ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃអញ្ជើញសំណេះសំណាលជាមួយមន្ត្រីចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងលេខាធិការដ្ឋាន គ.ជ.អ.ប

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ប្រធាន​លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីចំណុះអគ្គនាយក​ដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងសាលប្រជុំក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីជាង ៦០០នាក់ ឯកឧត្តម សក់ សេដ្ឋា តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សង្ខេបអំពី សមិទ្ធផលការងារអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សមិទ្ធផលរបស់ក្រសួងមហាផ្ទៃ និងសមិទ្ធផលលេខាធិការដ្ឋាន គ.ជ.អ.ប ជាពិសេសគឺ​ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបរិបទនយោបាយក្នុងប្រទេស និងពិភពលោក។

ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា​​ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយ​​ដឹកនាំប្រទេសយ៉ាងច្បាស់លាស់ពីមួយអាណត្តិទៅមួយអាណត្តិ។ ហើយ យុទ្ធសាស្ត្រចតុកោណ​ដ៏មានមហិច្ឆតារបស់រាជរដ្ឋាភិបាលត្រូវបានដាក់ឱ្យអនុវត្តតាមអភិក្រម ដើម្បី​ធានារក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាពជា​ដៃ​គូរអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មកម្ពុជាឱ្យកាន់តែស៊ីជម្រៅ​ក្នុងពិភពលោក។

បន្ថែមលើសពីនេះ ឯកឧត្តមបានបន្តមានប្រសាសន៍ថា ដើម្បីធានាបាននូវសុខសន្តិភាព នីតិរដ្ឋ សមធម៌សង្គម និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន រាជរដ្ឋាភិបាលបានធ្វើការកំណែទម្រង់ទាំង៤​ដែលជាស្នូល​នៃ​អភិបាលកិច្ចល្អ ក្នុងនោះ រួមមាន កំណែទម្រង់ការប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ប្រព័ន្ធរដ្ឋបាលសា​ធារណៈ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍ណែនាំមន្ត្រីទាំងអស់ឱ្យបង្កើនការអានស្រាវជ្រាវពីប្រវត្តិសាស្ត្រកម្ពុជា ច្បាប់ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គោរពតួនាទីភារកិច្ច ឋានុនាក្រម ពង្រឹង​សមត្ថភាពការងារ និងត្រូវប្រយ័ត្នប្រយែងនឹងព័ត៌មានក្លែងក្លាយដែល​បង្ហោះផ្សាយតាមបណ្តាញ​សង្គម និងសារព័ត៌មានអេឡិចត្រូនិកនានា។

ឱកាសនេះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល​ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតម្លៃជួបសំណេះសំណាលជាមួយ​មន្ត្រីចំណុះ​អគ្គនាយកដ្ឋានរដ្ឋបាល​ និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់។

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់