​​ឯកឧត្តម ង៉ាន់ ចំរើន អញ្ជើញជា​​អធិបតី​​ដឹកនាំ​​កិច្ចប្រជុំលើកទី៦​​នៃ​គណៈកម្មាធិការគ្រប់គ្រង​គម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែ​​ទម្រង់វិមជ្ឈការ ​​និងរដ្ឋបាល (DAR)​​

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន​គណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ (គ.ជ.អ.ប) បានអញ្ជើ្ជញ​អធិបតីដឹកនាំ​កិច្ចប្រជុំ​​​​លើកទី៦ នៃគណៈកម្មាធិការ​​​គ្រប់គ្រង​​​គម្រោង​​​សហភាពអឺរ៉ុប​​​សម្រាប់​​គាំទ្រដល់​​កំណែទម្រង់វិមជ្ឈការ និង​​​រដ្ឋបាល (DAR) ដោយមានសមាសភាពចូលរួមពី​តំណាង​​​​ក្រសួង​មហាផ្ទៃ ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋាន គ.ជ.អ.ប តំណាង​​​អភិបាលខេត្តកណ្តាល អភិបាលខេត្តបាត់ដំបង តំណាង​​ស្ថានទូតអាល្លឺម៉ង់ តំណាង​ស្ថាន​ទូត​​​សហភាពអឺរ៉ុប និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (GIZ) សរុបចំនួនប្រមាណ ២០រូប។

នៅក្នុងឱកាសបើកកិច្ចប្រជុំលើកទី៦ដែលប្រព្រឹត្តឡើងនៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប  ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន​​លេខា​​ធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ស្វាគមន៍ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់​ដែលបានអញ្ជើញចូលរួម ដើម្បីពិនិត្យ និង​ពិភាក្សា​អំពី​សមិទ្ធផល​​​​​​​​​​​​​​នៃសូចនាកររបស់កម្មវិធី EU-DAR និងការរៀបចំផែនការអនុវត្តគម្រោងបន្ទាប់។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងអំពីរបៀវារៈនៅក្នុងកិច្ចប្រជុំរួមមាន៖

១. បទបង្ហាញ និង​​​ការពិភាក្សា​​​ស្តីពី សមិទ្ធផល​​​​នៃសូចនាករ​​​​របស់កម្មវិធី EU-DAR

២. ការពិភាក្សាស្តីពី ការរៀបចំ​​គម្រោង​​​ DAR ចាប់ពីខែឧសភា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២

៣. បទបង្ហាញខ្លីស្តីពី សូចនាករ​​​គម្រោង DAR

៤. ការពិភាក្សា​​ស្តីពី រចនាសម្ព័ន្ធ​​​​ដឹកនាំគម្រោង

៥. ការពិភាក្សាស្តីពី ការរៀបចំ​​​​កម្មវិធី​​​សម្ពោធគម្រោង DAR

៦. ការពិភាក្សាស្តីពី ការជ្រើសរើស​​​រដ្ឋបាលថ្នាក់ក្រោម​ជាតិ(ក្រុង/ស្រុក)

៧. ការកំណត់កាលបរិច្ឆេទកិច្ចប្រជុំ​​លើកទី១របស់គណៈកម្មាធិការគ្រប់គ្រងគម្រោង DAR

៨. ផ្សេងៗ។

សូមជម្រាបជូនថា គម្រោងសហភាពអឺរ៉ុបសម្រាប់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU-DAR) គឺជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR)។ វាមានគោលបំណងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងភ្នាក់ងារជំនាញនៅក្នុងស្រុក ក្រុងដៃគូ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយការ​ឆ្លើយ​តប​ ការសម្រប​សម្រួល​ និងគណនេយ្យភាព ដោយផ្តោតទៅលើការលើកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ​EU-DAR មាន​លទ្ធផល​រំពឹងទុក​សំខាន់ៗ​ចំនួន​៤​​ រួមមាន៖​ ១) ​ផ្តោតជា​​​សំខាន់​លើ​ការអនុវត្ត​ឧបករណ៍​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធានមនុស្ស ដែលជា​ប្រធានបទ​មួយ​ដ៏​សំខាន់​នៅក្នុង​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ដែល​ដឹកនាំ​អនុវត្ត​​ដោយ​​​​​ក្រសួង​មុខងារសាធារណៈ​ ២)​ ផ្តោតលើ​ការអនុវត្ត​យន្ត​ការផ្តល់​សេវាសាធារណៈ​​ ​៣) ​ផ្តោតលើ​ការអនុវត្ត​ការផ្ទេរ​មុខងារ​ជាពិសេស​ក្នុង​វិស័យ​អប់រំ​និង​សុខា​​​ភិបាល​ និង​ ​៤) ​ផ្តោតជាសំខាន់​លើ​ការអនុវត្ត​សាកល្បង​គោលនយោបាយ​នានា​ (Policy Experimentation) ចែករំលែក​បទពិសោធ​ន៍ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​​​​ជាតិ​​​​ដូចគ្នា​សម្រាប់​យកទៅអនុវត្ត​ និង​ការចែករំលែក​បទពិសោធ​ន៍ជាមួយ​ថ្នាក់ជាតិ​ ដើម្បី​​ប្រមូល​ធាតុ​ចូល​សម្រាប់​កែសម្រួល​ និង​រៀបចំ​គោលនយោបាយ​ និង​លិខិត​​​​បទដ្ឋាន​គតិយុត្ត​ថ្មីៗ​បន្ថែមទៀត​ ហើយក៏​ជា​មេរៀន​បទពិសោធ​ន៍សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពង្រីក​វិសាលភាព​អនុវត្ត​ទៅ​​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផ្សេងៗ​ទៀតផង​ដែរ​៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់