ឯកឧត្តម ង៉ាន់ ចំរើន អញ្ជើញបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងជំរុញ​ការអនុវត្ត​ប្រព័ន្ធទិន្នន័យ គ.ជ.អ.ប

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ​.ប) បានអញ្ជើញ បើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងជំរុញ​ការអនុវត្ត​ប្រព័ន្ធទិន្នន័យ គ.ជ.អ.ប ដែលរៀបចំឡើង​ក្នុងសាលាប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការអញ្ជើញ ចូលរួម​​​ពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលរាជធានី ខេត្តទាំង ២៥ តំណាងរដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធសរុបប្រមាណ ៦០រូប។

អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលានេះក្នុងគោលបំណង​ពិនិត្យពិភាក្សាលើយន្តការ​បន្តការអនុវត្ត​ប្រព័ន្ធទិន្នន័យ គ.ជ.អ.ប ឱ្យមាននិរន្តរភាព និងពង្រឹង​ការ​អនុវត្ត​ការងារព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមាន ប្រសាសន៍​​បើកសិក្ខាសាលាថា ប្រព័ន្ធទិន្នន័យ​ពិតជាមាន​សារៈ​សំខាន់​ណាស់ ព្រោះវាបង្កលក្ខណៈងាយស្រួល​ដល់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការត្រួតពិនិត្យតាមដាន និងវាយតម្លៃ​ការអនុវត្តការងារនានា​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ។ ឯកឧត្តម ង៉ាន់ ចំរើន បានមានប្រសាសន៍បញ្ជាក់ថា៖“យើងពិបាកតាមដាន​ការអនុវត្តការងារ​របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រសិនបើ​យើងពុំ​មាន​ប្រព័ន្ធទិន្នន័យមួយច្បាស់លាស់”។ បន្ថែមលើសពីនេះ ឯកឧត្តមក៏បានមានប្រសាសន៍ពីបទ ពិសោធន៍ការគ្រប់គ្រងទិន្នន័យតាម​បណ្តាប្រទេស​មួយចំនួនក្នុងតំបន់​អឺរ៉ុប​​​ផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមស្នើឯកឧត្តម លោកជំទាវអភិបាលរងទទួលបន្ទុកផែនការអនុវត្ត៣ឆ្នាំ (ផ.អ.៣)​ឱ្យពង្រឹងសមត្ថភាព ចំណេះជំនាញមន្ត្រីបង្គោលដែល​ទទួលបន្ទុក​ប្រមូល និងបញ្ចូលទិន្នន័យ​ឡើងវិញ ដើម្បីធានាការប្រមូល និងបញ្ចូលទិន្នន័យមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា​ ប្រព័ន្ធទិន្នន័យមិនត្រឹមតែមានតួនាទីរក្សា​​​ទុកទិន្នន័យទេ វាថែមទាំងជាកម្មវិធីមួយដែលអាចនាំចេញនូវរបាយការណ៍ផ្សេងៗផងដែរ។ វាជាប្រព័ន្ធ​ Online ដែលអាចវាយបញ្ចូលទិន្នន័យ​ពីចម្ងាយ​បាន ដូចជា ខ្ទង់ថវិកា និងតួលេខសូចនាករនៃការបំពេញការងារ។ ​កន្លងមក រាជធានី ខេត្តនីមួយៗបានអនុវត្ត​នូវ​ការ​ប្រមូល បញ្ចូលទិន្នន័យ និងប្រើប្រាស់ទិន្នន័យ​មួយចំនួនរបស់លេខាធិការដ្ឋាន គ.ជ.អ.ប រួមមាន៖ ប្រព័ន្ធទិន្នន័យផែនការថវិកាជាតិ (NAD) ប្រព័ន្ធទិន្នន័យ​គ្រប់គ្រង​សារពើ​ភណ្ឌ (NID ប្រព័ន្ធទិន្នន័យ​​ការអនុវត្ត​​​​គម្រោង (PID) ជាដើម។ គ.ជ.អ.ប មានប្រព័ន្ធទិន្នន័យ Online សរុបចំនួន១៥ រួមមាន៖ ប្រព័ន្ធទិន្នន័យផែនការថវិកាជាតិ (NAD) ប្រព័ន្ធទិន្នន័យ​គ្រប់គ្រងសារពើភណ្ឌ (NID) ) ប្រព័ន្ធទិន្នន័យគ្រប់គ្រងបណ្ណាល័យ (Lib) ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដេញថ្លៃគម្រោង (Bid) ប្រព័ន្ធទិន្នន័យនៃ​ការអនុវត្តគម្រោង (PID) ប្រព័ន្ធទិន្នន័យតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ ប្រព័ន្ធត្រួតពិនិត្យតាមដានការអនុវត្ត​សកម្មភាព​​​គណនេយ្យភាពសង្គម ប្រព័ន្ធ​ទិន្នន័យ​​​​មូលដ្ឋានឃុំ សង្កាត់ និងប្រព័ន្ធទិន្នន័យគ្រប់គ្រងក្រុមប្រឹក្សា ឃុំ សង្កាត់ ជាដើម។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់