានភាពស៊ី​សង្វាក់​គ្នា និង​មាន​ការឆ្លើយ​តប​ចំពោះ​​ផែនការយុទ្ធសាស្ត្រ​ជាតិ
  • ការផ្សារភ្ជាប់​រវាង​ផែនការ​យុទ្ធសាស្ត្រជាតិ និង​កម្មវិធីផ្ទេរ​សាច់ប្រាក់ដល់​​អ្នកទទួលផល
  • ឯកសារ​សម្រាប់​បណ្តុះបណ្តាល និងផ្សព្វផ្សាយ​មានភាព​ទាក់ទាញ ព្រមទាំងមាន​ភាពងាយយល់ និងងាយអនុវត្ត
  • ការរៀបចំឱ្យមាន​មន្ត្រីអភិវឌ្ឍន៍​​ធនធាន​មនុស្ស​នៅតាមភូមិ​ដើម្បី​ចុះអប់រំផ្សព្វផ្សាយ និងតាមដាន​ការរីកលូតលាស់​របស់​កុមារ និង​ការវិវឌ្ឍ​របស់​ស្រ្តីមានផ្ទៃពោះ
  • ក្របខ័ណ្ឌនៃការ​តាមដានត្រួ​តពិនិត្យ​ត្រូវ​បាន​រៀបចំច្បាស់សាល់ និង​អនុវត្ត​ជាប្រចាំ និង​កំពុងសាកល្បង​ឈានចូលដល់ចាប់ផ្តើម​ប្រើប្រាស់នូវ​ការតាមដាន​តាមរយៈ​ប្រព័ន្ធ​ព័ត៌មានវិទ្យា

ជារួម​មេរៀបបទពិសោធទាំងនេះ ​ផ្តល់់ធាតុចូលជាច្រើន​សម្រាប់​ការរៀបចំ​ និងការអនុវត្ត​នៃ​គម្រោមអាហារូបត្ថម្ភកម្ពុជា​ដែល​នឹងត្រូវដាក់ឱ្យអនុវត្ត​នាពេលខ្លីខាងមុខនេះ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់