រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងសម្រាប់អភិបាលក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនសមត្ថភាពដល់អភិបាលក្រុង ស្រុក ខណ្ឌ។
ថ្លែងបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍លើកឡើងពីភាពចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលឆ្លើយតបនឹងកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមមានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ ជារដ្ឋបាលផ្តល់សេវាដែលស្ថិតនៅកៀកជិតប្រជាពលរដ្ឋ ដូច្នេះរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹង និងបង្កើនសមត្ថភាពការងារថែមទៀត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងត្រៀមខ្លួនទទួលមុខងារ និងធនធាន ដែលរដ្ឋបាលថ្នាក់ជាតិផ្ទេរឱ្យ នាពេលដ៏ឆាប់ខាងមុខ។
ឯកឧត្តម ង៉ាន់ ចំរើន បានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលថ្មី អាណត្តិទី៦នេះបានបន្តប្តេជ្ញាជំរុញការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាស្នូលនៃកំណែទម្រង់អភិបាលកិច្ច ក្នុងគោលបំណងអនុវត្តការងារឱ្យមានប្រសិទ្ធភាព គុណភាព ភាពជាតំណាង គណនេយ្យភាព និងតម្លាភាព»។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានមានប្រសាសន៍លើកឡើងអំពីបទពិសោធន៍ការងារគ្រប់គ្រងតាមវិមជ្ឈការ និងវិសហមជ្ឈការតាមបណ្តាប្រទេសមួយចំនួនក្នុងអាស៊ី និងតំបន់អឺរ៉ុបផងដែរ ដូចជា ជប៉ុន ចិន ឥណ្ឌូនេស៊ី និងស៊ុយអែត ផងដែរ។
ចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានផ្តាំផ្ញើប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យអភិបាលក្រុង ស្រុក ខណ្ឌដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលត្រូវខិតខំយកចិត្តទុកសិក្សាស្វែងយល់ ស្រាវជ្រាវ និងចែករំលែកបទពិសោធន៍ការងារគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពអនុវត្តការងារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងសម្រាប់អភិបាលក្រុង ស្រុក ខណ្ឌត្រូវបានរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) នៃក្រសួងមហាផ្ទៃ និងគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណៈកម្មាធិការជាតិអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ អភិបាលក្រុង ស្រុក ខណ្ឌចំនួន ៣៣រូបត្រូវបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលជាលើកដំបូងនេះ ដោយទទួលបានការចែករំលែកពីអ្នកជំនាញការជាតិ និងអន្តរជាតិអំពីការងារសំខាន់ៗ រួមមាន ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ (បញ្ហាប្រឈម និងការអភិវឌ្ឍ) ការអនុវត្ត និងបទពិសោធន៍ការងាររបស់ការិយាល័យច្រកចេញចូលតែមួយ ការអនុវត្តគោលការណ៍ទាំង ១០ នៃអភិបាលកិច្ចល្អ បញ្ហាយេនឌ័រនៅកម្ពុជា និងករណីសិក្សា ការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់ ការពិគ្រោះយោបល់ និងការចូលរួមរបស់សហគមន៍ ការផ្ទេរធនធាន ការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ជំនាញភាពជាអ្នកដឹកនាំ ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនៃអ្នកដឹកនាំ ការកសាង និងដឹកនាំក្រុមប្រកបដោយប្រសិទ្ធភាព និងការរៀបចំការងារប្រចាំថ្ងៃ។ល។