ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន​លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​​​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យពិភាក្សាលើ​សេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០១៩-២០២៣) នៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

ផែនការយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ និងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិមានគោលបំណង​​​លើកកម្ពស់សមត្ថភាព​​វិជ្ជាជីវៈ​របស់មន្ត្រីរាជការស៊ីវិល​​ដែល​កំពុង​​បម្រើការងារ​នៅទីស្តីការក្រសួង​មហាផ្ទៃ និង​​ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី​ធានាឲ្យ​ការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈ។

ដើម្បីសម្រចគោលបំណងខាងលើ ផែនការយុទ្ធសាស្ត្រនេះបានកំណត់នូវគោលដៅ​ចំនួន ៣ចំណុច​ដូចខាងក្រោម៖

១) លើកកម្ពស់គុណភាពកម្មវិធីអភិវឌ្ឍន៍សមត្ថភាព

២) ពង្រឹងគុណភាព​នៃការសិក្សាស្រាវជ្រាវ

៣) ពង្រឹងប្រសិទ្ធភាព​​​នៃយន្តការអភិវឌ្ឍន៍សមត្ថភាព។

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តមទីប្រឹក្សា លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី​ពាក់ព័ន្ធចំនួន ៣០រូប៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់