លេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើសំណើគម្រោងដំបូងទៅមូលនិធីអាកាសធាតុបៃតង (GCF)

រាជធានីភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើសំណើគម្រោងដំបូងទៅមូលនិធីអាកាសធាតុបៃតង (GCF) ក្រោមអធិបតីភាព ឯកឧត្តម នី គឹមសាន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់២។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារចំណុះអង្គភាពនានានៃលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន មូលនិធិអភិវឌ្ឍអាកាសធាតុរបស់អង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិសម្រាប់ស្ត្រី ព្រមទាំងមន្ត្រីនៃរដ្ឋបាលខេត្តបាត់ដំបង ពោធិ៍សាត់ តាកែវ កំពត ព្រៃវែង ក្រចេះ ព្រះវិហារ និងខេត្តមណ្ឌលគិរី ដើម្បីពិគ្រោះយោបល់លើគម្រោង “រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ” ក្នុងបំណងពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធនានាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើ ១.ប្រភេទហិរញ្ញប្បទានដែលសមស្របទៅនឹងសំណើគម្រោង ដើម្បីស្នើសុំហិរញ្ញប្បទានពី GCF ២.ប្រមូលធាតុចូលនានាពីអ្នកពាក់ព័ន្ធលើឯកសារសំណើគម្រោង និង ៣.សិក្សាចងក្រងឯកសារនានាគាំទ្រដល់ការរៀបចំសំណើគម្រោង។

គួរបញ្ជាក់ថា នេះគឺជាការរៀបចំសំណើដំបូងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីដាក់ស្នើទៅមូលនិធិអាកាស ធាតុបៃតង (GCF) បន្ទាប់ពីលេខាធិការដ្ឋាន គ.ជ.អ.ប ត្រូវបានទទួលស្គាល់ជាស្ថាប័នទទួលហិរញ្ញប្បទានផ្ទាល់ (Direct Access Entity-DAE) នៅក្នុងកិច្ចប្រជុំលើកទី២៤របស់ក្រុមប្រឹក្សាភិបាលមូលនិធីអាកាសធាតុបៃតង ដោយក្នុងនោះ លេខាធិការដ្ឋាន គ.ជ.អ.ប គឺជាស្ថាប័នសាធារណៈដែលអាចទទួលបានថវិកាប្រមាណ ១០ លានដុល្លារអាមេរិកក្នុងមួយសំណើគម្រោងទាក់ទងនឹងការបន្សាំការប្រែប្រួលអាកាសធាតុ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់